(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានទទួលគ្រឿងឥស្សរិយយសថ្នាក់មិត្តភាព ពីរដ្ឋាភិបាលរុស្ស៉ី តបចំពោះការចូលរួមចំណែក និងដើរតួយ៉ាងសំខាន់ក្នុងការរក្សាពង្រឹងពង្រីកទំនាក់ទំនងរវាងកម្ពុជា-រុស្ស៉ី។

គ្រឿងឥស្សរិយយសនេះ ត្រូវបានលោក NIKOLAI PATRUSHEV លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៉ី នាំមកជូនសម្តេចតេជោ ហ៊ុន សែន ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងារនាព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។

គ្រឿងឥស្សរិយយសថ្នាក់ «មិត្តភាព (Order of Friendship)» គឺជាគ្រឿងឥស្សរិយយសរបស់រដ្ឋ នៃសហព័ន្ធរុស្ស៉ី ដែលត្រូវបានបង្កើតឡើងដោយ លោក Boris Yeltsin អតីតប្រធានាធិបតីរុស្ស៉ី តាមរយៈក្រឹត្យលេខ ៤៤២ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ១៩៩៤ ដើម្បីផ្តល់ឱ្យជនជាតិរុស្ស៉ី ឬជនជាតិដទៃទៀត ដែលខិតខំលើកស្ទួយ ចំណងមិត្តភាព ជាមួយប្រជាជន និងប្រទេសរុស្ស៉ី៕