(ភ្នំពេញ)៖ លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានថ្លែងបញ្ជាក់ថា គិតមកត្រឹមថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ មានម្ចាស់រថយន្តអត់ពន្ធទាំងចង្កូតឆ្វេង និងស្តាំជ្រកក្រោមស្លាកលេខផ្សេងៗ ចំនួនជិត៣០០០គ្រឿងហើយ បាននាំយករថយន្តរបស់ខ្លួនមកបង់ពន្ធ (ចង្កួតឆ្វេង) និងតម្កល់ប្រាក់កក់បង់ពន្ធ (ចង្កួតស្តាំ) ដែលមានទឹកប្រាក់ពន្ធចំនួនជាង២៨លានដុល្លារអាមេរិក។

ការបញ្ជាក់របស់លោក គុណ ញឹម ធ្វើឡើងក្នុងសន្និសីទសារព័ត៌មាន ស្តីពីវឌ្ឍនភាពនៃការអនុវត្តការប្រមូលពន្ធនាំចូល លើយន្តយន្តគ្មានពន្ធ ដែលមានស្រាប់ នៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ តាមរយៈប្រព័ន្ធវីដេអូ។

លោករដ្ឋមន្ត្រី គុណ ញឹម បានបញ្ជាក់ថា «គិតតាំងពីថ្ងៃទី៩ ខែកញ្ញា ឆ្នាំ២០២១ ពេលដែលអគ្គនាយដ្ឋានគយ ជូនដំណឹងឲ្យរថយន្តគ្មានពន្ធចូលមកបង់ពន្ធ រហូតមកដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ មានម្ចាស់រថយន្តអត់ពន្ធជ្រកក្រោមស្លាកលេខផ្សេងៗ មានរថយន្តចង្កួតឆ្វេងចំនួន ១៣៥៩គ្រឿង គិតជាប្រាក់ពន្ធជាង ១៧ ៦៨៩ ១៣៤ដុល្លារ និងរថយន្តចង្កួតស្តាំចំនួន១៥០០គ្រឿង (កែចង្កួតឆ្វេងរួច២៤០គ្រឿង) គិតជាប្រាក់ពន្ធ១០ ៨៣២ ៩៣២ ដុល្លារ បានចូលមកបង់ពន្ធ និងកក់ប្រាក់ពន្ធ (រថយន្តចង្កួតស្តាំ)»។

លោករដ្ឋមន្ត្រីប្រតិភូបានបញ្ជាក់ថា នៅរយៈពេលចុងក្រោយនេះ មានរថយន្តអត់ពន្ធទាំងឆ្វេង ទាំងស្តាំ បានសម្រុកនាំយករថយន្តរបស់ខ្លួន មកបង់ពន្ធយ៉ាងច្រើន។

តាមការប៉ាន់ស្មានរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា នៅកម្ពុជាមានរថយន្តចង្កូតឆ្វេង និងចង្កូតស្តាំ ដែលជ្រកក្រោមផ្លាកលេខផ្សេងៗ ដូចជាផ្លាកលេខ ខ.ម ផ្លាកលេខរដ្ឋ ផ្លាកលេខ ន.ប និងប្រភេទផ្លាកលេខស៊ីវិល ទាំងរថយន្តទេសចរណ៍ រថយន្តដឹកទំនិញ រថយន្តដឹកដីអត់ពន្ធ មានប្រមាណជិតមួយម៉ឺនគ្រឿង។

ជាមួយគ្នានេះ លោក គុណ ញឹម បានអំពាវនាវជាថ្មី ឱ្យម្ចាស់រថយន្តចង្កូតឆ្វេង ដែលជ្រកក្រោមផ្លាកលេខផ្សេងៗគ្មានពន្ធ បំពេញកាតព្វកិច្ចពន្ធ ឱ្យបានយ៉ាងយូរថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២១ ដើម្បីទទួលបានការអនុគ្រោះបន្ធូរបន្ថយពន្ធ និងអាករចំនួន ១០%។ ចំណែករថយន្តចង្កូតស្តាំ ត្រូវមកប្រកាសបង់ពន្ធ និងកែចង្កូតពីស្តាំមកឆ្វេង ឱ្យបានរួចរាល់យ៉ាងយូរត្រឹមថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២៕