(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញការចង់ឃើញមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរវាងកម្ពុជា និងរុស្ស៉ី ដើម្បីពង្រីកការធ្វើពាណិជ្ជកម្ម និងវិនិយោគរវាងប្រទេសទាំងពីរ។

បំណងរបស់សម្តេចតេជោ ហ៊ុន សែន បានលើកឡើងក្នុងពេលសម្តេចអនុញ្ញាតឱ្យលោក NIKOLAI PATRUSHEV លេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខសហព័ន្ធរុស្ស៉ី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅព្រឹកថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។

បើតាមលោក អ៊ាង សុផល្លែត ជំនួយការសម្តេចតេជោ ហ៊ុន សែន បានអះអាងថា សម្រាប់ការធ្វើពាណិជ្ជកម្មសេរីនេះ សម្តេចតេជោ ហ៊ុន សែន ក៏ចង់ឱ្យមានក្នុងក្របខណ្ឌពហុភាគីផងដែរ។ ក្រៅតែពីការចង់ឱ្យមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីហើយនោះ សម្តេចតេជោ ហ៊ុន សែន ក៏ចង់ឱ្យរុស្ស៉ី សិក្សាលទ្ធភាពផ្ទេរសម្ភារៈបំពាក់រោងជាងជួសជុលគ្រឿងចក្រ និងសម្ភារៈផ្សេងៗនៅកម្ពុជាផងដែរ។

នៅក្នុងជំនួបនាព្រឹកមិញនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជននៃអតីតសហភាពសូវៀត និងសហព័ន្ធរុស្ស៉ី ចំពោះការគាំទ្រ និងជំនួយដ៏មានតម្លៃជាច្រើន ដែលបានផ្ដល់ជូនប្រជាជន និងរាជរដ្ឋាភិបាលកម្ពុជាក្នុងគ្រាដ៏លំបាកកាលពីអតីតកាល។

សូមបញ្ជាក់ថា នៅក្នុងជំនួបជាមួយសម្តេចតេជោ ហ៊ុន សែន ក្នុងដំណើរទស្សនកិច្ចនៅកម្ពុជារយៈពេល៣ថ្ងៃនេះ លោក NIKOLAI PATRUSHEV បាននាំនូវការផ្ដាំផ្ញើសួរសុខទុក្ខពីលោកប្រធានាធិបតី វ្លាឌឹមា ពូទីន គោរពជូនសម្ដេចតេជោ ហ៊ុន សែន ហើយក៏បាននាំមកជាមួយនូវគ្រឿងឥស្សរយសថ្នាក់មិត្តភាពជូនសម្ដេចតេជោ សម្រាប់ចូលរួមចំណែក និងដើរតួយ៉ាងសំខាន់ក្នុងការរក្សាពង្រឹងពង្រីកទំនាក់ទំនងរវាងប្រទេសទាំងពីរកម្ពុជា-រុស្ស៉ី។

លោកលេខាធិការ នៃក្រុមប្រឹក្សាសន្តិសុខ នៃសហព័ន្ធរុស្ស៉ី បានគោរពរាយការណ៍ជូនសម្ដេចតេជោ អំពីវឌ្ឍនភាព និងគោរពវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរលើវិស័យនយោបាយ វិស័យការពារជាតិ សង្គមកិច្ច អប់រំ សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិយោគ ព័ត៌មានវិទ្យា ថាមពល បច្ចេកវិទ្យា សន្តិសុខ ការផ្លាស់ប្ដូរព័ត៌មាន និងវិស័យដទៃទៀតផងដែរ។ លោក ក៏បានគោរពជម្រាបជូនសម្ដេចតេជោថា លោកនឹងសហការធ្វើយ៉ាណាពង្រីកកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ ឱ្យកាន់តែរីកធំធាត់ឡើងថែមទៀត៕