(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា បានបង្ហាញមហិច្ឆតាដ៏មហិមាមួយចង់ដោះស្រាយជម្លោះដែនសមុទ្រដ៏រ៉ាំរ៉ៃរវាងចិន និងប្រទេសសមាជិកអាស៊ាន នៅពេលកម្ពុជាធ្វើជាប្រធានអាស៊ាននាឆ្នាំ២០២២ខាងមុខនេះ។ ដើម្បីអាចសម្រចបានលទ្ធផលល្អប្រសើរនៃកិច្ចចរចានេះ សម្តេចតេជោ ប្រកាសបើកបេះដូងណាត់មេដឹកនាំចិន និងប្រទេសមានជម្លោះ មកចរចាគ្នានៅសណ្ឋាគារផ្កាយ៥ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដោយកម្ពុជាជាអ្នកចេញថ្លៃហូបចុក និងការស្នាក់នៅថែមទៀតផង។

វិវាទដែនសមុទ្ររវាងចិន និងប្រទេសសមាជិកអាស៊ានចំនួន៤រួមមាន៖ ហ្វីលីពិន វៀតណាម ឥណ្ឌូនេស៊ី និងម៉ាឡេស៊ី គឺជាវិវាទដ៏រ៉ាំរ៉ៃ និងកំពុងក្លាយទៅជាប្រធានបទនៃការប្រជែងឥទ្ធិពលភូមិសាស្ត្រនយោបាយរវាងចិន និងអាមេរិកថែមទៀតផង។ វិវាទនេះនៅតែអូសបន្លាយរហូតមកដល់ពេលបច្ចុប្បន្ន មិនទាន់រកនូវដំណោះស្រាយល្អប្រសើរណាមួយនៅឡើយទេ។

ក្នុងឱកាសអញ្ជើញសម្ពោធដាក់ឱ្យដំណើរការសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដែលជាសណ្ឋាគារទិញស្លាកយីហោមកពីអាមេរិក នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ សម្តេចតេជោ ហ៊ុន សែន បានប្រលយសារទៅកាន់មេដឹកនាំចិន និងប្រទេសមានជម្លោះជាសមាជិកអាស៊ាន ដោយបានបង្ហាញនូវមហិច្ឆតាចង់ជួយសម្របសម្រួល និងដោះស្រាយវិវាទនេះ ឱ្យទទួលបានលទ្ធផលជាផ្លែផ្កានៅពេលកម្ពុជា ធ្វើជាប្រធានអាស៊ាននៅឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានប្រកាសបង្ហាញនូវការប្តេជ្ញាចិត្ត និងបំណងចង់ដោះស្រាយបញ្ហាសមុទ្ររវាងចិន និងប្រទេសសមាជិកអាស៊ានយ៉ាងដូច្នេះ «ខ្ញុំនឹងខិតខំរួមជាមួយសមាជិកដទៃទៀត របស់អាស៊ាន ដើម្បីចរចាជាមួយចិន។ ក្នុងពេលប្រជុំអាស៊ាន-ចិន នាយករដ្ឋមន្ត្រីចិន លី ខឺឈាង ក៏បានសន្យារួចហើយថា នឹងខិតខំជំរុញការចរចានេះ។ ពេលដែលយើងធ្វើខួបអនុស្សាវរីយ៍នៃភាពជាដៃគូអាស៊ានចិន ប្រធានាធិបតីចិន ស៊ី ជិនពីង ក៏បានអះអាងអំពីការខិតខំប្រឹងប្រែង ដើម្បីសម្រេច។ បើដូច្នេះយើងជាអាស៊ាន យើងត្រូវខិតខំរួមជាមួយចិន ដើម្បីពន្លឿនការចរចា»

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន មេដឹកនាំដែលគេល្បីល្បាញថា ជាអ្នកពូកែ និងសម្បូរយុទ្ធសាស្ត្រលើការចរចានោះ បានផ្តល់ជាយោបល់ទៀតថា កិច្ចចរចាលើបញ្ហាសមុទ្រចិន និងប្រទេសសមាជិកអាស៊ាន អាចសម្រេចបានលទ្ធផលល្អប្រសើរ គួរណាត់ជួបចរចាគ្នាក្នុងរយៈពេលមួយវែង មិនគួរជួបត្រឹមរយៈពេលខ្លីនោះឡើយ។

សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់យ៉ាងដូច្នេះ «តាមយោបល់ខ្ញុំ គួរវេចបាយស៊ីចរចាហ្មង។ អាចថា អាស៊ានទៅប្រទេសចិន កន្លះខែអ៊ីចឹង វេចបាយស៊ីហ្មង កុំជួបគ្នាម្តង៣ម៉ោង រួចហើយបែកគ្នា៥ខែ។ បើថាគ្មានកន្លែងទេ កម្ពុជា សុំយកសណ្ឋាគារហៃយ៉ាត់ ធ្វើកន្លែងចរចាហ្មង ឱ្យដេកសណ្ឋាគារផ្កាយ៥ ហើយកម្ពុជាប៉ាវតែម្តង។ ក្រ តែថ្លើមធំណាស់ ដើម្បីជួយដោះស្រាយមិត្តភក្តិ ហើយកុំឱ្យបញ្ហាសមុទ្រចិនខាងត្បូង ក្លាយទៅជាដុំថ្មក្តៅ ឱ្យទៅជាដំឡូងក្តៅល្អជាង»

ក្នុងសារជាសាធារណៈដែលជាការបញ្ជូនទៅកាន់មេដឹកនាំចិន និងប្រទេសសមាជិកអាស៊ាន ដែលមានជម្លោះជាមួយ ក៏ដូចជាក្រុមអ្នកវិភាគផងដែរនោះ សម្តេចតេជោ ហ៊ុន សែន បានប្រកាសព្រមានជាមុនសូមប្រទេសមានវិវាទ កុំបោះដុំថ្មក្តៅមកសម្តេចដូចពេលកម្ពុជាធ្វើប្រធានអាស៊ានឆ្នាំ២០១២។ តែសម្តេចចង់ទទួលដំឡូងក្តៅជំនួសវិញ ព្រោះដំឡូងក្តៅ វាក្តៅតែមួយភ្លែត តែបន្តិចទៅអាចទទួលទានបាន។

បើទោះបីជាយ៉ាងណាសម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា នឹងមិនមានការវាយប្រហារណាមួយមកលើកម្ពុជា បើមិនមានលទ្ធផលល្អប្រសើរណាមួយ សម្រាប់ការដោះស្រាយវិវាទដែនសមុទ្ររវាងចិន និងប្រទេសសមាជិកអាស៊ាននេះ។ សម្តេចតេជោ បានបញ្ជាក់យ៉ាងដូច្នេះ «ខ្ញុំសង្ឃឹមថា ការពន្យល់របស់ខ្ញុំនេះ វាជាការពន្យល់មួយមិនមែនការពារខ្លាចគេវាយប្រហារពេលខ្លួនធ្វើប្រធានអាស៊ានដោះស្រាយបញ្ហា COC មិនចេញទេ ប៉ុន្តែអាហ្នឹងត្រូវនិយាយគ្នាឱ្យច្បាស់មុនដែរ។ បើចេញវាល្អ តែបើមិនចេញទេសូមកុំបន្ទោស»

ពាក់ព័ន្ធនឹងវិវាទដែនសមុទ្ររវាងចិន និងប្រទេសសមាជិកអាស៊ាននេះ សម្តេចតេជោ ហ៊ុន សែន ក៏បានគូសបញ្ជាក់ដែរថា អាស៊ាន ក៏ដូចជាអង្គការសហប្រជាជាតិ មិនអាចមានសិទ្ធិទៅវាស់វែងបែងចែកដែនសមុទ្ររវាងចិន និងប្រទេសមានវិវាទនោះឡើយ៕