(ភ្នំពេញ)៖ ក្រោយពីធ្វើការសម្រិតសម្រាំង អស់រយៈពេលប្រមាណជាង៤ខែ ទីបំផុតកម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល បានស្វែងរកឃើញម្ចាស់ជ័យលាភីលេខ១ ជើងឯករងលេខ២ និងលេខ៣ហើយ។

កម្មវិធីពន្លឿនអាជីវកម្មនេះដែរ គឺត្រូវបានប្រកាសបើកទទួលពាក្យកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ២០២១ ដើម្បីជួយជ្រោមជ្រែងបណ្ដុះធុរកិច្ចថ្មី ដែលអាចផ្តល់ជា ដំណោះស្រាយថ្នាលបច្ចេកវិទ្យាឌីជីថល សម្រាប់សម្រួលដល់ប្រតិបត្តិការអាជីវកម្មរបស់សហគ្រាស ធុនតូច និងមធ្យម (SMEs) ឲ្យស្របទៅនឹងបរិបទ និងការវិវឌ្ឍនៃសេដ្ឋកិច្ច និងសង្គមឌីជីថលក្នុងប្រទេសកម្ពុជា។

នាពីថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាពលោកបណ្ឌិត គង់ ម៉ារី អនុរដ្ឋលេខាធិការ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាប្រធានក្រុមប្រឹក្សាភិបាល នៃមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» បេក្ខជនទាំង៨ក្រុមបានធ្វើបទបង្ហាញអំពីគំនិតអាជីវកម្មរបស់ខ្លួនទៅកាន់គណៈកម្មការ ដើម្បីធ្វើការវិនិច្ឆ័យដាក់ពិន្ទុនៅក្នុង «ថ្ងៃដាក់បង្ហាញ» ដែលជាវគ្គផ្តាច់ព្រ័ត្រនៃកម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល ដោយមានការផ្សាយបន្តផ្ទាល់ តាមរយៈគេហទំព័រហ្វេសប៊ុក របស់មជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ» (www.facebook.com/Techo.Startup.Center) ផងដែរ។

គណៈកម្មការទាំង៤រូបរួមមាន លោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ, លោក ឈួន វឌ្ឍនភក្ដី នាយកគ្រប់គ្រងអាជីវកម្មខ្នាតធំ នៃធនាគារ វីង (ខេមបូឌា), លោកស្រី លឹម លីដា សហស្ថាបនិកស៊ី អ៊ីនវេសមិន (SHE Investments) និងកញ្ញា ដែក ដារី នាយកប្រតិបត្តិ ក្រុមហ៊ុន 360 Events។

ក្រោយពីស្តាប់បទបង្ហាញរបស់ក្រុមទាំង៨ហើយ គណៈកម្មការបានធ្វើការវិនិច្ឆ័យប្រកបដោយអព្យាក្រឹតភាព និងសម្រេចប្រគល់ជ័យលាភីលេខ១ ព្រមជាមួយនឹងប្រាក់រង្វាន់ ៤០លានរៀលជូនដល់ ក្រុម Delightech ជាធុរកិច្ចថ្មី បានបង្កើតកម្មវិធីទូរស័ព្ទ LuyLeun app ដែលជាថ្នាលបច្ចេកវិទ្យាឌីជីថលមួយ សម្រាប់អតិថិជន ដែលមានការលំបាកក្នុងការទទួលបានសេវាកម្ចីពីវិស័យធនាគារ ឬមីក្រូហិរញ្ញវត្ថុ អាចដាក់ស្នើសុំកម្ចីដំបូងរបស់ខ្លួន ដែលមានទំហំតូច ចាប់ពី៥០ដុល្លារ រហូតដល់ ១០០០ដុល្លារ។

ជើងឯករងលេខ២ ព្រមជាមួយនឹងប្រាក់រង្វាន់ ៣០លានរៀលជូនដល់ ក្រុម Homeapp Asia ដែលជាធុរកិច្ចថ្មីផ្តល់នូវទីផ្សារអនឡាញ (online marketplace) ដែលអនុញ្ញាតឲ្យអតិថិជន អាចស្វែងរក និងទិញគ្រឿងសំណង់ ក៏ដូចជាស្នើសុំសម្រង់តម្លៃពីគម្រោងសាងសង់របស់ខ្លួន ដោយថ្នាលបច្ចេកវិទ្យាឌីជីថលមួយនេះ បានសហការជាមួយដៃគូផ្គត់ផ្គង់គ្រឿងសំណង់ អ្នកម៉ៅការសាងសង់ និងអ្នកជំនាញជាច្រើន, ដូច្នេះអតិថិជនអាចភ្ជាប់ទំនាក់ទំនងជាមួយពួកគេយ៉ាងងាយស្រួលក្នុង ២៤/៧។

និងជើងឯករងលេខ៣ ព្រមជាមួយនឹងប្រាក់រង្វាន់ ២០លានរៀលជូនដល់ ក្រុម Coin Cloud ជាធុរកិច្ចថ្មី ដែលផ្ដល់នូវសេវាកម្មទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ ក្លោដ (cloud infrastructure) ដល់អាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមក្នុងប្រទេសកម្ពុជា ការពារនិងកាត់បន្ថយហានិភ័យដែលអាចបណ្ដាលឲ្យគេហទំព័រ ឬកម្មវិធី app របស់ពួកគាត់គាំងឬមិនអាចដំណើរការបានរលូនដែលអាចប៉ះពាល់ដល់់អ្នកប្រើប្រាស់របស់ពួកគេ។

ទោះបីជាបេក្ខជនចំនួន៥ក្រុមផ្សេងទៀត មិនបានទទួលជ័យលាភីក៏ដោយ ក៏ការចូលរួមរបស់ពួកគេបានបង្ហាញពីសមត្ថភាពរបស់ក្រុម ក្នុងការដោះស្រាយចំណោទ បញ្ហាផ្សេងៗដែលកំពុងប្រឈមដល់ដំណើរការអាជីវកម្មរបស់សហគ្រាសធុនតូច និងមធ្យមផងដែរ។ កត្តានេះ បានជំរុញឲ្យមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» និងដៃគូពាក់ព័ន្ធ គ្រោងរៀបចំបង្កើតកម្មវិធីគាំទ្រដល់ធុរកិច្ចថ្មី ស្រដៀងគ្នានេះ ក្នុងឆ្នាំថ្មី ២០២២ខាងមុខនេះ ដើម្បីជំរុញដល់ការអភិវឌ្ឍ នៃធុរកិច្ចថ្មី នៅក្នុងប្រទេសកម្ពុជា ឲ្យសមស្របទៅនឹងសេដ្ឋកិច្ច និងសង្គមឌីជីថល។

កម្មវិធីពន្លឿនអាជីវកម្មសហគ្រាសធុនតូច និងមធ្យមឌីជីថល ត្រូវបានរៀបចំដោយ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី “តេជោ”, និងសហការរៀបចំកម្មវិធីដោយ សហគ្រិនខ្មែរ, អង្គការសហប្រជាជាតិដើម្បីការអភិវឌ្ឍន៍ឧស្សាហកម្ម (UNIDO) និង ទីភ្នាកងារស្វីសសម្រាប់ការអភិវឌ្ឍ និងសហប្រតិបត្តិការ។ អ្នកឧបត្ថម្ភកម្មវិធីនេះរួមមាន៖ ធនាគារពាណិជ្ជកម្មក្រៅប្រទេសនៃកម្ពុជា (FTB) និងធនាគារ វីង (ខេមបូឌា) ម.ក។

អ្នកសហការឧបត្ថម្ភកម្មវិធីរួមមាន៖ ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank of Cambodia)។ អ្នកគាំទ្រមិនមែនថវិកាក្នុងកម្មវិធីនេះរួមមាន៖ ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, បណ្ឌិត្យសភាបច្ចេកវិទ្យា ឌីជីថលកម្ពុជា (CADT), ក្រុមហ៊ុន Amazon Web Services (AWS), ក្រុមហ៊ុន បញ្ជី ហ្វាញថេក ឯ.ក (BanhJi Fintech), សម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា (FASMEC), ក្រុមហ៊ុន អាយជីធិកគ្រុប (អាយជីធិក), សមាគមសហព័ន្ធហិរញ្ញវត្ថុ និងបច្ចេកវិទ្យាកម្ពុជា (CAFT) និងធនាគារវឌ្ឍនៈ អាស៊ី ចំកាត់ (ABA)៕