(ភ្នំពេញ)៖ រដ្ឋាភិបាលជប៉ុន បានសម្រេចផ្តល់ជំនួយទឹកប្រាក់សរុបចំនួន ១.៥០០ លានយ៉េន (ប្រមាណ ១៣,៩ លានដុល្លារអាមេរិក) បន្ថែមទៀត ដល់រាជរដ្ឋាភិបាលកម្ពុជា សម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត (Mobile Harbor Crane) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ។

តាមការប្រកាសរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ដែលបណ្តាញព័ត៌មានទទួលបាន បញ្ជាក់ឱ្យដឹងថា ពិធីចុះហត្ថលេខាលើលិខិតប្ដូរសារ និងឯកសារពាក់ព័ន្ធ ស្ដីពីការផ្ដល់ហិរញ្ញប្បទានឥតសំណងរបស់ជប៉ុន ដែលមានទឹកប្រាក់សរុបចំនួន ១.៥០០លានយ៉េន (ប្រមាណ១៣,៩លានដុល្លារអាមេរិក)នេះ នឹងធ្វើឡើងដោយឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងលោក មិកាមិ ម៉ាសាហ៊ីរ៉ូ (MIKAMI Masahiro) ឯកអគ្គរាជទូត ជប៉ុន ប្រចាំនៅកម្ពុជា នៅថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២១ នៅទីស្ដីការក្រសួង។

ជំនួយឥតសំណងនេះ ធ្វើឡើក្រោមកម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច និងសង្គម សម្រាប់អនុវត្តគម្រោងបំពាក់គ្រឿងចក្រលើកដាក់គែមផែចល័ត (Mobile Harbor Crane) នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ។

ក្រសួងការបរទេស បានឱ្យដឹងទៀតថា ហិរញ្ញប្បទានឥតសំណង ដែលផ្ដល់ដោយរដ្ឋាភិបាលជប៉ុននេះ នឹងចូលរួមចំណែកយ៉ាងសំខាន់ដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការពន្លឿនការអភិវឌ្ឍសេដ្ឋកិច្ច និងសង្គមកម្ពុជា ព្រមទាំងពង្រឹងបន្ថែមទៀតនូវកិច្ចសហប្រតិបត្តិការល្អដែលមានស្រាប់ និងចំណងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ៕