(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានបញ្ជាក់ថា សម្តេចទើបនឹងអនុម័តឱ្យចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដូសទី៣ ឬដូសជំរុញដល់កុមារ និងយុវវ័យអាយុចាប់ពី១២ឆ្នាំ ទៅ១៨ឆ្នាំ ដោយចាប់ផ្តើមយុទ្ធនាការចាក់នៅខែមករា ឆ្នាំ២០២២ និងអនុវត្តតាមវិធីសាស្ត្រផ្ការីក ដូចចាក់មនុស្សចាស់ពីរាជធានីភ្នំពេញ និងខេត្តកណ្តាល។

ការប្រកាសបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងក្នុងឱកាសសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» តម្លៃ១៨០លានដុល្លារ ស្ថិតកណ្តាលរាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។

នាយករដ្ឋមន្ត្រីនៃកម្ពុជា បានប្រកាសយ៉ាងដូច្នេះថា៖ «អញ្ចឹងគ្រាន់តែរបៀបចាត់ចែង គឹហៅថាសិល្បៈដឹកនាំនៃការចាក់វ៉ាក់សាំងនេះក៏ត្រូវមានវិធីរបស់វា ខ្ញុំទើបនឹងអនុម័តពីម្សិលមិញ ឱ្យចាក់វ៉ាក់សាំងដូសទី៣ សម្រាប់កុមារ និងយុវវ័យចាប់ពីអាយុ១២ឆ្នាំ ទៅអាយុ១៨ឆ្នាំ ខែមករានេះ ត្រូវចាប់ផ្តើមចាក់ហើយអនុវត្តតាមវិធីសាស្ត្រផ្ការីក ដូចមនុស្សចាស់ដែល មនុស្សចាស់រហូតមកដល់ពេលនេះចាក់បាន ៣លាននាក់ទៅហើយ រួចចាប់ផ្តើមចាក់ចេញពីភ្នំពេញដដែល ហើយកម្រិត៤ ទៅ៦ខែ»

អញ្ចឹងគឺគណៈកម្មការ គណៈអចិន្ត្រៃយ៍ គណៈប្រចាំការនៃគណៈកម្មការជាតិប្រយុទ្ធប្រយុទ្ធប្រឆាំងជាមួយជំងឺកូវីដ បានស្នើសុំខ្ញុំអនុម័តឱ្យចាក់ គឺចំនួនកុមារប្រមាណជាង២លាននាក់ ប៉ុណ្ណឹងទេ នៅទូទាំងប្រទេស ប៉ុន្តែ សម្រាប់ទីក្រុងភ្នំពេញមួយ និងខេត្តកណ្តាលមានកុមារមិនច្រើនទេ ប្រហែលមានតែជាង២៣ម៉ឺននាក់ទេ ហើយក៏មិនចាំបាច់ប្រើកម្លាំងពេទ្យធំទេ ដើម្បីបង្កើតភាពសាំនៅក្នុងសហគមន៍មួយយើងបើកសាលារៀនកន្លងទៅអត់ទាន់ឃើញមានបញ្ហាទេ»។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន បានគូសបញ្ជាក់ថា វត្តមានវ៉ាក់សាំងកូវីដ១៩ ដែលរាជរដ្ឋាភិបាលបានខិតខំប្រឹងប្រែងស្វែងកដើម្បីចាក់ជូនប្រជាជន គឺបានទប់ស្កាត់ការស្លាប់គរជើងគ្នាដែលបង្កឡើងដោយជំងឺកូវីដ១៩ ខណៈបណ្តាប្រទេសមួយចំនួនមានប្រជាជនបានស្លាប់បាត់បង់ជីវិតដោយសារតែជំងឺកូវីដ១៩នេះ។

«ហើយសង្ឃឹមថា ប្រជាពលរដ្ឋរបស់យើងនឹងយោគយល់ ហើយអ្វីដែលខ្ញុំសប្បាយចិត្តជាងគេ គឺភាពក្លាហានរបស់កុមារ និងយុវវ័យ ដែលពួកគេបានសម្រុកទៅចាក់វ៉ាក់សាំងដោយគ្មានការភ័យខ្លាច ហើយក្លាហានមានរបៀបរៀបរយ ដែលគួរឱ្យសសើរ គួរឱ្យគោរព»។ នេះជាការបញ្ជាក់បន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានបញ្ជាក់ថា ភាពក្លាហានរបស់កុមារ និងយុវវ័យដែលនាំគ្នាទៅចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩នេះ ក៏ព្រោះតែពួកគេបានមើលឃើញជីដូន ជីតា ឪពុក ម្តាយ បងៗរបស់ខ្លួនសម្រុកទៅចាក់វ៉ាក់សាំងដោយភាពរីករាយ ដូច្នេះ កុមារ និងយុវវ័យទាំងនេះ គឺមានភាពក្លាហាន និងមានទំនុកចិត្តកាន់តែខ្លាំងថែមទៀតលើការចាក់ចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីបង្កើតភាពសាំនៅរាងកាយរបស់ពួកគេជាដើម។

សូមជម្រាបថា គិតត្រឹមយប់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ ក្រសួងសុខាភិបាល និងក្រសួងការពារជាតិ បានចាក់វ៉ាក់សាំងការពារកូវីដ១៩ ជូនមន្រ្តីរាជការ ប្រជាពលរដ្ឋ និងកងកម្លាំងប្រដាប់អាវុធ នៅទូទាំងប្រទេសសរុបចំនួន ១៤,២១២,១៩៨នាក់។ ក្នុងរួមមាន៖

១៖ ចាប់ពីអាយុ១៨ឆ្នាំឡើង ១០,១២៣,៩៧៤នាក់
២៖ ចាប់ពីអាយុ១២ដល់១៨ឆ្នាំ ១,៨០៧,៩១៣នាក់
៣៖ ចាប់ពីអាយុ០៦ដល់១២ឆ្នាំ ១,៩៩០,៣១៣នាក់
៤៖ អាយុ៥ឆ្នាំ ២៨៩,៩៩៨នាក់៕