(កែប)៖ លោក សោម ពិសិដ្ឋ អភិបាលខេត្តកែបនៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ បានអនុវត្តនីតិវិធីក្តៅដោយចាត់តាំងឱ្យលោក អ៊ឹង វុទ្ធី នាយករដ្ឋបាលសាលាខេត្ត ដឹកនាំបញ្ជាផ្ទាល់កងកម្លាំង ស្ថាប័នជំនាញ និងអាជ្ញាធរពាក់ព័ន្ធ គ្រប់លំដាប់ថ្នាក់ ក្រោមការសម្របសម្រួលនីតិវិធីពីលោក ខាន់ សុផល ព្រះរាជអាជ្ញាអមសាលាដំបូងខេត្ត ដោយប្រើគ្រឿងចក្រ រុះរើរបងដោយបើកផ្លូវឱ្យធំទូលាយ និងកម្ទេចខឿនថ្មប្រវែងជិត២០ម៉ែត្រនោះ ឱ្យដូចដើមវិញ ដែលម្ចាស់ដីក្បែរទីតាំង បានសាងសង់លើដីចំណីសមុទ្រព្រែកអង្កោល ដោយគ្មានការអនុញ្ញាត ស្ថិតនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ។

ពាក់ព័ន្ធជុំវិញប្រតិបត្តិការ ចុះអនុវត្តនីតិវិធីខាងលើនេះ លោក សោម ពិសិដ្ឋ បានប្រាប់ភ្នាក់ងារព័ត៌មាន Fresh News ថា «ថ្មីៗនេះរដ្ឋបាលខេត្ត បានទទួលព័ត៌មានថាមានប្រជាពលរដ្ឋមួយគ្រួសារ បានទិញដីពីប្រជានេសាទកំពុងកាន់កាប់ និងអាស្រ័យផលនៅភូមិអង្កោល ឃុំអង្កោល ស្រុកដំណាក់ចង្អើរ ដោយបានធ្វើរបងទុកផ្លូវរួមតូចចង្អៀត និងបានបិទផ្លូវចុះទៅឆ្នេរសមុទ្រថែមទៀតផង។ ភ្លាមៗនោះ ក្រុមការងារបច្ចេកទេស និងគ្រប់ផ្នែកពាក់ព័ន្ធ បានចុះពិនិត្យឃើញថា ពិតជាមានការធ្វើបែបនេះប្រាកដមែន។ ដូច្នេះហើយទើបនៅរសៀលថ្ងៃទី១៤ ខែធ្នូ កម្លាំងរបស់គណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត ចុះរុះរើរបងដោយបើកផ្លូវឱ្យធំទូលាយ និងកម្ទេចខឿនថ្មប្រវែងជិត២០ម៉ែត្រនោះឱ្យដូចដើមវិញ»

លោក សោម ពិសិដ្ឋ បន្តថា តាមពិតទីតាំងនោះកាលពីមុនជាកន្លែងប្រមូលផ្តុំដោយគំនរសំរាមមានសភាពស្អុយ។ ជាមួយនឹងដំណោះស្រាយនេះ លោកថា ធ្វើឱ្យប្រជាពលរដ្ឋផ្សេងទៀតមានការអបអរសាទរ និងសប្បាយរីករាយព្រោះតែទទួលបានផ្លូវចេញចូល ទៅមកឆ្នេរសមុទ្រស្អាត ហើយធំទូលាយដូចកាលពីមុន។

ទោះជាមានការបញ្ជាក់បែបនេះក្តី ក្រោយប្រតិបត្តិការរុះរើ និងកម្ទេចខឿនថ្មរួចរាល់ ប្រជាពលរដ្ឋរស់នៅជុំវិញទីតាំងនោះ បានអះអាងថា ពួកគាត់បានរស់នៅទីនោះ តាំងពីឆ្នាំ១៩៧៩ តាមពិតអ្នកដែលបម្រុងធ្វើផ្លូវថ្មីឱ្យប្រជាពលរដ្ឋ ប្រើប្រាស់នោះ បានបិទផ្លូវចាស់ ដែលធំទូលាយមួយខ្សែរួចទៅហើយ។ បន្ទាប់មកគេមានបំណង វាតទីយកផ្លូវថ្មីតូចចង្អៀតដែលរដ្ឋបាលខេត្ត បានចុះមករុះរើរបងស័ង្កសីនោះ។

ប្រជាពលរដ្ឋ និងអាជីវករបានសំណូមពរថា បើថ្នាក់ដឹកនាំពិតជាគិតពីប្រយោជន៍ប្រជាពលរដ្ឋ សូមឱ្យម្ចាស់ដីប្រគល់ផ្លូវចាស់ដែលធ្វើរបងហ៊ុមព័ទ្ធដ៏ខ្ពស់នោះមកវិញ។ ព្រោះជាផ្លូវត្រង់ដែលភ្ញៀវទេសចរ អាចមើលឃើញសមុទ្រ ពេលធ្វើដំណើរមកកាន់ទីនេះ។ ក្រោយពេលធ្វើរបងដ៏ស្កឹមស្កៃបិទផ្លូវចាស់ ភ្ញៀវដែលធ្លាប់មកលេងកាលពីមុន រកផ្លូវចូលឆ្នេរអង្កោរមិនឃើញ ហើយក៏ត្រឡប់ចេញវិញធ្វើឲ្យការលក់ដូររបស់ពួកគេ មិនដាច់ដូចមុននោះឡើយ៕