(ភ្នំពេញ)៖ នគរបាលអន្តោប្រវេសន៍រាជធានីភ្នំពេញ សហការជាមួយនគរបាលខណ្ឌមានជ័យ បានចុះប្រតិបត្តិការឃាត់ខ្លួន បុរសជនជាតិនីហ្សេរីយ៉ា២នាក់ និងស្រ្តីជនជាតិវៀតណាមម្នាក់ ត្រង់ចំនុចផ្ទះសំណាក់មួយ ស្ថិតក្នុងភូមិចំរើនផល សង្កាត់បឹងទំពន់ ខណ្ឌមានជ័យ នារសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ ដោយសង្ស័យថាពួកគេរស់នៅគ្មានច្បាប់។
យោងតាមភ្នាក់ងារ Fresh News បានឱ្យដឹងថា ជនជាតិនីហ្សេរីយ៉ា២នាក់នោះម្នាក់មានលិខិតឆ្លងដែននៅមានសុពលភាព និងម្នាក់ទៀតអស់សុពលភាព ស្នាក់នៅក្នុងបន្ទប់មួយរួមគ្នា។ ចំណែកស្រ្តីជនជាតិវៀតណាមវិញ គ្មានលិខិតឆ្លងដែនទេ ស្នាក់ក្នុងបន្ទប់មួយផ្សេងទៀត។
ក្រោយពីធ្វើការឃាត់ខ្លួនហើយ នគរបាលអន្តោប្រវេសន៍ បានបញ្ជូនជនបរទេសទាំង៣នាក់ខាងលើ ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីរង់ចាំចាត់ចែងតាមនីតិវិធីច្បាប់បន្តទៀត៕