(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានលើកទឹកចិត្តប្រជាពលរដ្ឋខ្មែរដែលមានធនធាន ជាពិសេសគូស្វាមីដែលទើបរៀបអាពាហ៍ពិពាហ៍ថ្មីថ្មោង មកស្នាក់នៅ ឬក្រេបទឹកឃ្មុំនៅ សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដែលជាសណ្ឋាគារលំដាប់ផ្កាយ៥ ដ៏សែនប្រណិត ដំបូងគេនៅក្នុងរាជធានីភ្នំពេញ។

រាជធានីភ្នំពេញ គឺជាទីក្រុងមួយដ៏ស្ងប់ស្ងាត់ និងឯកោបំផុតនៅក្រោយពេលរំដោះចេញពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នាថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩។ ក្រោមកិច្ចប្រឹងប្រែងដ៏ខ្លាំងក្លារបស់សម្តេចតេជោ ហ៊ុន សែន និងឥស្សរជនជាអ្នកដឹកនាំដទៃទៀតមកពីគណបក្សប្រជាជនកម្ពុជា បានប្រឹងប្រែងស្វែងរកសុខសន្តិភាព និងកសាងប្រទេសឱ្យចម្រើនលូតលាស់ជាបន្តបន្ទាប់។

ការលើកទឹកចិត្តបែបនេះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឡើងនៅឱកាសដែលសម្តេចបានអញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ដែលទិញម៉ាកយីហោមកពីអាមេរិក តម្លៃ១៨០លានដុល្លារ ស្ថិតកណ្តាលរាជធានីភ្នំពេញ របស់ក្រុមហ៊ុន ជីប ម៉ុង នៅព្រឹកថ្ងៃពុធ ទី១៥ ខែធ្នូ ឆ្នាំ២០២១នេះ។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានលើកទឹកចិត្តយ៉ាងដូច្នេះថា៖ «ខ្ញុំនិយាយនៅខេត្តព្រះសីហនុ សូម្បីតែសណ្ឋាគារនេះ កុំចាំបាច់តែភ្ញៀវមកពីបរទេស ខ្មែរយើងមានលុយដេកសណ្ឋាគារផ្កាយ៥ហ្នឹងទៅ មើលចង់សាក ហៃយ៉ាត់ មកដេកនៅហៃយ៉ាត់ទៅ ហើយក្មួយៗ ដែលទើបរៀបការហើយចង់សាកមកក្រេបទឹកឃ្មុំជាមួយអាហៃយ៉ាត់ មកអាចចុះថ្លែឱ្យ ១០ភាគរយអីទៅ ព្រោះគ្នាទើបរៀបការហើយ...!»

ជាមួយគ្នានឹងការលើកទឹកចិត្តបែបនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានស្នើម្ចាស់សណ្ឋាគារបញ្ចុះតម្លៃ ១០ភាគរយ ដល់គូស្វាមីដែលទើបរៀបអាពាហ៍ពិពាហ៍ថ្មី ដែលមកក្រេបទឹកឃ្មុំនៅសណ្ឋាគារ ហៃយ៉ាត់រីជិនស៊ី ភ្នំពេញ ផងដែរ។

បន្ថែមពីនេះ សម្តេចតេជោ ហ៊ុន សែន ក៏បានលើកទឹកចិត្តបន្ថែមទៀតដល់ប្រជាពលរដ្ឋខ្មែរ នៅរាជធានីភ្នំពេញ ដែលមានធនធានដែលធ្វើដំណើរកម្សាន្តនៅតាមបណ្តាខេត្តនានាក្នុងប្រទេសកម្ពុជា គួរតែសាកចូលសម្រាកនៅតាមបណ្តាសណ្ឋាគារធំៗដែលមានទីតាំងនៅតាមតំបន់កម្សាន្តនានាជាដើម។

ប្រមុខនៃរាជរដ្ឋាភិបាលកម្ពុជា បានចាត់ទុកថាការបើកឱ្យដំណើរការសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» គឺជាការត្រៀមលក្ខណៈជាមុនក្នុងការទទួលភ្ញៀវទេសចរបរទេសដែលអញ្ជើញមកទេសនាកម្សាន្តប្រទេសកម្ពុជា បន្ទាប់ពីរដ្ឋាភិបាលបានសម្រេចបើកទទទួលភ្ញៀវទេសចរបរទេសឡើវិញ ក្រោយវិបត្តិរាតត្បាតកូវីដ១៩ បានធូរស្រាល។

«ហើយប្រទេសយើងអត់ មានធ្វើចត្តាឡីស័ក គឺជាប្រទេសដែលងាយស្រួល អញ្ចឹងបានជាខ្ញុំអន់ចិត្ត ចុះអា «អូមីក្រុង» នោះវាទាន់ងាប់អ្នកណាមួយ បានជានាំគ្នាភ័យមាំម៉េស»។ នេះជាលើកឡើងបន្ថែមរបស់សម្តេចតេជោ ហ៊ុន សែន។

ទន្ទឹមនឹងនេះដែរ សម្តេចតេជោ ហ៊ុន សែន ក៏បានបង្ហាញនូវជំនឿជឿជាក់ថា ដោយចាប់ផ្តើមពីក្រុមហ៊ុននីមួយៗ សេដ្ឋកិច្ចរបស់ប្រទេសកម្ពុជានឹងបន្តការរីកចម្រើន បើទោះបីវាលំបាកបប៉ុន្តែ វាអាចងើបឡើងវិញ ការបិទខ្ទប់គាយុទ្ធសាស្ត្ររៀបចំនឹងមិនអាចកើតឡើងការបិទខ្ទប់តាមបែបមុនដែលកម្ពុជាមានវ៉ាក់សាំងបង្ការជំងឺកូវីដ១៩នោះទេ។

វត្តមានសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» ត្រូវបានគេរំពឹងថា នឹងចូលរួមចំណែកក្នុងការនាំមកនូវកំណើនភ្ញៀវទេចរ តាមរយៈការទាក់ទាញភ្ញៀវទេសចរអន្តរជាតិ និងធុរជនពីគ្រប់ទិសទីលើសកលលោកមកកាន់ប្រទេសកម្ពុជា។ ជាមួយនឹងរចនាបថសម័យអាណានិគមបារាំង រួមបញ្ចូលជាមួយរចនាបថសម័យទំនើបដ៏ថ្មីសន្លាង សណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» នឹងក្លាយទៅជាទិសដៅទេសចរណ៍ និងកន្លែងស្នាក់នៅរបស់ភ្ញៀវធុរកិច្ចជាតិ និងអន្តរជាតិដ៏ពេញនិយមដែលលេចធ្លោនៅចំកណ្តាលរាជធានីភ្នំពេញ។

មិនត្រឹមតែប៉ុណ្ណោះ វត្តមាននៃសណ្ឋាគារ «ហៃយ៉ាត់ រីជិនស៊ី ភ្នំពេញ» នឹងចូលរួមចំណែកធ្វើឱ្យកាន់តែប្រសើរឡើងនៃសោភ័ណភាពរាជធានីភ្នំពេញ ក្នុងតំបន់ប្រវត្តិសាស្ត្រ វប្បធម៌ និងពាណិជ្ជកម្ម ដ៏សម្បូរបែបមួយនេះផងដែរ។ ក្រុមហ៊ុន ជីប ម៉ុង ក៏បានកែប្រែសោភ័ណភាពរបស់សហគមន៍ជុំវិញសណ្ឋាគារនេះ តាមរយៈការពង្រីកផ្លូវលេខ១៧៨ ខាងមុខសណ្ឋាគារដោយភ្ជាប់ពីមហាវិថីព្រះនរោត្តម រហូតដល់វិថីព្រះស៊ីសុវត្ថិ ដោយចំណាយទឹកប្រាក់រហូតដល់ជាង ៦០ម៉ឺនដុល្លារសហរដ្ឋអាមេរិក៕