(ភ្នំពេញ)៖ នៅទីបំផុត កម្លាំងនគរបាលជំនាញរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ បានបំបែកសំណុំរឿងកែច្នៃគ្រឿងញៀនទ្រង់ទ្រាយធំមួយករណី ដែលក្រុមឧក្រិដ្ឋជនបម្រុងនាំចេញទៅក្រៅប្រទេស បានដោយជោគជ័យ និងឈានទៅដល់ការរឹបអូសគ្រឿងញៀនប្រភេទ កេតាមីន (ម្ស៉ៅខេ) សរុបជាបន្ដបន្ទាប់ជាង២តោន ខណៈសារធាតុគីមីផ្សំរហូតដល់៨០តោន។

ការបង្ក្រាបបទល្មើសគ្រឿងញៀនទ្រង់ទ្រាយធំ ដែលមិនធ្លាប់មាននៅកម្ពុជា កម្លាំងនគរបាលជំនាញ បានចាប់ខ្លួនក្រុមឧក្រិដ្ឋជន ដែលសុទ្ធតែជាមេក្លោងចំនួន៤នាក់ ក្នុងនោះម្នាក់ចាប់ស្លាប់ ដោយសារការប៉ះទង្កិចគ្នាដោយអាវុធមួយប្រាវ នៅក្នុងរង្វង់ប្រតិបត្តិការ នាយប់រំលងអាធ្រាត្រឈានចូលថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២១ នៅតាមបណ្ដោយផ្លូវជាតិលេខ៤ ស្រុកកំពង់សិលា (ផ្លូវបំបែកស្រែអំបិល) ខេត្តព្រះសីហនុ។

រហូតមកដល់ថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ ទទួលបន្ទុកការងារប្រឆាំងបទល្មើសគ្រឿងញៀន បានបើកនូវសន្និសីទសារព័ត៌មានមួយ ដើម្បីលាតត្រដាងអំពីសាច់រឿងលម្អិតនៅក្នុងប្រតិបត្តិការបង្ក្រាបគ្រឿងញៀននេះ នៅមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ដោយមានការចូលរួមពីអ្នកសារព័ត៌មានជាច្រើនស្ថាប័នផងដែរ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានបង្ហើបពីការងារជំនាញរបស់កម្លាំងនគរបាលមួយចំនួន ជូនដល់សាធារណៈជនបន្ទាប់ពីប្រតិបត្តិការអាចនិយាយបានថា ស្ទើរតែបិទបញ្ចប់ទាំងស្រុងទៅហើយនោះ បន្ទាប់ពីមេក្លោងរបស់បណ្ដាញឧក្រិដ្ឋជននេះ ត្រូវបានចាប់ខ្លួន ហើយកំពុងតែកសាងសំណុំរឿង ដើម្បីបញ្ជូនទៅកាន់សាលាដំបូងរាជធានីភ្នំពេញ ផ្ដន្ទាទោសតាមផ្លូវច្បាប់របស់កម្ពុជាយ៉ាងម៉ឺងម៉ាត់បំផុត។

មេនគរបាលទទួលបន្ទុកការងារប្រឆាំងបទល្មើសគ្រឿងញៀនរូបនេះ បានអះអាងថា ដើមចមដែលនាំឲ្យសមត្ថកិច្ចឈានដល់ការបើកប្រតិបត្តិការបង្ក្រាបនេះ គឺបន្ទាប់ពីទទួលបានព័ត៌មានសម្ងាត់ពីភាគីចិនថា មានបណ្ដាញកែច្នៃគ្រឿងញៀន កំពុងតែបម្រុងធ្វើសកម្មភាពផលិតគ្រឿងញៀននៅកម្ពុជា ដើម្បីនាំចេញទៅកាន់ប្រទេសក្រៅ ក្នុងនោះរួមមានប្រទេសចិនផងដែរ។

ក្រោយពីទទួលបានព័ត៌មាននេះ ដោយអនុវត្តតាមបទបញ្ជាយ៉ាងម៉ឺងម៉ាត់របស់ នាយឧត្តមសេនីយ៍ សន្ដិបណ្ឌិត នេត សាវឿន អគ្គស្នងការនគរបាលជាតិ កម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន បានប្រើប្រាស់រយៈពេលប្រមាណ៣ខែ ទើបក្ដោបក្ដាប់បានទាំងស្រុងនូវសកម្មភាពរបស់ក្រុមឧក្រិដ្ឋជន ដែលធ្វើសកម្មភាពលួចផលិត និងកែច្នៃ នៅក្នុងបរិវេណ ក្រុមហ៊ុន ស៊ីន យិនហ្វេង (ខេមបូឌា) អ៊ិនដាស់ស្រ្ទី ខូអិលឌីធី ផលិតអាកុល និងជីសិរីរាង្គ មានទីតាំងស្ថិតនៅ ភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ។

បើតាមនាយឧត្តមសេនីយ៍ ម៉ក់ ជីតូ នៅពេលកម្លាំងជំនាញកំពុងបើកការស៉ើបអង្កេត ដោយប្រើប្រាស់គ្រប់មធ្យោបាយទាំងអស់នោះ បានរកឃើញថា ក្រុមឧក្រិដ្ឋជន យកពេលរាត្រី ដើម្បីធ្វើសកម្មភាពកែច្នៃ និងផលិតគ្រឿងញៀន។ លោកថា សកម្មភាពនេះ គឺគ្រាន់តែជាការសាកល្បងជំហ៊ានដំបូងប៉ុណ្ណោះរបស់ពួកគេ ក្នុងករណីជោគជ័យនឹងអាចមានទ្រង់ទ្រាយធំជាងនេះ។

ចំពោះមុខអ្នកសារព័ត៌មាន នាយឧត្តមសេនីយ៍អគ្គស្នងការរងនគរបាលជាតិ បានបន្ដទៀតថា រហូតមកដល់ថ្ងៃកើតហេតុ កម្លាំងជំនាញក្ដាប់បានព័ត៌មានថា ក្រុមឧក្រិដ្ឋជននឹងដឹកគ្រឿងញៀនមួយចំនួនធំតាមរថយន្ដ ដើម្បីនាំចេញតាមផ្លូវសមុទ្រទៅកាន់ប្រទេសក្រៅ។ ដោយពួកគេ ត្រូវធ្វើដំណើរទៅតាមផ្លូវជាតិលេខ៤ ដើម្បីបន្ដទៅកន្លែងឡើងទូកនៅតំបន់ទំនប់រលកឆ្ពោះទៅកោះតាង។ នៅកោះតាងក៏មានកប៉ាល់មួយទៀត ដើម្បីរង់ចាំទទួលទំនិញរបស់ពួកគេ យកទៅក្រៅប្រទេស។

ប៉ុន្ដែផែនការរបស់ក្រុមឧក្រិដ្ឋជនត្រូវបរាជ័យ ដោយសារកម្លាំងជំនាញដឹងមុន និងស្ទាក់នៅលើកំណាត់ផ្លូវជាតិលេខ៤ ដោយក្នុងនោះមានកម្លាំងមន្ទីរប្រឆាំងគ្រឿងញៀន, នគរបាលខេត្តព្រះសីហនុ, ខេត្តកំពង់ស្ពឺ និងខេត្តកោះកុង ក្រោមការសម្របសម្រួលពីតំណាងអយ្យការផងដែរ។ ក្នុងនោះ កម្លាំងជំនាញរបស់មន្ទីរប្រឆាំងគ្រឿងញៀន ដឹកនាំផ្ទាល់ដោយ លោកឧត្តមសេនីយ៍ទោ អ៉ិន សុង នាយករងមន្ទីរ ក្រោមការបញ្ជារបស់លោកឧត្តមសេនីយ៍ឯក ឡឹក វណ្ណៈ នាយកមន្ទីរ។

នៅពេលនេះកម្លាំងនគរបាលចម្រុះ បានយករថយន្ដពន្លត់អគ្គិភ័យ, រថយន្ដស៉ីរ៉ែន និងប៉ារ៉ាស ដាក់បិទផ្លូវជាតិលេខ៤ ចំណុចផ្លូវបំបែកស្រែអំបិល ដើម្បីស្ទាក់ចាប់ក្រុមក្រិដ្ឋជន។ ច្បាស់ណាស់ដូចព័ត៌មានដែលក្ដាប់បាន ពេលនោះរថយន្ដដឹកគ្រឿងញៀនរបស់ក្រុមឧក្រិដ្ឋជនក៏មកដល់ ប៉ុន្ដែដោយឃើញកម្លាំងសមត្ថកិច្ចកំពុងស្ទាក់ចាប់ ក្រុមឧក្រិដ្ឋជនមិនបានប្រគល់ខ្លួននោះទេ ពោលបានបើករថយន្ដបុកប៉ារ៉ាសរបស់នគរបាល ហើយថែមទាំងប្រើប្រាស់អាវុធបាញ់ស្រោចមកទៀតផង។

ដោយប្រើប្រាស់សិទ្ធិការពារខ្លួន និងដើម្បីឲ្យប្រតិបត្តិការជោគជ័យ កម្លាំងនគរបាលបានបាញ់តបតទៅវិញ ដែលបណ្ដាលឲ្យឧក្រិដ្ឋជនម្នាក់ ក្នុងចំណោមមនុស្ស២នាក់ បានស្លាប់នៅនឹងកន្លែងតែម្ដង។ ឧក្រិដ្ឋជន ដែលស្លាប់នោះឈ្មោះ LEE TSUNG HAN អាយុ៣២ឆ្នាំ ជនជាតិចិន (តៃវ៉ាន់) អ្នកផលិត និងដឹកជញ្ជូនគ្រឿងញៀន និងម្នាក់ទៀត ឈ្មោះ LEE PO HAN អាយុ៣២ឆ្នាំ ជនជាតិចិន (តៃវ៉ាន់) ជាអ្នកផលិត និងដឹកជញ្ជូនគ្រឿងញៀន។ ក្នុងនោះសមត្ថកិច្ចដកហូតបាន គ្រឿងញៀន ចំនួន៧៤បាវ ស្មើនឹង១៤៨០គីឡូក្រាម និងរថយន្ដមួយគ្រឿង។

ព្រមពេលជាមួយការបង្ក្រាបនៅផ្លូវជាតិលេខ៤ ចំណុចផ្លូវបំបែកស្រែអំបិល កម្លាំងសមត្ថកិច្ចជំនាញមួយក្រុមផ្សេងទៀត ក៏បានឆ្នក់ចូលបង្ក្រាបនៅទីតាំងផលិតកែច្នៃគ្រឿងញៀន នៅក្រុមហ៊ុន ស៊ីន យិនហ្វេង (ខេមបូឌា) អ៊ិនដាស់ស្រ្ទី ខូអិលឌីធី មានទីតាំងស្ថិតនៅ ភូមិដំបងវេញ ឃុំសង្កែសាទប ស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដោយដកហូតបាន សារធាតុគីមីផ្សំ ៩ប្រភេទ ទម្ងន់៨៤តោន ៤៥៤គ.ក្រ ១៦៥ក្រាម និងម៉ាស៊ីន ឧបករណ៍ សម្រាប់ផលិតកែច្នៃ មួយចំនួនធំ និងឃាត់ខ្លួនឧក្រិដ្ឋជនម្នាក់ ឈ្មោះ YE YONG។

មិនទាន់បញ្ចប់នោះទេ ដោយមានប្រភពព័ត៌មានច្បាស់ការកម្លាំងជំនាញ បានច្បាមនៅទីតាំងផ្ទះរបស់មេក្លោងម្នាក់ទៀត នៅចំណុចផ្ទះលេខ៤០R ផ្លូវR ភូមិព្រៃទា២ សង្កាត់ចោមចៅ៣ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ និងឈានដល់ការចាប់ខ្លួនបានមេក្លោងរូបនោះ ឈ្មោះ YE YAN SHOU នៅក្នុងផ្ទះនោះតែម្ដង។

យ៉ាងណាមិញ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ កម្លាំងជំនាញបានបន្ដឆែកឆេរនៅទីតាំងក្រុមហ៊ុននៅស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ បន្ដទៀត រហូតរកឃើញមាន គ្រឿងញៀនប្រភេទ កេតាមីន ៧៥៧គីឡូក្រាមបន្ថែមទៀត។ សរុបជារួមក្នុងប្រតិបត្តិការនេះ គ្រឿងញៀនដែលរឹបអូសបានសរុបជាង២តោន និងសារធាតុគីមីផ្សំជាង៨៤តោន ព្រមទាំងម៉ាស៉ីនសម្រាប់កែច្នៃមួយចំនួនទៀត។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានអះអាងបន្ថែមថា គ្រឿងញៀនទាំងអស់នេះ ក្រុមឧក្រិដ្ឋគ្រាន់តែយកទីតាំងប្រទេសកម្ពុជា ដើម្បីផលិត និងកែច្នៃប៉ុណ្ណោះ មិនបានចែកចាយនៅក្នុងស្រុកនោះទេ ពោលពួកគាត់ត្រូវនាំចេញទៅបរទេស។ ហើយគ្រឿងញៀនប្រភេទកេតាមីន នេះទៀតសោត គឺជាគ្រឿងញៀនដែលមានតម្លៃថ្លៃ។ លោកអះអាងថា នៅពេលទៅដល់ប្រទេសអ្នកទិញចុងក្រោយ អាចមានតម្លៃរហូតដល់៦០ម៉ឺនដុល្លារ ក្នុងមួយគីឡូក្រាមឯណោះ។

នាយឧត្តមសេនីយ៍ ម៉ក់ ជីតូ បានជម្រាបជូនទៀតថា សម្រាប់ប្រតិបត្តិការលើកនេះ គឺជាជោគជ័យមួយដ៏ធំរបស់នគរបាល និយាយដោយឡែក និងនិយាយជារួមសម្រាប់កម្ពុជាទាំងមូល ដែលបំបែកបានឧក្រិដ្ឋជនគ្រឿងញៀន បានទាំងសំបុក ហើយសុទ្ធតែជាមេក្លោងថែមទៀតផង។ យ៉ាងណាមិញ លោកថា កម្លាំងនគរបាលនឹងពង្រឹងសមត្ថភាពបន្ថែមទៀត ដើម្បីទប់ស្កាត់ និងឈានទៅដល់ការបង្ក្រាបជាបន្ដបន្ទាប់នូវបទល្មើសគ្រឿងញៀន។

បើតាមនាយនគរបាលជាន់ខ្ពស់រូបនេះ ក្រុមឧក្រិដ្ឋជនទាំង៣នាក់ខាងលើ នឹងត្រូវផ្ដន្ទាទោសនៅក្នុងប្រទេសកម្ពុជាផ្ទាល់តែម្ដង ខណៈគ្រឿងញៀនដែលរឹបអូសបាននឹងត្រូវកម្ទេចចោលតាមការសម្រេចរបស់ស្ថាប័នតុលាការ៕