(សៀមរាប)៖ កំពែងប្រាសាទអង្គរធំភាគខាងជើងមាន ត្រូវបានក្រុមជំនាញនៃអាជ្ញាធរជាតិអប្សរា បានបញ្ចប់ការជុសជុលរួចរាល់ទាំងស្រុងហើយ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ បន្ទាប់ពីបើកការជុសជុលរយៈពេល១៧ខែមក ដើម្បីរៀបចំសោភ័ណភាពប្រាសាទ និងធានាសុវត្ថិភាពជូនភ្ញៀវទេសចរ ដែលទៅទស្សនា។
តាមទីភ្នាក់ងារសារព័ត៌មានជាតិកម្ពុជា AKP បានចុះផ្សាយថា កំពែងប្រាសាទដែលធ្វើការជុសជុលនោះ មានប្រវែង១៤ម៉ែត្រ កម្ពស់៦ម៉ែត្រ ចំណាយរយៈពេល១៧ខែ និងប្រើបច្ចេកទេសបុរាណ ព្រមទាំងកម្លាំងកម្មករចំនួន ១២នាក់។
AKP បានដកស្រង់សម្តី លោក ម៉ៅ សុខនី ស្ថាបត្យករដឹកនាំការជុសជូលនេះថា ក្រោយពីកំពែងនេះបានដួលរលំ ដោយសារខ្យល់ព្យុះកេតសូណា ក្នុងឆ្នាំ២០១១មក ថ្នាក់ដឹកនាំនៃអាជ្ញាធរជាតិអប្សរា បានចាត់តាំងក្រុមជំនាញ ដើម្បីសិក្សា និងទល់ទ្រចំណុចប្រេះស្រាំដទៃទៀតភ្លាមៗ។ ក្រោយពីសិក្សា និងទល់ទ្រចំណុចប្រេះស្រាំររចហើយ ការជុសជុលលើកទី១ ក៏បានចាប់ផ្ដើមនៅឆ្នាំ២០១៤ ដោយបានជ្រើសរើសជ្រុងភាគឦសានៃកំពែងប្រាសាទមុនគេ ធ្វើបែបនេះគឺដើម្បីបញ្ជៀសការប៉ះពាល់ ដល់ប្រាសាទតូចមួយនៅក្បែរជ្រុងនោះ ហើយលើកទី២ ក្រុមជំនាញរបស់លោកបានជ្រើសរើសយកជ្រុងភាគខាងជើងនេះតែម្ដង កាលពីចុង ខែធ្នូ ឆ្នាំ២០១៥។
បន្ថែមលើសពីនេះ លោក លី វណ្ណា ប្រធាននាយកដ្ឋានអភិរក្សក្នុងឧទ្យានអង្គរ និងបុរាណវិទ្យាបានបញ្ជាក់ថា ក្រៅពីខ្យល់ព្យុះ ក៏មានបញ្ហាផ្សេងទៀតដូចជា សំណឹកពុកផុយនៃថ្ម ការរំកិលនៃថ្ម ដីកណ្ដៀរ ដើមឈើដុះពីលើ ដើមឈើរលំលើ ជាដើម។ លោកបន្តថា «ទិសដៅទៅថ្ងៃក្រោយ កំពែងជុំវិញ ដែលបាក់ត្រូវជុសជុលឡើងវិញ តែយើងមិនអាចជុសជុលម្ដងទាំងអស់នោះទេ។ ជាក់ស្ដែងដូចកំពែងនេះស្រាប់ យើងបានជុសជុលឡើងជាបន្តបន្ទាប់ ដោយបានបញ្ចប់ផ្ទាំងទី១ នៅចុងឆ្នាំ២០១៥ ហើយផ្ទាំងទី២នេះបញ្ចប់នៅខែមីនាឆ្នាំនេះ និងផ្ទាំងធំមួយទៀតមានប្រវែងវែងជាងគេដល់ទៅ៤៤ម៉ែត្រ គ្រោងនិងបញ្ចប់នៅរវាងខែមិថុនាខាងមុខ»។
ចំពោះហានីភ័យផ្សេងៗ ដូចជាការរលំកំពែងនេះជាដើម ក្រុមអ្នកជំនាញបានធ្វើផែនទីហានីភ័យ បញ្ជាក់ពីចំនុចគ្រោះថ្នាក់ និងតាមដានជាក់ស្ដែង បើពិនិត្យឃើញថាកន្លែងណាមានបញ្ហា ក្រុមអ្នកជំនាញនឹងធ្វើអន្តរាគមន៍ភ្លាម៕