(ភ្នំពេញ)៖ នៅរសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ លោកបណ្ឌិត អូស្មាន ហាស្សាន់ ទេសរដ្ឋមន្រ្តីទទួលបន្ទុកបេសកកម្មពិសេស និងជាអនុប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលហាទ្បាលកម្ពុជា បានអញ្ជើញចូលរួមសន្និបាតហាឡាលថៃ លើកទី៨ តាមប្រព័ន្ធវីដេអូ zoom ក្រោមប្រធានបទ «វិធីនិម្មិតសម្រាប់ពិភពហាឡាលជាក់លាក់» ដែលរៀបចំដោយ មជ្ឈមណ្ឌលវិទ្យាសាស្ត្រហាឡាល នៃសាកលវិទ្យាល័យ ជុឡាឡុងកន សហការជាមួយគណៈកម្មការកណ្តាលឥស្លាមថៃ និងវិទ្យាស្ថានស្តង់ដារហាឡាលថៃ ដែលប្រារព្ធឡើងរយៈពេល២ថ្ងៃ ចាប់ពីថ្ងៃទី១៤-១៥ ខែធ្នូ ឆ្នាំ២០២១។

សន្និសិទហាឡាលថៃប្រចាំឆ្នាំ២០២១ នេះត្រូវបានរៀបចំតាមរយៈប្រព័ន្ធអនឡាញដោយសារការរាតត្បាតនៃមេរោគឆ្លងកូវីដ១៩ និងមានការចូលរួមពីប្រទេសចំនួន ៥១ ដោយទទួលបានការចុះឈ្មោះចូលរួមចំនួន ២៣៦៧៦ នាក់ និងត្រូវបានរៀបចំក្រោមអធិបតីភាព លោក Alongkorn Polaputra ដែលជាទីប្រឹក្សារដ្ឋមន្រ្តីក្រសួងកសិកម្មថៃ ដោយមានការចូលរួមជាវាគ្មិនកិត្តិយសពី លោក Ihsan Ovut ដែលជាអគ្គលេខាធិការវិទ្យាស្ថានស្តង់ដារ និងមាត្រាសាស្ត្រសម្រាប់ប្រទេសឥស្លាម (the Standards and Metrology Institute for Islamic Countries SMIIC) តំណាងឲ្យអង្គការ អូអាយស៊ី (Organization of Islamic Cooperation OIC) ដែលអង្គការនេះមានរដ្ឋជាសមាជិកចំនួន ៥៧ ប្រទេស, លោកបណ្ឌិត Winai Dahlan ប្រធានវិទ្យាស្ថានវិទ្យាសាស្រ្តហាឡាល នៃសាកលវិទ្យាល័យជូឡាឡុងកន (the Halal Science Center, Chulalongkorn University), លោកឧត្តមសេនីយ៍ Pol Maj-Gen Surin Palare អគ្គលេខាធិការ ក្រុមប្រឹក្សាកណ្តាលថៃ (the Central Islamic Committee of Thailand CICOT) និង លោកបណ្ឌិត Prakorn Priyakorn ប្រធានវិទ្យាស្ថានស្តង់ដារហាឡាលថៃ។

សន្និសីទនេះធ្វើឡើងក្នុងគោលបំណងចូលរួមចែករំលែកបទពិសោធន៍ នៃវិទ្យាសាស្ត្រហាឡាល និងបង្ហាញដល់ពិភពលោក ជាពិសេសបណ្តារដ្ឋដែលជាសមាជិក នៃប្រទេស OIC ពីសមិទ្ធផលហាឡាលនៅជុំវិញពិភពលោក ក្នុងនោះក៏មានកម្ពុជាផងដែរ ដែលបាននាំចេញទៅលើទីផ្សារអន្តរជាតិក្រោយពីទទួលបានការបញ្ជាក់វិញាបនបត្រហាឡាលកម្ពុជា។

សន្និបសីទនេះ សង្កត់ធ្ងន់លើពាក្យថា «ហាឡាល» មានន័យថា «អនុញ្ញាត» ជាភាសាអារ៉ាប់ ដែលមិនសំដៅសម្រាប់តែម្ហូបអាហារប៉ុណ្ណោះទេ គឺសម្រាប់ផលិតផល និងសេវាកម្មផ្សេងៗ ដែលមានដូចជា ចរន្តផលិតផលគ្រឿងសម្អាង ឱសថសាស្រ្ត និងចរន្តផលិតផលសម្ភារប្រើប្រាស់ជាដើម។

លោកបណ្ឌិត Winai Dahlan ប្រធានវិទ្យាស្ថានវិទ្យាសាស្រ្តហាឡាល នៃសាកលវិទ្យាល័យជុឡាឡុងកន បានឲ្យដឹងថា ក្នុងឆ្នាំ២០២១នេះ តម្លៃទីផ្សារហាឡាលពិភពលោក មានប្រមាណ ៤ ទ្រីលានដុល្លារ នៃផលិតផល និងសេវាកម្មទាំងអស់ ក្នុងនោះផលិតផលម្ហូបអាហារ១.១ ទ្រីលានដុល្លារ ដោយក្នុងនោះ ប្រទេសថៃបាននាំចេញ ផលិតផលអាហារហាឡាលចំនួន ១៧០,០០០ មុខ ទៅកាន់ប្រទេស OIC ទាំង ៥៧ ប្រទេសដែលមានតម្លៃប្រមាណ ៦.១ ប៊ីលានដុល្លារនៅក្នុងឆ្នាំ២០២០។

ដោយឡែកសម្រាប់កម្ពុជាវិញ គណៈកម្មការត្រួតពិនិត្យផលិតផលហាឡាលកម្ពុជាក៏បានធ្វើការសហការយ៉ាងជិតស្និទជាមួយស្ថាប័នហាឡាលប្រទេសថៃដោយបានចុះអនុស្សរណៈស្តីពីការយោគយល់គ្នានៅថ្ងៃទី១៥ ខែឆ្នូ ឆ្នាំ២០១៨ ដែលមានសុពលភាពរយៈពេល ៥ឆ្នាំ និងអាចបន្តបាន ដើម្បីបម្រើឲ្យកិច្ចខិតខំប្រឹងប្រែងអភិវឌ្ឍន៍វិស័យហាឡាលនៅកម្ពុជា។

ជាមួយគ្នានេះក្រុមឯកទេសផលិតផលហាឡាល ក៏បានសហការជាមួយអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្រ្កាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម ដើម្បីធ្វើការត្រួតពិនិត្យវាយតម្លៃលក្ខណៈបច្ចេកទេស និងបានផ្ដល់វិញ្ញាបនបត្រសម្រាប់ផលិតផលក្នុងស្រុក និងនាំចេញទៅលើទីផ្សារអន្តរជាតិ ជាបន្តបន្ទាប់ផងដែរ។

គួរជម្រាបជូនថា បច្ចុប្បន្ននេះនៅប្រទេសថៃការគ្រប់គ្រងវិញ្ញាបនបត្របញ្ជាក់ស្តង់ដារផលិតផលហាឡាលថៃ គឺស្ថិតក្រោមការគ្រប់គ្រងរបស់ថ្នាក់ដឹកនាំឥស្លាមថៃដែលមានឈ្មោះថា Sheikhul Islam of Thailand ដែលមានតួនាទីគ្រប់គ្រងត្រួតពិនិត្យ វាយតម្លៃ និងបញ្ជាក់លើការចេញវិញ្ញាបនបត្រហាឡាលជូនដល់សហគ្រិននានាដើម្បីធានាបាននូវការទទួលស្គាល់ស្តង់ដាហាឡាលជាអន្តរជាតិ ស្ថាប័ននេះមានឈ្មោះថា (the Central Islamic Committee of Thailand CICOT)។

មិនតែប៉ុណ្ណោះ ស្ថាប័នហាឡាលប្រទេសថៃទទួលបានការជម្រុញគាំទ្រយ៉ាងខ្លាំងក្លាពីក្រសួងពាណិជ្ជកម្ម និងក្រសួងកសិកម្ម ដើម្បីជម្រុញលើកទឹកចិត្តការផលិតសម្រាប់តម្រូវការក្នុងស្រុក និងបម្រើឲ្យការនាំចេញទៅកាន់ទីផ្សារអន្តរជាតិផងដែរ៕