(ភ្នំពេញ)៖ លោកបណ្ឌិត គិន ភា ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិ របស់រាជបណ្ឌិត្យសភាកម្ពុជា បានថ្លែងថា ហេតុដែលសហរដ្ឋអាមេរិកជំរុញរាជរដ្ឋាភិបាលកម្ពុជា កុំផ្តល់សម្បទានអ្វីមួយដល់របបយោធានៅមីយ៉ាន់ម៉ា ព្រោះអាមេរិកមិនចង់ឃើញប្រទេសតូចៗ មានស្វ័យភាពក្នុងការដោះស្រាយបញ្ហានោះឡើយ។

បើតាមបណ្ឌិត គិន ភា, អាមេរិកចង់ជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងប្រទេស នៅតំបន់អាស៊ានទាំងមូល ពោលគឺអាមេរិកចង់បង្ហាញគំនិតថា ខ្លួនជាអ្នកដោះស្រាយរាល់បញ្ហាទាំងអស់ នៅលើពិភពលោក។ និយាយដោយសាមញ្ញ គឺអាមេរិកនៅតែមានមហិច្ឆតាចង់ធ្វើជាអ្នករៀបចំសណ្តាប់ធ្នាប់ពិភពលោក ជំនួសបណ្តាតួអង្គអន្តរជាតិនានាទាំងអស់។

ការលើកឡើងរបស់ប្រធានវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា បានធ្វើឡើងបន្ទាប់ពី លោក ឌែរ៉ិក ឆឡិត (Derek Chollet) ទីប្រឹក្សាក្រសួងការបរទេសអាមេរិក មិនចង់ឃើញកម្ពុជា ដើរតួនាទីជារកដំណោះស្រាយចំពោះវិបត្តិនៅមីយ៉ាន់ម៉ា ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២។ រាជរដ្ឋាភិបាលកម្ពុជា បានបង្ហាញឆន្ទៈចង់ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ហើយចង់អញ្ជើញមេដឹកនាំមីយ៉ាន់ម៉ា ចូលរួមប្រជុំអាស៊ាន និងចង់បង្រួបបង្រួមអាស៊ាន ឲ្យមកជា១០ប្រទេសឡើងវិញ។

បណ្ឌិត គិន ភា ដែលជាអ្នកតាមដានព្រឹត្តិការណ៍សង្គម និងនយោបាយផងដែរនោះ បានបញ្ជាក់យ៉ាងដូច្នេះថា៖ «ពិតហើយ មហាអំណាចខ្លះទៀត គឺមិនចង់ឃើញកម្ពុជា ដើរតួនាទីសំខាន់ នៅក្នុងការដោះស្រាយបញ្ហានយោបាយនៅភូមា (មីយ៉ាន់ម៉ា) ទេ បានជាគេដាក់ចេញនូវសេនារីយោផ្សេងៗ ឬសំណូមពរផ្សេងៗ ពីព្រោះពួកមហាអំណាចចង់ចាត់ចែងកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងៗ ដោយពួកខ្លួនគេ គឺគេមិនចង់ឲ្យប្រទេសតូចៗ អាចរកបាននូវឯកភាព និងសាមគ្គីភាព ក្នុងការដោះស្រាយបញ្ហារបស់ខ្លួន។ ជាទូទៅ គឺប្រទេសមហាអំណាចទាំងអស់ ជាពិសេសសហរដ្ឋអាមេរិក ខ្លួនឯង ដែលតែងតែជ្រៀតជ្រែកកិច្ចការផ្ទៃក្នុងរបស់ប្រទេសផ្សេងៗ (នៅអាស៊ាន) ឬកិច្ចការផ្ទៃក្នុងតំបន់ទាំងមូល ដែលមិនចង់ឲ្យប្រទេសតូចៗ មានឯករាជ្យភាព មានស្វ័យភាពក្នុងការដោះស្រាយបញ្ហារបស់ខ្លួន»

បើតាមការផ្សាយដោយ វិទ្យុអាស៉ីសេរី (RFA), លោក ឌែរ៉ិក ឆឡិត បានបញ្ជាក់ជំហរថា សហរដ្ឋអាមេរិកមិនប្រឆាំងចំពោះការចូលរួមរបស់មីយ៉ាន់ម៉ាក្នុងអាស៊ាននោះទេ ក៏ប៉ុន្តែការចូលរួមនេះត្រូវតែអនុវត្តតាមគោលដៅ ដែលបានព្រមព្រៀងពីមុន ហើយរដ្ឋាភិបាលកម្ពុជា ដែលធ្វើជាប្រធានប្តូរវេនអាស៊ាននៅឆ្នាំក្រោយ ត្រូវតែជំរុញឲ្យរបបដឹកនាំមីយ៉ាន់ម៉ា អនុវត្តទៅតាមកិច្ចព្រមព្រៀងសន្តិភាពរបស់អាស៊ានកន្លងមក។ លោកក៏ធ្លាប់ជំរុញឲ្យសមាជិកអាស៊ាន បន្តដាក់សម្ពាធលើរបបយោធាមីយ៉ាន់ម៉ា ឲ្យអនុវត្តគោលការណ៍រួម ៥ចំណុចរបស់អាស៊ាន។

មីយ៉ាន់ម៉ា ដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២១នេះ ក្រោយប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់អូសអន្លាយរយៈពេលជិត ១ឆ្នាំមកហើយ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ដែលដឹកនាំដោយលោក មីង អោងឡាំង ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី បន្ទាប់ពីបោះឆ្នោត។ អវត្តមានមីយ៉ាន់ម៉ា បានធ្វើឲ្យអាស៊ានបាត់បង់កុងសង់ស៉ីស នៅក្នុងការសម្រេចក្នុងកិច្ចប្រជុំកន្លងមក។

ជាមួយនឹងការបង្ហាញឆន្ទៈដោះស្រាយបញ្ហាមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅដើមខែមករា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីរបស់មីយ៉ាន់ម៉ា។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា អាស៊ានមិនគួរបែកបាក់ ព្រោះតែប្រទេសដទៃនោះឡើយ ដូច្នេះការពង្រឹងអាស៊ានឡើងវិញ ជាកិច្ចការដ៏ចាំបាច់ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២២។

បំណងក្នុងការស្វែងរកដំណោះស្រាយ ពីប្រមុខដឹកនាំកំពូលរាជរដ្ឋាភិបាលកម្ពុជា ក៏ត្រូវបានអ្នកវិភាគមួយចំនួនរិះគន់ដែរ ពោលពួកគេចោទថា សម្តេចតេជោ ហ៊ុន សែន បែរជាចង់ធ្វើការជាមួយអ្នកធ្វើរដ្ឋប្រហារយកអំណាចទៅវិញ។ លោក កាស៉ីត ភិរម្យ អតីតរដ្ឋមន្ត្រីការបរទេសថៃ បានចេញមុខជំទាស់ខ្លាំងជាងគេ ពីបំណងបង្រួបបង្រួមអាស៊ានឡើងវិញ ដោយសម្តេចតេជោ ហ៊ុន សែន។

ត្រង់ចំណុចនេះ សម្តេចតេជោ ហ៊ុន សែន លើកឡើងថា មីយ៉ាន់ម៉ា មិនដែលប្រកាសចេញពីអាស៊ានទេ ហើយសម្តេចដាក់សំណួរថា «ឥឡូវនេះលោក មីង អោងឡាំង ជាអ្នកកាន់អំណាច បើមិនឲ្យធ្វើការជាមួយគាត់ តើឲ្យធ្វើការជាមួយនរណា?»

ស្របពេលជាមួយគ្នានេះ លោកបណ្ឌិត គិន ភា បានរិះគន់ចំពោះទង្វើអតីតរដ្ឋមន្ត្រីការបរទេសថៃ ហើយចាត់ទុកថា នេះជាទង្វើបន្ទុចបង្អាក់ និងឈ្នានីស។ លោកថ្លែងថា អ្វីដែលជាសុឆន្ទៈរបស់សម្តេចតេជោ ហ៊ុន សែន ចង់ធ្វើនេះ គួរណាតែទទួលបាននូវការគោរព ទទួលបាននូវការវាយតម្លៃខ្ពស់ គឺមិនគួរទទួលបាននូវការច្រណែនឈ្នានីស ឬចរន្ត នៃការបន្ទុចបង្អាក់ទេ។

លោកបន្តថា «គួរទុកឲ្យរាជរដ្ឋាភិបាលកម្ពុជា នាយករដ្ឋមន្ត្រីកម្ពុជា ដើរតួនាទីរបស់ខ្លួន ក្នុងនាមជាអ្នកសម្របសម្រួល ជួយរកនូវដំណោះស្រាយសមស្របសម្រាប់ប្រជាជនភូមា សម្រាប់នយោបាយនៅភូមា ជាជាងការបន្ទុចបង្អាក់ ឬធ្វើឲ្យមានការរាំងស្ទះណាមួយ។ អញ្ចឹង ខ្ញុំឃើញថា អ្វីដែលជាការប្តេជ្ញាចិត្តរបស់សម្តេចតេជោ ហ៊ុន សែន មិនត្រឹមតែអាចនាំមកនូវផលប្រយោជន៍សម្រាប់ប្រទេស និងប្រជាជនភូមាទេ ក៏អាចនាំមកនូវមោទនភាព សម្រាប់កម្ពុជាផងដែរ បើសិនជាអាចរកបាននូវដំណោះស្រាយ ដ៏សមស្របមួយ ដែលជាសេចក្តីត្រូវការរបស់ប្រជាជនភូមា»

រដ្ឋាភិបាលយោធាមីយ៉ាន់ម៉ា បានអះអាងថា ខ្លួនកំពុងទន្ទឹងរង់ចាំស្វាគមន៍ និងធ្វើការសម្របសម្រួលជាមួយប្រេសិតពិសេសរបស់ប្រធានអាស៊ាន ដែលតែងតាំងដោយកម្ពុជា នៅឆ្នាំ២០២២ ដើម្បីអនុវត្តនូវការព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច រួមទាំងការធ្វើឲ្យកាន់តែប្រសើរថែមទៀតនូវដំណើរការផ្តល់ជំនួយមនុស្សធម៌។

គោលការណ៍ចំនួន ៥ចំណុចសំខាន់ៗ ឆ្លើយតបទៅនឹងវិបត្តិនយោបាយនៅក្នុងប្រទេសមីយ៉ាន់ម៉ា ដែលអាស៊ានដាក់ចេញនោះ មានដូចជា៖

ទី១៖ ត្រូវបញ្ឈប់ជាបន្ទាន់នូវអំពើហិង្សា នៅក្នុងប្រទេសមីយ៉ាន់ម៉ា ហើយគ្រប់ភាគីទាំងអស់ត្រូវបង្កើនការអត់ធ្មត់ ឲ្យដល់កម្រិតខ្ពស់បំផុត។

ទី២៖ ចាប់ផ្តើមការសន្ទនាប្រកបដោយការស្ថាបនា ក្នុងចំណោមភាគីពាក់ព័ន្ធទាំងអស់ ដើម្បីស្វែងរកដំណោះស្រាយដោយសន្តិវិធី ដើម្បីផលប្រយោជន៍របស់ប្រជាជន។

ទី៣៖ ប្រេសិតពិសេសរបស់ប្រធានអាស៊ាន នឹងសម្រួលដល់ការសម្រុះសម្រួល នៃដំណើរការរៀបចំកិច្ចសន្ទនា ដោយមានជំនួយពីអគ្គលេខាធិការអាស៊ាន។

ទី៤៖ អាស៊ានត្រូវផ្តល់ជំនួយមនុស្សធម៌តាមរយៈមជ្ឈមណ្ឌល AHA។

ទី៥៖ ប្រេសិតពិសេស និងគណៈប្រតិភូនឹងធ្វើទស្សនកិច្ចនៅប្រទេសមីយ៉ាន់ម៉ា ដើម្បីជួបជាមួយភាគីពាក់ព័ន្ធទាំងអស់៕