Update: អ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាត នៅអាហ្គានីស្ថាន បានកើនដល់៦៤នាក់ និងរបួស៣៤៧នាក់
20-04-2016 16:24
(កាប៊ុល)៖ អ្នកនាំពាក្យរបស់ក្រសួងមហាផ្ទៃអាហ្គានីស្ថាន បានឲ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារការបំផ្ទុះគ្រាប់ អត្តឃាត នៅក្បែរស្ថានទូតអាមេរិក និងទីស្នាក់ការភ្នាក់ងារសន្តិសុខជាតិ បានកើនឡើងដល់ ៦៤នាក់ និងរបួស ៣៤៧នាក់ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Sky News ចេញផ្សាយនៅរសៀលថ្ងៃទី២០ ខែមេសា។
យោងតាមសំដីរបស់អាជ្ញាធរបានឲ្យដឹងថា គ្រាប់បែកត្រូវបានបង្កប់នៅក្នុងរថយន្ត ហើយបានបំផ្ទុះឡើង ដែលបណ្ដាលឲ្យមានសំឡេងយ៉ាងខ្លាំង និងបង្កការភ័យខ្លាច ហើយបើតាមប្រភពព័ត៌មានមិនច្បាស់ការណ៍ បានឲ្យដឹងថា ក្រុមឧទ្ទាមតាលីបង់ នឹងធ្វើការបំផ្ទុះគ្រាប់បែកជាបន្តទៀត នៅក្នុងពេលឆាប់ៗនេះ។
គួរបញ្ជាក់ផងដែរថា កាលពីដើមឆ្នាំ២០១៦នេះ មានប្រទេសចំនួន៤គឺ សហរដ្ឋអាមេរិក ចិន ប៉ាគីស្ថាន រួមទាំងម្ចាស់ផ្ទះគឺអាហ្វហ្គានីស្ថាន បានបើកកិច្ចប្រជុំកំពូលមួយស្វែងរកដំណោះស្រាយ ដើម្បីសន្ដិភាព ក្នុងគោលដៅពិភាក្សាជាមួយក្រុមមឧទ្ទាមតាលីបង់ ដើម្បីបញ្ចប់ជម្លោះ ប៉ុន្តែមកដល់ពេលនេះ ក្រុមតាលីបង់ មិនព្រមចូលតុចរចាឡើយ ផ្ទុះទៅវិញនៅតែបន្តសកម្មភាពដដែល៕