(ភ្នំពេញ)៖ កាកបាទក្រហមកម្ពុជា ដែលមានហ្លួងម៉ែ នរោត្ដម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ជាព្រះប្រធានកិត្ដិយស និងក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិត របស់សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជាប្រធាន បានខិតខំប្រឹងប្រែងក្នុងបុព្វហេតុមនុស្សធម៌ សង្គ្រោះប្រជាពលរដ្ឋ ងាយរងគ្រោះ និងងាយរងគ្រោះបំផុតនៅទូទាំងប្រទេស ហើយស្របនឹងវិបត្ដិសកលលោកនេះ កាកបាទក្រហមកម្ពុជា បានបន្ដចុះផ្សព្វផ្សាយអប់រំដល់ប្រជាពលរដ្ឋ និងផ្ដល់ជាសម្ភារៈសម្រាប់ប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដល់មន្ដ្រីជួរមុខទូទាំង២៥រាជធានី-ខេត្ដផងដែរ។

ជាងនេះទៅទៀត ស្របពេលដែលកាកបាទក្រហមកម្ពុជា ទទួលបានការឧបត្ថម្ភ ជាជែលលាងដៃ ពីក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ជំហានទី១ ចំនួន ១៦,២០០កេស (ស្មើនឹង២៥៩,២០០ដប) កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ចែងឱ្យមន្ត្រីទីស្នាក់ការកណ្តាល ចុះប្រគល់ជែលទាំងអស់ ជូនដល់សាខាកាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យបង្អែក នៅទូទាំង២៥ រាជធានី-ខេត្ត ដែលជាប្រតិបត្តិករជួរមុខប្រយុទ្ធនឹងជំងឺកូវីដ១៩ ជាពិសេសដើម្បីលើកកម្ពស់ការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក នៅទូទាំងប្រទេស ក្នុងការព្យាបាលជំងឺជូនប្រជាពលដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន។

មកទល់នឹងថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ កាកបាទក្រហមកម្ពុជា បាននាំយកនូវជែលរបស់ក្រុមហ៊ុនខាងលើនេះ បន្ដចែកជូនដល់សាខារបស់ខ្លួន និងមន្ទីរពេទ្យបង្អែក នៅក្នុងខេត្ដចំនួន ១២ហើយ រួមទាំងខេត្ដកំពង់ចាម និងខេត្ដត្បូងឃ្មុំ ដែលអញ្ជើញប្រគល់ផ្ទាល់ដោយ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា ហើយរាជធានីខេត្ដចំនួន១០ទៀតរួមមាន៖ រាជធានីភ្នំពេញ, ខេត្ដបាត់ដំបង, បន្ទាយមានជ័យ, ឧត្ដរមានជ័យ, ព្រះវិហារ, សៀមរាប, រតនៈគិរី, កំពង់ធំ, ព្រៃវែង និងខេត្ដស្វាយរៀង។

ចំពោះខេត្ដចំនួន២ នៅថ្ងៃនេះ កាកបាទក្រហមកម្ពុជា បានប្រគល់ជែលលាងដៃចំនួន ៨០០កេស (ស្មើនឹង១២,៨០០ដប) ជូនសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម និងមន្ទីរពេទ្យបង្អែកខេត្ត-ស្រុក ចំនួន៩ សម្រាប់ប្រើប្រាស់ប្រយុទ្ធនឹងជំងឺកូវីដ១៩ ដែលប្រារព្ធធ្វើឡើងនៅស្នាក់ការកាកបាទក្រហមកម្ពុជាខេត្ដកំពង់ចាម និងជែលលាងដៃចំនួន ៦៧៣កេសទៀត (ស្មើនឹង១០,៧៦៨ដប) បានប្រគល់ជូនសាខា កាកបាទក្រហមកម្ពុជាខេត្តត្បូងឃ្មុំ (ជាខេត្តទី១២) ព្រមទាំងមន្ទីរពេទ្យបង្អែក រដ្ឋបាលខេត្ត មន្ទីរអង្គភាពជុំវិញខេត្ត និងអនុសាខាកាកបាទក្រហមកម្ពុជា ៧ក្រុង-ស្រុក នៅក្នុងខេត្តត្បូងឃ្មុំ។

ក្នុងឱកាសនោះ លោកស្រី ម៉ែន នារីសោភ័គ អគ្គលេខាធិការរងទី១ កាកបាទក្រហមកម្ពុជា បានពាំនាំប្រសាសន៍របស់ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលផ្តាំផ្ញើសួរសុខទុក្ខ ថ្លែងអំណរគុណ និងកោតសរសើរចំពោះជួរគណៈអភិបាល កងកម្លាំងមានសមត្ថកិច្ច និងអាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ នៃខេត្តត្បូងឃ្មុំ ក៏ដូចជាគណៈកិត្តិយស គណៈកម្មាធិការ មន្ត្រី បុគ្គលិក យុវជន និងអ្នកស្ម័គ្រចិត្តទាំងអស់នៃសាខាកាកបាទក្រហមកម្ពុជាខេត្ដកំពង់ចាម និងខេត្តត្បូងឃ្មុំ ជាពិសេសក្រុមគ្រូពេទ្យជួរមុខ ទាំងអស់ ដែលបានលះបង់យ៉ាងធំធេង ក្នុងការចូលរួមទទួលខុសត្រូវទប់ស្កាត់ការចម្លងវីរុសកូវីដ-១៩ ។

ជាមួយគ្នានេះ លោកស្រីបានលើកឡើងថា ជែលលាងដៃទាំងអស់នេះ ជាអំណោយរបស់ ក្រុមហ៊ុន ហ័ន យ៉ា ហ៊ឺ ចុង (ខេមបូឌា) ត្រេឌីង ឯ.ក ដែលបានប្រគល់ជូន កាកបាទក្រហមកម្ពុជា ជំហានទី១ ចំនួន ១៦.២០០កេស (ស្មើនឹង ២៥៩,២០០ដប) កាលពីថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២១កន្លងទៅ។

លោកស្រីថ្លែងបន្ដថា «ភ្លាមៗនោះផងដែរ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានចាត់ចែងឱ្យមន្ត្រីទីស្នាក់ការកណ្តាល ចុះប្រគល់ជែលទាំងអស់ជូនដល់សាខាកាកបាទក្រហមកម្ពុជា និងមន្ទីរពេទ្យបង្អែក នៅទូទាំង២៥ រាជធានី-ខេត្ត ដែលជាប្រតិបត្តិករជួរមុខប្រយុទ្ធនឹងជំងឺកូវីដ-១៩ ជាពិសេសដើម្បីលើកកម្ពស់ការអនុវត្តយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល ដោយផ្តោតលើការពង្រឹងសមត្ថភាពរបស់បុគ្គលិកសុខាភិបាល នៅតាមមន្ទីរពេទ្យបង្អែកខេត្ត ក្រុង ស្រុក នៅទូទាំងប្រទេស ក្នុងការព្យាបាលជំងឺជូនប្រជាពលដ្ឋនៅតាមមូលដ្ឋានរៀងៗខ្លួន»

ទន្ទឹមនឹងនោះ លោកស្រីសង្ឃឹមជឿជាក់ថា ខ្លឹមសារនៃយុទ្ធសាស្ត្រស្តីពី «ការរស់នៅតាមគន្លងប្រក្រតីភាពថ្មី ក្នុងបរិបទនៃជំងឺកូវីដ១៩» នឹងជ្រួតជ្រាបកាន់តែច្បាស់ដល់ប្រជាពលរដ្ឋយើង ដើម្បីធានាបាននូវស្ថិរភាពនៃការបើកដំណើរការប្រទេសឡើងវិញ និងស្តារសេដ្ឋកិច្ច សង្គមឡើងវិញ។

ជាមួយគ្នានោះ លោកស្រី ប៉ាង ដានី អនុប្រធានអចិន្ត្រៃយ៍គណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តកំពង់ចាម បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទកាកបាទក្រហមកម្ពុជា ដែលតែងតែយកចិត្តទុកដាក់ គិតគូរពីសុខភាព និងសុខទុក្ខរបស់ប្រជាពលរដ្ឋ ជាពិសេសការផ្តល់ជែលលាងដៃនាពេលនេះ ពិតជាមានសារៈសំខាន់សម្រាប់មន្ត្រីតាមគោលដៅ ក្នុងការរួមចំណែកទប់ស្កាត់ការចម្លងវីរុសកូវីដ១៩ នៅតាមមូលដ្ឋាននានាឱ្យមានប្រសិទ្ធភាព។

ចំណែកលោកបណ្ឌិត ជាម ច័ន្ទសោភ័ណ ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តត្បូងឃ្មុំ ក៏បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលតែងតែបានគាំទ្រនូវសកម្មភាពមនុស្សធម៌របស់ សាខា ជាពិសេសសម្តេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានជួយទំនុកបម្រុងថវិកា សម្ភារៈយ៉ាងច្រើនសន្ធឹកសន្ធាប់ ក្នុងអំឡុងពេលនៃការប្រយុទ្ធជាមួយជំងឺកូវីដ១៩កន្លងមក៕