(ពោធិ៍សាត់)៖ នារសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ នៅវេទិកាក្នុងសាលាខេត្តលោក ជាវ តាយ អភិបាល នៃគណៈអភិបាលខេត្តពោធិ៍សាត់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំខេត្តមួយចំនួន បានទទួលអំណោយសប្បុរសធម៌ ជាអាវរងារ ភួយ និងគ្រឿងឧបភោគបរិភោគមួយចំនួន ពីសប្បុរសជន ដើម្បីទុកចែកជូនប្រជាពលរដ្ឋក្រីក្រខ្វះខាតពិតប្រាកដ ក្នុងអំឡុងរដូវរងារ។
សប្បុរសជន ដែលបាននាំយកអំណោយ មកផ្តល់ជូនរដ្ឋបាលខេត្ត រួមមាន៖
១៖ លោក គង់ សារាជ ប្រធានក្រុមសមាជិកព្រឹទ្ធសភាព ប្រចាំភូមិភាគទី៧ និងជាប្រធានគណៈកម្មការ សាធារណៈការ ដឹកជញ្ជូន អាកាសចរស៊ីវិល ប្រៃសណីយ៍ ទូរគមនាគមន៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងលោកស្រី
២៖ លោក ឡុង ស្រូយ និងលោកស្រី ថោង ថាវរី
៣៖ លោក អ៊ុក សុខុម និងលោកស្រី តាំង សាំ
៤៖ លោក ហុក សុទ្ធា អនុប្រធាននាយកដ្ឋានអាស៊ីប៉ាស៊ីហ្វិក នៃក្រសួងពាណិជ្ជកម្ម និងភរិយា (ពោធិ៍សាត់)
៥៖ លោក ជា សុខា និងភរិយា។ សម្ភារ និងគ្រឿងឧបភោគបរិភោគ ដែលសប្បុរសជនសហការគ្នាចូលរួមឧបត្ថម្ភនោះរួមមាន៖ អាវរងារ ចំនួន៤០០អាវ ភួយ១០០ ទឹកត្រី១៥០យួរ និងទឹកស៊ីអ៊ីវ១៥០យួរ។
ក្នុងនាមរដ្ឋបាលខេត្តលោក ជាវ តាយ បានថ្លែងអំណរគុណ និងកោតសរសើរ ចំពោះទឹកចិត្តសប្បុរសធម៌ របស់សប្បុរសជន ដែលជាម្ចាស់អំណោយទាំងអស់។ លោកបានចាត់ទុកថា អំណោយទាំងអស់នេះ ពិតជាសំខាន់ក្នុងស្មារតី និងកាយវិការមនុស្សធម៌ដ៏ប្រពៃ ដើម្បីរួចចំណែកជាមួយរដ្ឋបាលខេត្តពោធិ៍សាត់ ដែលកំពុងមានតម្រូវការចាំបាច់ សម្រាប់ជួយដល់ប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះផ្សេងៗ ពិសេសក្នុងរដូវរងានេះផ្ទាល់តែម្តង។
លោកសូមសន្យាថា នឹងនាំយកអំណោយទាំងអស់នោះ ទៅប្រើប្រាស់ និងទុកចែកជូនបន្ត ដល់ប្រជាពលរដ្ឋដែលងាយរងគ្រោះ ឱ្យចំគោលដៅ និងមានប្រសិទ្ធភាពខ្ពស់៕