(ភ្នំពេញ)៖ លោក មុត ចន្ថា មនុស្សជំនិតរបស់ លោក កឹម សុខា បានលើកឡើងថា លោក សម រង្ស៉ី បាន និងកំពុងដាក់ចេញនូវយុទ្ធសាស្ត្រ៣ចំណុច សំដៅឱ្យសហគមន៍អន្តរជាតិទាញគាត់ចូលទៅក្នុងកញ្ចប់ដំណោះនយោបាយតាមផ្លូវការទូត ប៉ុន្តែលោកថា យុទ្ធសាស្រ្ត៣របស់ លោក សម រង្ស៉ីនេះ ជាយុទ្ធសាស្រ្តចាញ់ៗ។

តាមរយៈបណ្តាញសង្គម Facebook លោក មុត ចន្ថា បានលើកឡើងយ៉ាងដូច្នេះថា៖ «យើងបានទទួលព័ត៌មានថា លោក សម រង្ស៉ី ប្រធានចលនាសង្រ្គោះជាតិ ដែលត្រូវបានចាត់ទុកជាចលនាឧទ្ទាមក្រៅច្បាប់ (outlawed guerrillas movement) បានដាក់ចេញយុទ្ធសាស្រ្តចំនួន៣ ដើម្បីធ្វើឱ្យខ្លួនគាត់មានទម្ងន់ និងឥទ្ធិពលនយោបាយឡើងវិញ សំដៅឱ្យសហគមន៍អន្តរជាតិទាញគាត់ចូលទៅក្នុងកញ្ចប់ដំណោះនយោបាយតាមផ្លូវការទូត ប្រសិនជាមានជាយកថាហេតុ ឬមានបំណងទាញចំណាប់អារម្មណ៍អំពីសារសំខាន់របស់គាត់។ ប្រសិនជាយើងពិនិត្យមើលយុទ្ធសាស្រ្តចំនួន៣ របស់លោក សម រង្ស៉ី គឺជា «យុទ្ធសាស្រ្តចាញ់ៗៗៗ» រួចទៅហើយ»។

បើតាមលោក មុត ចន្ថា យុទ្ធសាស្រ្តចំនួន៣ របស់លោក សម រង្ស៉ីនេះរួមមាន៖

* យទ្ធសាស្រ្តីទី១៖ លោ ក សម រង្ស៉ី កំណត់ទិសដៅច្បាមយកគណបក្សទាំងពីរ គឺគណបក្សសង្រ្គោះជាតិ» និង «គណបក្សភ្លើងទៀន» ដើម្បីយកមកត្រួតត្រា ព្រោះគាត់ចាត់ទុកថា គណបក្សទាំងពីរគឺជាស្ថាប័នផ្សេងគ្នា ដូច្នេះត្រូវមានទិដៅ និងបេសកកម្មផ្សេងគ្នា។

* យទ្ធសាស្រ្តទី២៖ លោក សម រង្ស៉ី បានកំណត់ទិសដៅ និងបេសកកម្មសម្រាប់គណបក្សភ្លើងទៀន ជាចលនានយោបាយស្របច្បាប់មួយ ដើម្បីវាយដណ្តើមយកសមរភូមិនយោបាយនៅកម្ពុជាឡើងវិញ ដើម្បីត្រួសត្រាយបើកផ្លូវនយោបាយឱ្យគាត់ មានទម្ងន់ និងអំណាចនយោបាយឡើង ក្នុងគោលបំណងស្វែងរកការចរចាទ្វេភាគី ឬពហុភាគីដោយមានសហគមន៍អន្តរជាតិចូលរួមសម្របសម្រួល។

* យទ្ធសាស្រ្តទី៣៖ លោក សម រង្ស៉ី បន្តឱបគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយនៅក្រៅប្រទេស ក្រោមឆត្រពីរ គឺជា «ប្រធានស្តីទីលើកបន្តុបខ្លួនគាត់ដោយរំលោភលក្ខន្តិកៈ» និងជា «ប្រធានចលនាសង្រ្គោះជាតិដែលត្រូវបានចាត់ជាក្រុមឧទ្ទាមក្រៅច្បាប់» ដើម្បីបន្តធ្វើសកម្មភាព នូវអ្វីដែលគាត់អះអាងថាបន្តធ្វើកិច្ចការទូតជាមួយអន្តរជាតិ។

ជាមួយនឹងការចោទសួរថា ហេតុអ្វីត្រូវចាត់ទុកជាយុទ្ធសាស្រ្តចាញ់ៗៗៗ? លោក មុត ចន្ថា បានរៀបរាប់ថា៖

* ចាញ់ទី១៖ ការណ៍ដែលលោក សម រង្ស៉ី កំណត់គណបក្សភ្លើងទៀន និងគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ ជាស្ថាប័នពីរដាច់ពីគ្នា គឺជាបង្ហាញពីការបែកបាក់យ៉ាងច្បាស់ក្រឡែត ព្រោះគណបក្សភ្លើងទៀន ដែលបានប្តូរឈ្មោះមកពីគណបក្សសមរង្ស៉ី ធ្លាប់ត្រូវបានច្របាច់បញ្ចូលជាមួយគណបក្សសិទ្ធិមនុស្ស បង្កើតបានជា «គណបក្សសង្រ្គោះជាតិ» នៅខែកក្កដា ឆ្នាំ២០១២។ តាមពិតបន្ទាប់ពីការច្របាច់បញ្ចូលគ្នារួច ទាំងគណបក្សសមរង្ស៉ី បច្ចុប្បន្នគណបក្សភ្លើងទៀន និងគណបក្សសិទ្ធិមនុស្ស បានប្រកាសមិនធ្វើសកម្មភាពនយោបាយ ឬចូលរួមការបោះឆ្នោត ដោយគណបក្សទាំងពីរត្រូវរួមកម្លាំងគ្នាធ្វើសកម្មភាពនយោបាយ សម្រាប់គណបក្សសង្រ្គោះជាតិ តែមួយ។ ឥឡូវលោក សម រង្ស៉ី បានរៀបចំឱ្យគណបក្សភ្លើងទៀន ចេញធ្វើសកម្មភាពនយោបាយ និងចូលរួមក្នុងការបោះឆ្នោត ក្នុងគោលបំណងដណ្តើមយកសមរភូមិនយោបាយនៅកម្ពុជាឡើងវិញ គឺស្មើនឹងការប្រកាសផ្តាច់ខ្លួនចេញពីគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយរួចទៅហើយ។ ផ្តាច់ខ្លួនចេញ គឺបែកបាក់ ដូច្នេះសម្ព័ន្ធភាពទ្វេភាគីកន្លងមកត្រូវបានបញ្ចប់។

* ចាញ់ទី២៖ ការណ៍ដែលលោក សម រង្ស៉ី កំណត់យុទ្ធសាស្រ្ត និងបេសកកម្មឱ្យគណបក្សភ្លើងទៀង ធ្វើសកម្មភាពនយោបាយ និងចូលរួមការបោះឆ្នោត ដើម្បីដណ្តើមយកសមរភូមិនយោបាយឡើងវិញ គឺរិតតែចាញ់យ៉ាងគ្រោះថ្នាក់ថែមទៀត។ ពាក្យថា «ដណ្តើមយកសមរភូមិនយោបាយ» អាចមានន័យនិងគោលបំណងពីរៈ (១)ធ្វើសង្រ្គាម ឬ (២)ធ្វើការបះបោរ ដែលលោក សម រង្ស៉ី ធ្លាប់បានប្រកាសចេញជាផែនការ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៩ ដែល«គាត់បានអំពាវនាវឲ្យកងកម្លាំងប្រដាប់អាវុធទាំងអស់ បែរចុងកាណុងសំដៅទៅ សម្តេចតេជោ ហ៊ុន សែន វិញ ប្រសិនជា សម្តេច ហ៊ុន សែន បញ្ជាឲ្យកងកម្លាំងប្រដាប់អាវុធបាញ់ប្រហារមកលើប្រជាពលរដ្ឋដែលគាត់អះអាងថានឹងមកទទួលគាត់ នៅថ្ងៃ ០៩ វិច្ឆិកា ២០១៩»។

* ចាញ់ទី៣៖ លោក សម រង្ស៉ី បានកំណត់យុទ្ធសាស្រ្តចូលរួមការបោះឆ្នោត។ ការដណ្តើមសមរភូមិនយោបាយឡើងវិញនេះគ្រាន់តែចំណុចចាប់ផ្តើមមួយ ដើម្បីឈានទៅអនុវត្តផែនការហិង្សាផ្សេងៗ ដូចជាៈ «បង្កសង្រ្គាម» ឬ «ធ្វើការបះបោរ» នៅក្រោមរូបភាពបាតុកម្មប្រឆាំងលទ្ធផលបោះឆ្នោត ដូចដែលលោក សម រង្ស៉ី ធ្លាប់បានធ្វើនៅក្រោយការបោះឆ្នោត ឆ្នាំ១៩៩៨, ឆ្នាំ២០០៣, ឆ្នាំ២០០៨ និងឆ្នាំ២០១៣-២០១៤។ គេនៅចាំបានថា ផែនការមាតុភូមិនិវត្តន៍ លើកទី១ «៩វិច្ឆិកាឆ្នាំ២០១៩» លោក សម រង្ស៉ី បានប្រកាសចូលមកចាប់ខ្លួន សម្តេចតេជោ ហ៊ុន សែន និងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។ ដូច្នេះ លោក សម រង្ស៉ី និងអ្នកនយោបាយជំនិតរបស់គាត់នៅក្រៅប្រទេស អាចរៀបចំផែនការយុទ្ធសាស្រ្តទម្លាក់មកឱ្យអ្នកនៅក្នុងប្រទេសអនុវត្តផែនការបះបោរ។ គេអាចសួរថាផែនការបះបោរក្នុងគោលណងផ្តួលរំលំរាជរដ្ឋាភិបាលនេះទៅរួចទេ ចម្លើយគឺមិនអាចទៅរួចជាដាច់ខាត ព្រោះរាជរដ្ឋាភិបាលប្រាកដជាបង្រ្កាបយ៉ាងដាច់ខាត ដូចដែលរាជរដ្ឋាភិបាលធ្លាប់បានដាក់ចេញផែនការបង្រ្កាបចំពោះផែនការ «៩វិច្ឆិកា២០១៩» ដូច្នេះដែរ។

* ចាញ់ទី៤៖ គណបក្សភ្លើងទៀនចូលរួមការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់ នៅឆ្នាំ២០២២ និងការបោះឆ្នោតសភានៅឆ្នាំ២០២៣ ដែលត្រូវគេដឹងពីលទ្ធផលជាមុន គឺ «ចាញ់» ព្រោះលទ្ធផលបោះឆ្នោតនៅមុនការរួបរួមគ្នា នៅខែកក្កដា ឆ្នាំ២០១២ គណបក្សសមរង្ស៉ីកើនបានតែ ២អាសនៈសភា ក្នុងការបោះឆ្នោតនៅឆ្នាំ២០០៨ ដែលខុសពីការរំពឹងទុករបស់លោក សម រង្ស៉ី នៅពេលគាត់ផ្តួចផ្តើមស្នើធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញពីសម្លេងពីរភាគបី (២/៣) មកត្រឹមហាសិបភាគរយបូកមួយ (៥០% + ១) នៃសមាជិកសភាទាំងមូល ក្នុងការបង្កើតរដ្ឋាភិបាល គឺគាត់រំពឹងឈ្នះសម្លេង ៥០%។ ឥឡូវទម្រាំ គាត់បានក្បត់ឆន្ទៈរបស់អ្នកគាំទ្រ ឬម្ចាស់ឆ្នោតខ្លួន សម្លេងឆ្នោតអាចនឹងដាំក្បាលចុះក្រោមថែមទៀត។ ទោះបីគណបក្សភ្លើងទៀនបានខិតខំរៀបចំសមាជវិសាមញ្ញ នៅថ្ងៃទី២៧ ខែវិច្ឆិកា ដើម្បីជ្រើសតាំងថ្នាក់ដឹកនាំថ្មីដែលមានចេតនាបង្ហាញពីការមិនជាប់ពាក់ពន្ធជាមួយលោក សម រង្ស៉ី ក៏ដោយ ក៏មិនអាចលាងជ្រះពីការសង្ស័យ ព្រោះគណបក្សភ្លើងទៀនមិនអាចចៀសផុតពីការប្រើប្រាស់បារមីរបស់លោក សម រង្ស៉ី បានឡើយ។ ប្រសិនជាគណបក្សភ្លើងទៀនងើបសន្ទុះកម្លាំងនយោបាយ គណបក្សនេះស្ថិតក្នុងដង្កាប់ស្រាប់ដែលងាយខ្យល់បក់ឱ្យរលត់ទៅវិញ ព្រោះមូលដ្ឋានច្បាប់មានគ្រប់គ្រាន់ ដើម្បីភ្ជាប់ដាក់បន្ទុក ជាងគណបក្សថ្មីស្រឡាងមួយ។

* ចាញ់ទី៥៖ សហគមន៍អន្តរជាតិពុំដែលទទួលស្គាល់លោក សម រង្ស៉ី ក្នុងនាមជាប្រធានស្តីទីគណបក្សសង្រ្គោះជាតិក្រៅប្រទេសឡើយ។ ម្យ៉ាងទៀតសហគមន៍អន្តរជាតិពុំភ្ជាប់ខ្លួន ឬសហការជាមួយមេដឹកនាំចលនាខុសច្បាប់ដែលមានគោលបំណងផ្តួលរំលំរដ្ឋាភិបាលនៃរដ្ឋអធិបតេយ្យឡើយ។ លោក ឈុន យ៉ាសិដ្ឋ មេចលនាអ្នកប្រយុទ្ធកម្ពុជាដើម្បីសេរីភាពដែលបានដឹកនាំកម្លាំងប្រដាប់អាវុធប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាល នៅខែវិច្ឆិកា ឆ្នាំ២០០០ ត្រូវបានចាប់ខ្លួន និងកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិត នៅសហរដ្ឋអាមេរិក។

រដ្ឋាភិបាលសហរដ្ឋអាមេរិកមិនអាចមានកិច្ចសហប្រតិបត្តិការជាមួយអ្នកនយោបាយណា ដែលមានបំណងផ្តួលរំលំរដ្ឋាភិបាលដែលមានសន្តិភាពជាមួយខ្លួនឡើយ ដោយសារមូលហេតុនេះហើយទើបកន្លងមកក្នុងរយៈពេលជាង ៤ឆ្នាំមកនេះ ពុំមានមន្រ្តី ឬថ្នាក់ដឹកនាំរដ្ឋាភិបាលអាមេរិក នៃរដ្ឋបាលរបស់អតីតប្រធានាធិបតី លោក ដូ ណាល់ត្រាំ និងរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ជួបលោក សម រង្ស៉ី។ លោក សម រង្ស៉ី បានជួបត្រឹមមន្រ្តី ឬសមសជិកសភា ២-៣រូប ប៉ុណ្ណោះ ដែលមិនតំណាងឱ្យរដ្ឋបាលអាមេរិក។ បើសិនជាសហគមន៍អន្តរជាតិចង់សហការ ឬជួបពិភាក្សាការងារ គឺពួកគេតែងតែជួបតំណាងអតីតគណបក្សសង្រ្គោះជាតិ ជាពិសេសលោក កឹម សុខា ក្នុងនាមជាប្រធានគណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយ។ គេនៅចាំបានថា លោកស្រី រ៉ូណា ស្មីត អតីតអ្នករាយការណ៍ពិសេស អង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សបចាំកម្ពុជា ធ្លាប់បានថ្កោលទោសលោក សម រង្ស៉ី នៅកិច្ចប្រជុំកំពូលរបស់ក្រុមប្រឹក្សាសិទ្ធិមនុស្សនៃអង្គការសហប្រជាជាតិ នៅទីក្រុងហ្សឺណែវ ចំពោះអំពើនិងការប៉ុនប៉ងផ្តួលរំលំរាជរដ្ឋាភិបាលកម្ពុជា។

«ទាំងនេះជាយុទ្ធសាស្រ្តមិនដែលឈ្នះ គឺចាញ់ ចាញ់ ចាញ់ ជារៀងរហូត!»។ នេះបើតាមលោក មុត ចន្ថា៕