(ភ្នំពេញ)៖ កម្លាំងនគរបាលផ្នែកយុត្តិធម៌ ខណ្ឌដូនពេញ ដឹកនាំផ្ទាល់ដោយ លោកវរសេនីយ៍ឯក ហួត ចាន់ យ៉ារ៉ាន់ អធិការខណ្ឌដូនពេញ នៅរសៀលថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ បានចុះបង្រ្កាបកន្លែងបើកល្បែងស៊ីសង ចាក់កន្ទុយលេខ និងភ្នាល់បាល់ដោយឃាត់ មនុស្សចំនួន៦នាក់ មានស្រីម្នាក់ នៅផ្ទះលេខ 32-34Eoz ផ្លូវ១៥ ភូមិ៤ ក្រុម៦ សង្កាត់ផ្សារចាស់។
មន្រ្តីនគរបាលខណ្ឌដូនពេញ បានឲ្យដឹងថា ក្រៅពីការឃាត់ខ្លួនមនុស្សទាំង៦នាក់ កម្លាំងនគរបាល ក៏បានដកហូតវត្ថុតាងមួយចំនួនទៀត រួមមាន៖ ក្រដាសសំរាប់កត់ឆ្នោត បាល់ មួយចំនួន និងម៉ាស៊ីន Fax ចំនួន២គ្រឿងផងដែរ។
សម្រាប់យុទ្ធនាការចុះបង្ក្រាបល្បែងស៊ីសងខុសច្បាប់ នៅទឹកដីខណ្ឌដូនពេញ ត្រូវបានអភិបាលខណ្ឌលោក គួច ចំរើន បានដាក់បទបញ្ជា ឲ្យអាជ្ញាធរ និងសមត្ថកិច្ចមូលដ្ឋានចុះស្រាវជ្រាវ និងចុះបង្ក្រាបជាបន្តបន្ទាប់ មិនឲ្យមានវត្តមាននោះឡើយ ពីព្រោះល្បែងស៊ីសងទាំងនេះ នាំឲ្យកើតមានឡើងនូវបទល្មើសនានា។ សម្រាប់យុទ្ធនាការចុះបង្ក្រាបល្បែងស៊ីសង ទាំងនេះរបស់អភិបាលខណ្ឌដូនពេញ ត្រូវបានគេ មើលឃើញថា បានធ្វើឡើងក្រោយពីយុទ្ធនាការ ចុះបង្ក្រាបទីតាំងហ្គេមខុសច្បាប់៕