(ព្រះវិហារ)៖ ជែលលាងដៃចំនួន៥៦៩កេស ស្មើនិង៩១០៤ដប ដែលជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបាននាំយកទៅចែកជូនមណ្ឌលសុខភាព ចំនួន៣០ និងប៉ុស្តិ៍សុខភាពចំនួន១៧ មកពីតាមបណ្តាលក្រុងស្រុក ក្នុងខេត្តព្រះវិហារ។

ពិធីនេះស្ថិតក្រោមវត្តមានលោកវេជ្ជបណ្ឌិត គួង ឡូ ទីប្រឹក្សាក្រសួងសុខាភិបាល និងជាប្រធានមន្ទីរសុខាភិបាលខេត្តព្រះវិហារ តំណាងលោក ប្រាក់ សុវណ្ណ អភិបាលខេត្ត និងជាប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះវិហារ ដោយមានការចូលរួមពីលោក លោកស្រី មកពីតាមមណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពជាច្រើនរូបទៀតនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។

នៅក្នុងឱកាសនេះ លោកវេជ្ជបណ្ឌិត គួង ឡូ បានផ្តាំផ្ញើសាកសួរសុខទុក្ខពីលោក ប្រាក់ សុវណ្ណ ដែលជានិច្ចជាកាលលោកតែងយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងការរស់នៅរបស់មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងប្រជាពលរដ្ឋគ្រប់ៗរូបទូទាំងខេត្តព្រះវិហារ។

លោក គួង ឡូ បានថ្លែងទៀតថា ជែលលាងដៃដែលប្រគល់ជូននៅពេលនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន សម្រាប់ផ្តល់ជូនដល់មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពទូទាំងខេត្ត សម្រាប់ប្រើប្រាស់ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩។

លោកក៏បានថ្លែងណែនាំដល់មណ្ឌលសុខភាព និងប៉ុស្តិ៍សុខភាពដែលទទួលបានជែលលាងដៃនៅពេលនេះ ពេលត្រឡប់ទៅវិញត្រូវយកទៅប្រើប្រាស់ឲ្យចំទិសដៅ ពិសេសត្រូវបន្តអប់រំ ណែនាំ ប្រជាពលរដ្ឋឲ្យមានការប្រុងប្រយ័ត្ន ជានិច្ចពីជំងឺកូវីដ១៩ ដោយត្រូវអនុវត្តន៍ឲ្យបានទៀងទាត់តាមការណែនាំរបស់សុខាភិបាល និងការណែនាំរបស់រាជរដ្ឋាភិបាល «៣កុំ និង៣ការពារ»

ក្នុងឱកាសដ៏ថ្លៃថ្លាចម្រើនជន្មាយុរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន គម្រប់៦៧ឆ្នាំ ឈានចូល៦៨ឆ្នាំ នាថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២១ លោកវេជ្ជបណ្ឌិត គួង ឡូ ព្រមទាំងមន្ត្រីរាជការ នៃមន្ទីរសុខាភិបាលខេត្តព្រះវិហារ សូមគោរពជូនសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប្រកបដោយសុខភាពល្អបរិបូរណ៍ បញ្ញាញាណភ្លឺថ្លា កម្លាំងពលំមាំមួន ជន្មាយុយឺនយូរ ដើម្បីបន្តដឹកនាំកាកបាទក្រហមកម្ពុជា ទទួលបាននូវជ័យជំនះថ្មីៗធំធេងថែមទៀត ជាពិសេសស្វះស្វែងរកជំនួយមនុស្សធម៌ ពីគ្រប់មជ្ឈដ្ឋានជាតិនិងអន្តរជាតិ ដើម្បីជួយដល់ជនងាយរងគ្រោះ ទុរគតជន ជនចាស់ជរា កុមារកំព្រា ជនគរថ្លង់ ជនពិការ ព្រមទាំងជនរងគ្រោះដោយគ្រោះមហន្តរាយនិងគ្រោះធម្មជាតិផ្សេងៗ៕