(ភ្នំពេញ)៖ ពិតជារឿងមួយ គួរឲ្យភ្ញាក់ផ្អើលជាថ្មីក្នុងពិភពសិល្បៈ ខណៈដែលតារាស្រីល្បីៗរបស់កម្ពុជា ចំនួន៥ដួង បានមកប៉ះគ្នាក្នុងរឿងថ្មីមួយ ជាវណ្ណកម្មនិពន្ធ និងដឹកនាំសម្ដែងដោយអ្នកស្រី ពាន់ ភួងបុប្ផា មានចំណងជើងថា«បណ្ដឹងស្រីទាំង៥» ដែលជាប្រភេទរឿងបែបស៊ើបអង្កេត ស្រាវជ្រាវរកយុត្តិធម៌ក្នុងសង្គម ហើយបានធ្វើពិធីក្រុងពាលីថត នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ ស្ថិតនៅឯគេហដ្ឋានរបស់អ្នកស្រី ពាន់ ភួងបុប្ផាផ្ទាល់ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ ។
តារាស្រីល្បីទាំង៥ដួង ដែលត្រូវមកប៉ះគ្នា ក្នុងសង្វៀនរឿងតែមួយនេះ គឺរួមមាន អ្នកនាង សុខ សោម៉ាវត្តី កញ្ញា មាន សូនីតា កញ្ញា សូ ដានីតា កញ្ញា នី មុនីនាថ និងកញ្ញា គៀក សុវណ្ណឡាង ។ ពួកគេនឹងប៉ះគ្នាក្នុងរឿងដំបូង ដែលជាប្រភេទរឿងបែបស៊ើបអង្កេត និងលាយឡំជាមួយខ្មោចព្រាយខ្លះៗ ខណៈដែលកន្លងមក អ្នកទាំង៥ ពុំដែលបានសម្ដែងរឿង ជាមួយគ្នាបែបនេះទេ ពោលពួកគេម្នាក់ៗ សុទ្ធតែមានទីផ្សារខ្ពស់ ទទួលបានតំណែងជាតួឯក ក្នុងរឿងផ្សេងៗគ្នា ។
លោកស្រី ពាន់ ភួងបុប្ផា អ្នកនិពន្ធ, ដឹកនាំសម្ដែង និងជាចាងហ្វាងផលិតកម្ម «ផ្កា៥» បានមានប្រសាសន៍ឲ្យដឹងថា រឿង«បណ្ដឹងស្រីទាំង៥» គឺជាស្នាដៃមួយដៃអ្នកស្រី បានត្រៀមទុករយៈពេល ជិត២ឆ្នាំមកហើយ ទើបតែមានឱកាសយកមកថត នៅពេលនេះ ខណៈដែលក្នុងផ្ទៃរឿងទាំងមូល គឺអ្នកស្រីចង់បង្ហាញពី តថភាពរបស់សង្គម ពោលគឺទាក់ទងទៅនឹង ការស៊ើបអង្កេតរកភាពយុត្តិធម៌ ចំពោះមនុស្សស្លូតត្រង់ ហើយចង់បង្ហាញថា សមត្ថកិច្ចរបស់យើងក៏លោក មាននិតិវិធីនៅក្នុងការស៊ើបអង្កេត ក្នុងសំណុំរឿងអ្វីមួយ ដើម្បីរកការពិត ព្រោះពេលខ្លះគេមើលមកថា គ្រោះថ្នាក់ហ្នឹងជាឧបទ្ទវហេតុជាក់ស្ដែង ប៉ុន្តែតាមការពិត គឺជារឿងឃាតកម្មមានការគ្រោងទុក ពីសំណាក់ជនទុច្ចរឹត ។
លោកស្រីបន្តទៀតថា រឿងនេះ បានឆ្លុះបញ្ចាំងពីបញ្ហាក្នុងសង្គមជាច្រើន ដែលបានកើតឡើង ជាពិសេសកើតឡើងចំពោះស្រីស្អាត មានឈ្មោះល្បី ហើយពាក់ព័ន្ធនឹងបញ្ហាផ្លូវភេទ ។ ទោះបីជាយ៉ាងណា រឿងនេះបានធ្វើឲ្យអ្នកស្រីសម្រេចចិត្ត វិលត្រឡប់មកកាន់សង្វៀនសិល្បៈ ជាថ្មីឡើងវិញ បន្ទាប់ពីសម្រាក អស់រយៈពេលប្រមាណ២ឆ្នាំ ហើយតារាល្បីៗដែលត្រូវចូលរួមសម្ដែងក្នុងរឿងនេះ ក៏បានសហការគ្នាសំណូមឲ្យលោកស្រី ត្រឡប់មកប្រឡូកក្នុងការងារសិល្បៈ ទើបបានក្លាយជាផ្លូវមួយ ឲ្យអ្នកស្រីវិលមកវិញតែម្ដង។
លោកស្រី ពាន់ ភួងបុប្ផា បញ្ជាក់ទៀតថា រឿងនេះអាចចំណាយដើមទុន អស់ច្រើនគួរសម ព្រោះសាច់រឿងត្រូវតែពង្រឹង ទៅលើគុណភាព បច្ចេកទេសថត ជាពិសេសតួសម្ដែងក៏សុទ្ធតែល្បីៗ ។ មួយវិញទៀតផលិតកម្ម «ផ្កា៥» បានសហការជាមួយផលិតកម្ម «មហាហង្ស» ក្នុងការផលិត ព្រោះលោកស្រីយល់ឃើញថា ផលិតកម្ម មហាហង្ស ធ្លាប់មានទំនាក់ទំនងល្អជាមួយគ្នា និងមានគោលដៅស្រឡាញ់ភាពយន្តខ្មែរ ចង់ឲ្យភាពយន្តខ្មែររីកចម្រើនដូចគ្នា និងដើម្បីឲ្យកុនមួយរឿងនេះ មានគុណភាពកាន់តែល្អ ។
សូមបញ្ជាក់ថា រឿង«បណ្ដឹងស្រីទាំង៥» ចូលរួមសម្ដែងដោយ តារាល្បីជាច្រើនដួង មានដូចជា អ្នកនាង សុខ សោម៉ាវត្តី កញ្ញា មាន សូនីតា កញ្ញា សូ ដានីតា កញ្ញា នី មុនីនាថ និងកញ្ញា គៀក សុវណ្ណឡាង កញ្ញា ទឹម រដ្ឋា លោក យ៉ែម សំអូន នេនទុំ អ្នកនាង ព្រីម មន្ថា លោក អ៉ឹង រដ្ឋា ហៅនាយទុយ លោក ខូល លោក ផាត គង់ លោក ភឹម តារាវិបុល លោក ផាត សម្បត្តិសត្យា និងតារាល្បីជាច្រើនទៀត៕