(អេក្វាទ័រ)៖ យោងតាមការចេញផ្សាយរបស់ Reuters នៅមុននេះបន្ដិចបានឲ្យដឹងថា មានគ្រោះរញ្ជួយដីថ្មីមួយទៀតកម្រិត ៦,២រ៉ិចទ័រ បានវាយប្រហារទៅលើប្រទេសអេក្វាទ័រ ដោយនៅថ្ងៃសៅរ៍សប្ដាហ៍មុន អេក្វាទ័របានជួយគ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ និងបានសម្លាប់មនុស្ស ៥០៧នាក់។
គ្រោះរញ្ជួយដីថ្មីនេះ ត្រូវបានទីភ្នាក់ងារអង្កេតការស្ទង់ភូគព្ភសាស្ត្រសហរដ្ឋអាមេរិក (USGS) បានកើតឡើងដោយមានចម្ងាយ ៧០គីឡូម៉ែត្រ ពីទីក្រុងឆ្នេរសមុទ្រ Esmeraldas និងមានជម្រៅ ១០គីឡូម៉ែត្រ។
កាលពីថ្ងៃទី១៧ កន្លងទៅនេះ ប្រទេសអេក្វាទ័របានជួយគ្រោះរញ្ជួយដីកម្រិត ៧,៨រ៉ិចទ័រ ដែលបានបណ្ដាលឲ្យមានមនុស្សស្លាប់រហូតដល់ ៥០៧នាក់ (គិតត្រឹមល្ងាចថ្ងៃទី២០ ខែមេសា) និងរងរបួសជាង ៤,០០០នាក់ ហើយជាមួយគ្នានោះផងដែរ មានមនុស្ស ៤៩៩នាក់ ត្រូវបានគេស្គាល់អត្តសញ្ញាណ ក្នុងនោះមាន ១១នាក់ជាជនបរទេស ខណៈដែលមនុស្ស ២៣០នាក់ កំពុងបាត់ខ្លួន និងមនុស្សប្រមាណ ២០,០០០នាក់ បានបាត់បង់ទីជម្រក។
គួរបញ្ជាក់ផងដែរថា យោងតាមការសន្និដ្ឋានរបស់រដ្ឋាភិបាលអេក្វាទ័រ បានឲ្យដឹងថា ផលប៉ះពាល់ដែលបណ្ដាលមកពីគ្រោះរញ្ជួយដី គឺជាទឹកប្រាក់មានចំនួន ប្រមាណ៣ពាន់លានដុល្លារអាមេរិក ហើយនៅពេលនេះ ក៏មានប្រទេសមួយចំនួន បានផ្ដល់ជំនួយដល់អេក្វាទ័រផងដែរ ក្នុងនោះចិនផ្ដល់ប្រាក់ ១០០,០០០ ដុល្លារអាមេរិក៕