(ភ្នំពេញ)៖ គណបក្សហ៊្វុនស៊ិនប៉ិច នឹងចាត់វិធានការតាមផ្លូវច្បាប់ ចំពោះបុគ្គលដែលបានក្លែងបន្លំឋានៈ និងក្លែងឯកសារនានារបស់គណបក្ស ដែលធ្វើឱ្យមានការភាន់ច្រឡំដល់សមាជិក-សមាជិកាគណបក្ស និងសាធារណជន។ នេះបើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់គណបក្ស ផ្ញើមកកាន់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។

ក្នុងសេចក្តីប្រកាសព័ត៌មានដដែល របស់គណបក្សហ្វ៊ុនស៊ិនប៉ិច បានបញ្ជាក់ថា សម្ដេចក្រុមព្រះ នរោត្តម រណឫទ្ធិ ព្រះអង្គបានសព្វព្រះទ័យ តែងតាំងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ជាអនុប្រធានគណបក្ស និងបានធ្វើការផ្ទេរសិទ្ធិថ្វាយព្រះអង្គម្ចាស់ ជាព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច ស្របតាមលក្ខន្តិកៈ ដោយអនុវត្តតាមលិខិតលេខ៣២៤១ សជណ ចុះថ្ងៃទី១៩ ខែធ្នូ ឆ្នាំ២០១៥ របស់ក្រសួងមហាផ្ទៃ និងបានធ្វើការជូនដំណឹងទៅក្រសួងមហាផ្ទៃ តាមរយៈលិខិតលេខ២៤២/២១ អគ្គ.ហសប របស់អគ្គលេខាធិការប្រតិបត្តិចុះថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២១ ។

លិខិតដដែលបានបញ្ជាក់បន្ថែមថា បន្ថែមពីនេះ បច្ចុប្បន្ន គណបក្សហ៊្វុនស៊ិនប៉ិច ស្ថិតនៅក្រោមការដឹកនាំគ្រប់គ្រងចាត់ចែង និងសម្រេចរាល់ការងារ របស់ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទី ស្របច្បាប់។

បន្ទាប់ពីអះអាងបែបនេះ គណបក្សហ្វ៊ុនស៊ិនប៉ិច ក៏ប្រកាសបដិសេធទាំងស្រុងចំពោះសេចក្តីប្រកាសព័ត៌មានស្តីពីលទ្ធផលនៃអង្គប្រជុំវិសាមញ្ញគណៈកម្មាធិការនាយកគណបក្សហ៊្វុនស៊ិនប៉ិច ចុះថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ដែលបានរៀបចំដោយបុគ្គលមួយចំនួនតូច ដែលបាត់បង់នីតិសម្បទា និងបាត់បង់សមាជិកភាពពីគណបក្សរួចទៅហើយ៕