(ភ្នំពេញ)៖ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបង្ហាញពីវិស័យធំៗ៣ ដែលជាស្នូលយ៉ាងរឹងមាំ ក្នុងការរុញកំណើនសេដ្ឋកិច្ចជាតិ ក្នុងនោះមានវិស័យកសិកម្ម, វិស័យឧស្សាហកម្មកាត់ដេរ និងវិស័យអចលនទ្រព្យ។

ការលើកឡើងរបស់លោក ផាន់ ផល្លា ធ្វើឡើងក្នុងសន្និសីទសារព័ត៌មានស្ដីពី «យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។

លោកថ្លែងបានឲ្យដឹងថា «វិស័យដែលបានជំរុញកំណើនសេដ្ឋកិច្ចជាតិ មានវិស័យកាត់ដេរ ដែលនៅតែជាវិស័យសំខាន់ សម្រាប់ជំរុញកំណើនសេដ្ឋកិច្ច, វិស័យកសិកម្ម នៅតែជាវិស័យសំខាន់ ក្នុងការជំរុញកំណើនសេដ្ឋកិច្ច និងវិស័យអចលនទ្រព្យ ដែលមានកំណើនល្អប្រសើរក្នុងឆ្នាំនេះ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ២០២០។ ជាក់ស្ដែងសម្រាប់ឆ្នាំនេះ ទោះបីមានវិបត្តិកូវីដ១៩ ប៉ុន្ដែវិស័យអចលនទ្រព្យ នៅតែមានសកម្មភាពជាប្រចាំ ក្នុងនោះបុរី ផ្ទះល្វែងជាច្រើន នៅតែបន្ដលក់ជាហូរហែរ និងគ្រប់ទីកន្លែង»

លោកបានបន្ដថា បន្ទាប់បើកប្រទេស បើកឲ្យដំណើរការសេដ្ឋកិច្ចឡើងវិញ សង្កេតឃើញថា សកម្មភាពសេដ្ឋកិច្ចមានការកើនឡើងខ្លាំងជាមុន និងមានភាពល្អប្រសើរខ្លាំងជាងមុន។

លោក ផាន់ ផល្លា បានបញ្ជាក់ថា សម្រាប់វិស័យកាត់ដេរគិតត្រឹម១១ ខែឆ្នាំ២០២១ ការនាំចេញសម្លៀកបំពាក់ មានកំណើន១៣.៦ភាគរយ បើធៀបនឹងឆ្នាំ២០២០ ការនាំចេញសម្លៀកបំពាក់មានកំណើនត្រឹមតែ១០ភាគរយប៉ុណ្ណោះ។ ក្នុងនោះការនាំចេញទំនិញមិនមែនកាត់ដេរ ក្នុងរយៈពេល១១ខែ ឆ្នាំ២០២១ មានការកើនឡើងរហូតដល់៥៣.១ភាគរយ។ សម្រាប់ការនាំចេញទំនិញកសិកម្ម កើនឡើងជាច្រើនផងដែរ បើធៀបនឹងឆ្នាំកន្លងទៅ។

របាយការណ៍របស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា បានឱ្យដឹងថា ក្នុងរយៈពេល៩ ខែឆ្នាំ២០២១ ការនាំចេញសម្រាប់ផលិផលកាត់ដេរ មានចំនួន ៨,២៤១.៧លានដុល្លារអាមេរិក កើនឡើងប្រមាណ៨៤៣.៤លានដុល្លារអាមេរិក ឬស្មើនឹង១១.៤% ធៀបនឹងរយៈពេល៩ខែ ក្នុងឆ្នាំ២០២០៕