(ភ្នំពេញ)៖ លោក ផាន់ ផល្លារ រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងពីបញ្ហាបំណុលដែលកម្ពុជាជំពាក់បរទេសមានត្រឹមតែចំនួន៩ប៊ីលានដុល្លារប៉ុណ្ណោះ ជាចំនួនស្ថិតក្នុងកម្រិតទាប បើធៀបនឹងបណ្ដាប្រទេសមួយចំនួន ដូច្នេះកម្ពុជាមិនបានស្ថិតក្នុងបំណុលវណ្ឌក ដូចបណ្ដាប្រទេសមួយចំនួននោះទេ។

ការលើកឡើងរបស់លោក ផាន់ ផល្លារ ធ្វើឡើងក្នុងឱកាសសន្និសីទសារព័ត៌មាន ស្ដីពី «យុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាល នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។

លោក ផាន់ ផល្លារ បានឲ្យដឹងថា «ខ្ញុំសូមបញ្ជាក់ចំពោះបញ្ហាបំណុលថា បំណុលរបស់កម្ពុជាទាំងមូលមានចំនួន៩ប៊ីលានដុល្លារ ចំពោះបញ្ហានៃបំណុលនេះ កម្ពុជានៅមានលទ្ធភាព ក្នុងការសងត្រឡប់ ហើយបំណុលនេះជាបំណុលស្ថិត ក្នុងកម្រិតទាបនៅឡើយទេ។ បើតាមការវាយតម្លៃរបស់មូលនិធិរូបិយវត្ថុអន្តរជាតិ (IMF) ការវាយតម្លៃរបស់ធនាគារពិភពលោក និងស្ថាប័នអន្ដរជាតិផ្សេងៗទៀត បើតាមការប្រៀបធៀបបំណុលរបស់កម្ពុជា ជាមួយបណ្ដាប្រទេសផ្សេងទៀត បំណុលរបស់កម្ពុជាមានកម្រិតទាបណាស់ កម្ពុជាមិនបានស្ថិតក្នុងបំណុលវណ្ឌក ដូចបណ្ដាប្រទេសមួយចំនួននោះទេ។ ដូច្នេះកម្ពុជាយើងមិនមានបញ្ហាពាក់ព័ន្ធនឹងលទ្ធភាព ក្នុងការសងត្រឡប់បំណុលនោះឡើយ ដោយសារតែបំណុលរបស់យើងនៅទាបនៅឡើយទេ។

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានចេញសេចក្តីប្រកាសព័ត៌មានពន្យល់ជុំវិញការគ្រប់គ្រងបំណុលរបស់កម្ពុជា ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលគ្រប់គ្រងបំណុលសាធារណៈ ប្រកបដោយស្មារតីប្រយ័ត្នប្រយែងខ្ពស់ និងតែងប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់ នូវគោលការណ៍គន្លឹះទាំង០៤ រួមមាន៖ ១៖ ត្រូវខ្ចីឥណទានក្នុងទំហំសមស្របដែលស្ថានភាពថវិកា និងសេដ្ឋកិច្ចអាចទ្រាំទ្របាន, ២៖ ត្រូវខ្ចីតែឥណទានដែលមានកម្រិតសម្បទាន និងលក្ខខណ្ឌអនុគ្រោះខ្ពស់, ៣៖ ត្រូវខ្ចីសម្រាប់តែវិស័យអាទិភាពទ្រទ្រង់ចីរភាព នៃកំណើនសេដ្ឋកិច្ច និងវិស័យបង្កើនផលិតភាពសេដ្ឋកិច្ច ឬផលិតភាពផលិតកម្ម, និង ៤៖ ត្រូវប្រើប្រាស់ឥណទានទាំងនោះ ប្រកបដោយតម្លាភាព, គណនេយ្យភាព, ប្រសិទ្ធភាព, និងស័ក្តិសិទ្ធិភាពខ្ពស់បំផុត។

នាដើមឆ្នាំ២០២១ ទីភ្នាក់ងារ វាយតម្លៃឥណទានពិភពលោក «Moody’s Investor Service» ដែលបានលើកឡើងថា កម្ពុជាមិនងាយរងគ្រោះដោយបំណុលបរទេសនោះទេ។ ទីភ្នាក់ងារ Moody បានវាយតម្លៃថា ភាពងាយរងគ្រោះនៃបំណុលរបស់កម្ពុជា នៅតែស្ថិតនៅក្នុងស្ថានភាព ដែលអាចគ្រប់គ្រងបាន ហើយចក្ខុវិស័យកំណើនផលិតផល ក្នុងស្រុកសរុបដ៏រឹងមាំរបស់កម្ពុជា ជាកត្តាដែលផ្ដល់ទំនុកចិត្តរបស់ខ្លួន លើបន្ទុកបំណុលរបស់ប្រទេសកម្ពុជា។

យោងតាមសេចក្តីព្រាងច្បាប់ ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ ២០២២ បញ្ជាក់ថា ឆ្នាំ២០២២ រាជរដ្ឋាភិបាលកម្ពុជា គ្រោងខ្ចីប្រាក់ពីដៃគូអភិវឌ្ឍន៍នូវទឹកប្រាក់ចំនួនកម្រិត ១៦០០លានSDR (ជាខ្នាតកណ្ដាលមួយ សម្រាប់វាយតម្លៃនៃលុយ) ដែលស្មើនឹងប្រមាណជាង ២២០០លានដុល្លារអាមេរិក។

សូមបញ្ជាក់ថា គិតត្រឹមដំណាច់ឆមាសទី១ ឆ្នាំ២០២១នេះ កម្ពុជាមានសន្និធិបំណុលសាធារណៈក្រៅប្រទេស សរុបចំនួនជាង៩ពាន់លានដុល្លារ ក្នុងនោះកម្ចីពីពហុភាគីចំនួន៣០.១៣%, ចិន ៤៣.៧៨%, ជប៉ុន ៨.៩១% ប្រទេសកូរ៉េ ៥.៣៨% និងជាមួយទ្វេភាគីផ្សេងទៀតចំនួន ៥.៣៨%។ ដោយឡែក បំណុលមរតក ដែលកំពុងចរចាដោះស្រាយមានចំនួន ៦.៧៥%៕