(ភ្នំពេញ)៖ សាលាដំបូងរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ បានបើកការសវនាការជំនុំជម្រះលើសំណុំរឿងជួញដូរសារធាតុញៀន និងប្រើប្រាស់អាវុធខុសច្បាប់ ទៅលើជនជាប់ចោទចំនួន៤នាក់។ សម្រាប់សវនាការនេះ មានការចូលរួមដោយលោក លី សុខឡេង ប្រធានក្រុមប្រឹក្សានៃអង្គចៅក្រម លោក ខាំ សុផារី ជាតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ។
ជនជាប់ចោទទាំង៤នាក់ ត្រូវបានជាប់ចោទពីបទ «ជួញដូរដោយខុសច្បាប់ និងប្រើប្រាស់សារធាតុញៀនតាមមាត្រា៤០ និងមាត្រា៤៥ នៃច្បាប់ស្តីអំពីការត្រួតពិនិត្យថ្នាំញៀនដោយខុសច្បាប់»។ ជនជាប់ចោទទី១. ឈ្មោះ PETTER RICHARD GOLD ភេទប្រុស អាយុ៦៨ឆ្នាំ ជាជនជាតិអង់គ្លេសមុខរបររកស៊ីជួលផ្ទះបន្តឲ្យភ្ញៀវបរទេស ស្នាក់នៅផ្ទះជួលលេខ៥៧ និងលេខ៥៩ សង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ទី២. ឈ្មោះ ស៊ឹម លីន ភេទស្រី អាយុ៣១ឆ្នាំ ស្នាក់នៅក្នុងផ្ទះខាងលើ ជាមួយគ្នា និងឈ្មោះ PETTER RICHARD GOLD ត្រូវជាសង្សានិងគ្នា ទី៣. ឈ្មោះ អែម សេង ភេទប្រុស អាយុ ជាង២០ឆ្នាំ ស្នាក់នៅផ្ទះជួលជាមួយគ្នា និងជាអនិកជននៅអាមេរិក (ជនជាប់ចោទរូបនេះ ត្រូវបានគេបញ្ជូនមកកម្ពុជាវិញ ព្រោះតែញៀនថ្នាំ ហើយធ្លាប់ជាប់ពន្ធនាគារព្រៃសម្តង កាលអំឡុងឆ្នាំ២០១១ ដោយជាប់ចោទពីបទកាន់កាប់អាវុធខុសច្បាប់ផងដែរ) និងទី៤. ឈ្មោះ ហ៊ុល សោភ័ណ្ឌ ហៅ ឌីជេ ស៊ុប ភេទប្រុស អាយុ៥១ឆ្នាំ ជាអនិកជននៅអាមេរិក ហើយមករស់នៅកម្ពុជា។ ជនជាប់ចោទទាំង៤នាក់ បានឆ្លើយបដិសេធថា ខ្លួនមិនបានធ្វើការជួញដូរដោយខុសច្បាប់នូវសារធាតុញៀននោះទេ ដោយគ្រាន់តែប្រើប្រាស់តែប៉ុណ្ណោះ តែបើយោងតាមលោក តឹក សូនី នាយរងការិយាល័យមន្ទីរប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជនជាប់ចោទទាំង៤នាក់ ត្រូវបានចាប់ខ្លួននៅល្ងាចថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០១៥ ស្ថិតនៅផ្ទះលេខ៥៧ និង៥៩E1 ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ និង២នាក់ទៀត ចាប់នៅម្តុំវត្តភ្នំ ក្នុងនោះ កម្លាំងដកហូតបានថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន4,69ក្រាម និងកញ្ឆាចំនួន18,44ក្រាមផងដែរ។
ឆ្លងកាត់តាមការសួរដេញដោលអស់រយៈពេលជាង៤ម៉ោងរបស់អង្គចៅក្រមជុំនុំជម្រះ និងដោយជនជាប់ចោទ មិនព្រមទទួលសារភាពពីទោសកំហុសរៀងៗខ្លួននោះ លោក លី សុខឡេង ប្រធានក្រុមប្រឹក្សា បានប្រកាសលើកអង្គសវនាការទៅថ្ងៃទី២ ខែឧសភា ឆ្នាំ២០១៦ ខាងមុខវិញ ហើយលោក ខាំ សុផារី តំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅតែរក្សាបទចោទថា ជាបានការដដែល៕