(ភ្នំពេញ)៖ រាជរដ្ឋាភិបាលនឹងអនុវត្តកម្មវិធី «សហហិរញ្ញប្បទាន» ជាមួយធនាគារឯក ធនាគារពាណិជ្ជ ក៏ដូចជាគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដើម្បីផ្ដល់ប្រាក់កម្ចីដល់ម្ចាស់អាជីវកម្មក្នុងវិស័យទេសចរណ៍ សម្រាប់ឱ្យពួកគេយកទៅប្រើប្រាស់ក្នុងការស្ដារអាជីវកម្ម និងបើកដំណើរការអាជីវកម្មរបស់ខ្លួនឡើងវិញ។

គួរជម្រាបថា ដោយសារតែវិបត្តិនៃការរីករាលដាលជំងឺកូវីដ១៩ជាលក្ខណសកលប្រមាណ២ឆ្នាំមកនេះ បានធ្វើឱ្យវិស័យទេសចរណ៍ជុំវិញពិភពលោក ក៏ដូចជាប្រទេសកម្ពុជាក៏បានរងនូវវិបត្តិធ្ងន់ធ្ងរមិនធ្លាប់មាន។

ក្នុងសន្និសីទព័ត៌មានស្តីពីយុទ្ធសាស្ត្រស្តារ និងជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី ដែលរៀបចំដោយអង្គភាពអ្នកនាំពាក្យ នាព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ដើម្បីជួយស្ដារវិស័យទេសចរណ៍ឡើងវិញ រាជរដ្ឋាភិបាលបានត្រៀមទំហំថវិកាដែលជាប្រាក់កម្ចីដល់វិស័យទេសចរណ៍ចំនួន២០០លានដុល្លារ។

កម្ចីថវិកានេះគឺនឹងត្រូវអនុវត្តតាមរយៈកម្មវិធីសហហិរញ្ញប្បទានរវាងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយធនាគារឯក ធនាគារពាណិជ្ជ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ។

លោកបានថ្លែងថា «សហហិរញ្ញប្បទាន» មានន័យថា រាជរដ្ឋាភិបាលដាក់ទុកពាក់កណ្ដាល ខាងធនាគារទាំងនោះដាក់ទុកពាក់កណ្ដាលដែរ។

លោក ផាន់ ផល្លា បានថ្លែងយ៉ាងដូច្នេះថា «ជាទំហំនៃកម្ចី គឺមិនធំទេ ពីព្រោះមិនមែនយកទៅធ្វើ Hotel ថ្មីទេ ប៉ុន្តែយើងចង់ឱ្យកម្មវិធីនេះអាចទៅដល់ដៃប្រតិបត្តិករច្រើន»

រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចរូបនេះបានបន្តថា កម្មវិធីសហហិរញ្ញប្បទាននេះ គឺនឹងជួយដល់អាជីវកម្មសណ្ឋាគារ និងភោជនីយដ្ឋាននៅតាមគោលដៅទេសចរណ៍សំខាន់ៗដែលរងផលប៉ះពាល់ធ្ងន់ធ្ងរជាងគេ ដូចជា សៀមរាប ព្រះសីហនុ រាជធានីភ្នំពេញជាដើម។

ទន្ទឹមនឹងការផ្ដល់កម្ចីហិរញ្ញប្បទានខាងលើនេះ រាជរដ្ឋាភិបាលក៏បានជួយអភិវឌ្ឍវិស័យទេសចរណ៍ទាំងមូល គិតគូរអំពីការបណ្ដុះបណ្ដាលអ្នកជំនាញនិងអ្នកបម្រើការក្នុងវិស័យទេសចរណ៍ ក៏ដូចជាខិតខំអភិវឌ្ឍតំបន់ទេសចរណ៍នានាផងដែរ។

បើតាមការព្យាការណ៍របស់រាជរដ្ឋាភិបាល នៅឆ្នាំ២០២២ខាងមុខ កម្ពុជានឹងទទួលបានភ្ញៀវទេសចរអន្តរជាតិប្រមាណ១លាននាក់៕