(ភ្នំពេញ)៖ យ៉ាងហោចណាស់មានប្រជាពលរដ្ឋក្រ១ ក្រ២ ប្រមាណ ៦៨ម៉ឺនគ្រួសារ ដែលមានប្រជាជនប្រមាណ ២លាន ៧សែននាក់ នៅតែបន្តទទួលបានសាច់ប្រាកឧត្ថម្ភពីរាជរដ្ឋាភិបាលជារៀងរាល់ខែ ខណៈកម្មវិធីជំនួយសង្គមផ្សេងទៀត នៅតែបន្តទទួលបានការឧបត្ថម្ភពីរដ្ឋាភិបាល នៅក្នុងដំណាក់កាលរាតត្បាតជំងឺកូវីដ១៩ ដែលអូសបន្លាយរយៈពេលជាង២ឆ្នាំមកនេះ។ នេះជាការបញ្ជាក់របស់លោកបណ្ឌិត ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។

ការបញ្ជាក់បែបនេះ របស់មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចរូបនេះ បានធ្វើឡើងនៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ នៅក្នុងឱកាសដែលលោកអញ្ជើញក្នុងសន្និសីទសារព័ត៌មាន ស្ដីពី «យុទ្ធសាស្ត្រស្តារ និងជំរុញ កំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងការរស់នៅជាមួយជំងឺកូវីដ-១៩ តាមគន្លងប្រក្រតីភាពថ្មី» ដែលរៀបចំឡើងដោយអង្គភាពអ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា។

លោកបណ្ឌិត ផាន់ ផល្លា បានឱ្យដឹងយ៉ាងដូច្នេះថា «នៅក្នុងវិបត្តិជំងឺកូវីដ១៩ កន្លងមកនេះ គឺរាជរដ្ឋាភិបាលបានដាក់ចេញ នូវកម្មវិធីផ្ទេរសាច់ប្រាក់ ជូនដល់ប្រជាពលរដ្ឋក្រ១ ក្រ២ ហើយការដាក់ចេញនូវការវិធីនេះ បានដាក់ជូនសាច់ប្រាក់ប្រចាំខែ ដល់ក្រុមគ្រួសារ សមាជិកក្រ១ ក្រ២នេះ ជាប្រចាំខែរាជរដ្ឋាភិបាលបានជូនសាច់ប្រាក់ដល់ក្រុមគ្រួសារ ប្រមាណជា៦៨ម៉ឺនគ្រួសារ ដែលមានចំនួនប្រជាជនប្រហែល ២លាន ៧សែននាក់...! មិនមែនត្រឹមតែកម្មវិធីផ្តល់សាច់ប្រាក់នោះទេ កម្មវិធីជំនួយសង្គមផ្សេងៗទៀត ដែលយើងមានពពីមុនមកនោះ ក៏បន្តផ្តល់ជូននៅក្នុងវិបត្តិនេះដែរ បើទោះបីជាមានវិបត្តិកូវីដ១៩»

លោកបណ្ឌិត ផាន់ ផល្លា បានឱ្យដឹងថា សម្រាប់កម្មវិធីផ្ទេរសាច់ប្រាក់នេះ គឺមិនមែនធ្វើឡើងតែបប្រជាពលរដ្ឋក្រ១ ក្រ២នោះទេ គឺរាជរដ្ឋាភិបាល បានបន្តឧបត្ថម្ភដល់កម្មវិធីសង្គមផ្សេងទៀត ដែលមានពីមុនមកនោះក៏បន្តឧបត្ថម្ភ នៅក្នុងវិបត្តិរាតត្បាតជំងឺកូវីដ១៩នេះដែរ។ សម្រាប់កម្មវិធីជំនួយសង្គមទាំងនោះរួមមាន៖ កម្មវិធីផ្តល់សាច់ប្រាក់ដល់ស្ត្រីមានផ្ទៃពោះ, កម្មវិធីផ្តល់ម្ហូបអាហារដល់កុមារនៅតាមសាលារៀន ព្រមទាំងកម្មវិធីមួយចំនួនផ្សេងទៀតជាដើម។ល។

លោកបណ្ឌិត ផាន់ ផល្លា «ពាក់ព័ន្ធនឹងកម្មវិធីផ្ទេរសាច់ប្រាក់ជូនដល់ប្រជាពលរដ្ឋក្រ១ ក្រ២ សម្រាប់នៅក្នុងយុទ្ធសាស្ត្រនេះ គឺយើងនៅបន្តផ្តល់ជូនទៀត អញ្ចឹងមានន័យថា ១០ជុំចប់ មិនមែនចប់តែជុំនោះទេ ប៉ុន្តែសាច់ប្រាក់នៅតែបន្តទៀត នៅក្នុងក្របខណ្ឌយុទ្ធសាស្ត្រនេះ គឺយើងនៅមានផែនការសកម្មភាព នៅក្នុងការផ្តល់សាច់ប្រាក់នេះ បន្តទៀតជូនដល់ប្រជាជនក្រ១ ក្រ២នេះ»