(ភ្នំពេញ)៖ តំណាងអាជីវករផ្សារងិនអាន ហៅផ្សារទំនប់២នាក់ ត្រូវបានចៅក្រមតុលាការកំពូល សម្រេចដោះលែងវិញហើយ នៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ បន្ទាប់ពីពួកគេជាប់ពន្ធនាគារ៣ខែ។ តំណាងអាជីវករទាំង២រូបនោះ មានឈ្មោះ សេង សុខនី និង ឈ្មោះ គឹម ប៊ុនអាន ដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួន កាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០១៦ បន្ទាប់ពីពួកគេដឹកនាំអាជីវកររាប់រយនាក់ តវ៉ាបញ្ចុះតម្លៃតូប។
ចៅក្រមតុលាការកំពូល លោក សឹង បញ្ញាវុឌ្ឈ បានថ្លែងថា ការដោះលែងនេះ ដោយសំអាងថា ជនត្រូវចោទទាំងពីរនាក់ មិនបង្កបញ្ហាដល់សង្គមនោះទេ។ លោកចៅក្រម បញ្ជាក់បន្តថា ជនត្រូវចោទម្នាក់ទៀត ឈ្មោះ អ៊ូ សេដ្ឋានូ គឺជាចារីផ្ទាល់ពុំត្រូវបានតុលាការឃុំខ្លួនដាក់ពន្ធនាគារទេ ។ ដូច្នេះជនត្រូវចោទទាំងពីរគប្បីដោះលែង ឲ្យមានសេរីភាពឡើងវិញ ស្របតាមភាពស្មើគ្នានៃច្បាប់ ។
សូមបញ្ជាក់ថា អាជីវករទាំងពីរនាក់នេះ ត្រូវបានចៅក្រមស៊ើបសួរសាលាដំបូងរាជធានីភ្នំពេញ សម្រេចឃុំខ្លួនដាក់ពន្ធនាគារ កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០១៦ ដោយចោទប្រកាន់ចំនួន៣បទល្មើស គឺ បទគំរាមកំហែងដោយភ្ជាប់លក្ខខណ្ឌអ្វីមួយ បទមិនគោរពតាមសេចក្តីសម្រេចរបស់តុលាការ និង បទបើកកន្លែងលេងល្បែងស៊ីសងខុសច្បាប់៕