(ព្រៃវែង)៖ លោក គឹម វណ្ណា អនុប្រធានក្រុមការងារគណបក្សប្រជាជន ចុះមូលដ្ឋានស្រុកពារាំង ខេត្តព្រៃវែង និងជាប្រធានក្រុមការងារគណបក្សប្រជាជនជួយឃុំកំពង់ពពិល អញ្ជើញប្រកាសទទួលស្គាល់សមាជិកថ្មី នៃគណបក្សប្រជាជនកម្ពុជា ឃុំកំពង់ពពិល ស្រុកពារាំង ខេត្តព្រៃវែង ចំនួន៥២នាក់ ក្នុងនោះមានស្ត្រីចំនួន ៣៩នាក់ នាថ្ងៃទី១២ ខែធ្នូថ្មីនេះ។

លោក គឹម វណ្ណា បានថ្លែងថា «គណបក្សប្រជាជនកម្ពុជា គឺជាគណបក្សស្នូលក្នុងការបង្រួបបង្រួមជាតិស្វែងរកសន្តិភាព ហើយអ្វីៗដែលមាននៅសព្វថ្ងៃនេះ គឺជាសមិទ្ធផល នៃមរតកសុខសន្តិភាព និងការអភិវឌ្ឍដែលកើតឡើងដោយ ការខិតខំប្រឹងប្រែងរបស់ឥស្សរជនគណបក្សប្រជាជន។ ដោយល់ឃើញថា មានតែគណបក្សប្រជាជនកម្ពុជាមួយគត់ដែលមានសមត្ថភាព លទ្ធភាពគ្រប់គ្រាន់ក្នុងការដឹកនាំការពារសន្តិភាព ស្ថេរភាពនយោបាយ និងការអភិវឌ្ឍ ប្រទេសជាតិ ទើបប្រជាពលរដ្ឋចំនួន៥២នាក់ បានស្ម័គ្រចិត្តចូលជាសមាជិកគណបក្សប្រជាជនកម្ពុជា ឃុំកំពង់ពពិល»។

នាឱកាសនោះ សមាជិកសមាជិកថ្មីទាំង៥២នាក់ បានប្តេជ្ញាយ៉ាងមុតមាំស្មោះត្រង់ចំពោះគណបក្សប្រជាជនកម្ពុជា បោះឆ្នោតគាំទ្របេក្ខភាពសម្តេច ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៃកម្ពុជា និងគាំទ្រការដឹកនាំរបស់សម្តេច គ្រប់កាលៈទេសៈ។

ក្នុងពិធីអបអរសាទរប្រកាសទទួលស្គាល់សមាជិកថ្មីនេះ លោក គឹម វណ្ណា បានថ្លែងកោតសរសើរ និងលើកទឹកចិត្តដល់សមាជិកថ្មីទាំងអស់ថានេះ គឺជាធនធានបន្ថែមទៀត ដើម្បីធ្វើឱ្យគណបក្សប្រជាជនកម្ពុជា កាន់តែមានលទ្ធភាពគ្រប់គ្រាន់ និងដឹកនាំប្រទេសជាតិសម្រាប់អាណត្តិក្រោយទៀត។ លោកបានបន្តថា នេះគឺជាការផ្ដល់យុត្តិធម៌ចំពោះគណបក្សប្រជាជនកម្ពុជា ដែលតែងតែខិតខំយកចិត្តទុកដាក់ដល់សុខទុក្ខ ប្រជាជនដើម្បីប្រជាជនមានជីវភាពរស់នៅសម្បូរធូរធាប្រទេសជាតិមានសុខសន្តិភាព និងការអភិវឌ្ឍ។

ឆ្លៀតក្នុងឱកាសនោះលោក គឹម វណ្ណា បានលើកឡើងអំពីបញ្ហាកូវីដ១៩ ជាពិសេសការខិតខំប្រឹងប្រែងរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងការស្វះស្វែងរកវ៉ាក់សាំងកូវីដ១៩ មកចាក់ជូនប្រជាពលរដ្ឋទូទាំងប្រទេសដោយឥតគិតថ្លៃ ហើយដែលយើងត្រូវអនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួននូវវិធានការ «៣កុំ និង៣ការពារ» របស់ក្រសួងសុខាភិបាល។

លោកក៏រំលឹកពី ប្រវត្តិនៃការកកើតរបស់គណបក្សប្រជាជនកម្ពុជា ដោយសង្កត់ធ្ងន់ទៅលើការលះបង់ខ្ពស់របស់សម្ដេចតេជោ ហ៊ុន សែន ក្នុងការតស៊ូរំដោះប្រទេសជាតិឱ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត ហើយទទួលបានជ័យជំនះនៅថ្ងៃ៧ មករា ឆ្នាំ១៩៧៩។ ជាបន្តបន្ទាប់សម្ដេចបានធ្វើការបង្រួបបង្រួមជាតិដោយបង្កើតនយោបាយឈ្នះឈ្នះ ហើយធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញបរិបូណ៌ពីឆ្នាំ១៩៩៨ រហូតមកដល់បច្ចុប្បន្ន។

នាឱកាសនោះដែរ លោកបានលើកឡើងអំពីការកសាងសមិទ្ធផល និងស្នាដៃធំៗជាច្រើនរបស់គណបក្សប្រជាជនកម្ពុជា ក្រោមការដឹកនាំរបស់សម្ដេចតេជោ ហ៊ុន សែន ធ្វើឱ្យប្រទេសជាតិមានសុខសន្តិភាពពេញលេញ ជាមួយនឹងការអភិវឌ្ឍលើគ្រប់វិស័យ។

លោកបានបន្ថែមថា «ជានិច្ចកាលគណបក្សប្រជាជនកម្ពុជា តែងបានផ្សារភ្ជាប់ជាមួយប្រជាជននៅគ្រប់ការលំបាកទាំងអស់ គុណសម្បត្តិទាំងនេះ ហើយដែលធ្វើឱ្យប្រជាជនមើលឃើញនិងគាំទ្រជារៀងរហូតមក។ ដូច្នេះយើងទាំងអស់គ្នាត្រូវតែបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដើម្បីគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី»។

លោកក៏បានផ្តាំផ្ញើដល់ក្រុមការងារ និងគណៈកម្មការបក្សគ្រប់ថ្នាក់ព្រមទាំងមន្ត្រីសមាជិកសមាជិកាគ្រប់រូបត្រូវរក្សាឱ្យបានល្អនៅការសាមគ្គីឯកភាពជុំវិញបក្សផ្សារភ្ជាប់ជិតស្និតជាមួយប្រជាជន យកអស់កម្លាំងកាយចិត្តរបស់ខ្លួនពុះពារសម្រេចភារកិច្ចបម្រើជាតិមាតុភូមិ ហើយត្រៀមលក្ខណៈសម្បត្តិឱ្យបានល្អប្រសើរសម្រាប់ការបោះឆ្នោតឃុំ សង្កាត់ខាងមុខនេះឱ្យទទួលបានជោគជ័យ៕