(កោះកុង)៖ លោកស្រី មិថុនា ភូថង អភិបាលខេត្តកោះកុង បានដឹកនាំមន្ត្រីរាជការគ្រប់ស្ថាប័ន យុវជនកាកបាទក្រហមកម្ពុជា សិស្សានុសិស្ស និងប្រជាពលរដ្ឋនៅថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ២០២១ បានរៀបចំពិធីប្រារព្វ ទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្សស្ថិតនៅស្រុកគីរីសាគរ ខេត្តកោះកុង។

លោកស្រី មិថុនា ភូថង បានលើកឡើងថា អំពើជួញដូរមនុស្ស គឺជាឧក្រិដ្ឋកម្មដ៏រ៉ាំរ៉ៃមួយ ដែលបានកើតឡើងនៅគ្រប់បណ្តាប្រទេសក្នុងពិភពលោក ដែលជាឧក្រិដ្ឋកម្មបាននិងកំពុងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខមនុស្ស និងប្រទេសជាតិ ជាពិសេសក្នុងចំណោមពលករអន្តោប្រវេសន៍ ធ្វើការងារនៅក្រៅប្រទេស និងជនភៀសខ្លួនទាំងក្មេង ចាស់ ប្រុស ស្រី ដោយមិនរើសមុខ។

លោកស្រីអភិបាលខេត្ត បានបន្ថែមថា ប្រជាពលរដ្ឋមួយចំនួន បាននិងកំពុងទទួលរងគ្រោះយ៉ាងធ្ងន់ធ្ងរពីអំពើជួញដូរមនុស្ស តាមរយៈការ កេងប្រវ័ញគ្រប់រូបភាព ការរំលោភបំពានលើសិទ្ធ និងសេរីភាព កិត្តិយស និងសេចក្ដីថ្លៃថ្នូ របស់មនុស្សដោយបានបំផ្លាញដល់រូបរាងកាយ និងស្មារតីជនរងគ្រោះ ដែលបញ្ហាទាំងនេះអាចនឹងធ្វើឲ្យកើតមានវិបត្តិ ក្នុងសង្គមកាន់តែធ្ងន់ធ្ងរ ប្រសិនបើមិនមានការទប់ស្កាត់ និងបង្ក្រាបទាន់ពេល វេលានោះ។

លោកស្រីអភិបាលខេត្ត បានបញ្ជាក់ថា ការប្រារព្វទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ត្រូវបានរដ្ឋាភិបាលកំណត់យកថ្ងៃទី១២ ខែធ្នូ ជារៀងរាល់ឆ្នាំ ហើយសម្រាប់ខេត្តកោះកុង លេខាធិការដ្ឋាន នៃគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្ត បានប្រារព្ធទិវាជាតិលើកនេះនៅថ្ងៃទី១៣ ខែធ្នូ។

ការប្រារព្ធទិវាជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ជាយុទ្ធនាការដ៏ធំមួយដើម្បី បំផុសការចូលរួមពីថ្នាក់ដឹកនាំក្នុងជួរមន្ត្រីរាជការ អង្គការសង្គមស៊ីវិល និងផ្នែកឯកជន ក៏ដូចជា បងប្អូនប្រជាពលរដ្ឋគ្រប់រូប ឱ្យមានឆន្ទៈមុតមាំ និងការប្ដេជ្ញាចិត្តខ្ពស់ ដើម្បីចូលរួមទាំងអស់គ្នាក្នុងការបង្ការ ទប់ស្កាត់ ការពារប្រជាពលរដ្ឋ និងប្រទេសជាតិយើងឪ្យរស់នៅដោយសុខុដុមរមនា និង(គ្មានអំពើជួញដូរមនុស្ស)។

បន្ថែមពីនេះទៀត រដ្ឋបាលខេត្ដ ក៏មានមោទនភាពក្រៃលែង ដែលកន្លងមកមាន អង្គការបេសកកម្មអន្តរជាតិហៅកាត់ ថា អាយ.ជ.អឹម(IJM) អង្គការវីនរ៉កអន្តរជាតិ(Winrock International) អង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្ត្រី និងអង្គការ ដៃគូរផ្សេងៗ បានយកចិត្តទុកដាក់ និងសហការជាមួយគណៈកម្មាធិ ការខេត្តប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ខ.ប.ជ) ក៏ដូចជា លេខាធិការដ្ឋាន ជាសេនាធិការ និងអស់លោក លោកស្រីថ្នាក់ដឹកនាំមន្ទីរ-អង្គភាពជុំវិញខេត្ត អ្នកពាក់ព័ន្ធនានា រួមជាមួយនឹង ជំនាញកម្លាំងប្រដាប់អាវុធទាំងបីប្រភេទក្នុងខេត្ត ទទួលបានលទ្ធផលយ៉ាងល្អប្រសើរ ជាពិសេស លេខាធិការដ្ឋានខេត្ត សហការជាមួយអង្គការជំនួយផ្លូវច្បាប់ដល់កុមារ និងស្ត្រី អង្គការហ្វាពន្លឺ សិល្បៈ អង្គការមេឌៀវ័ន្ត និងអង្គការវីវើល ជីវីស៊ី បានរៀបចំវេទិកាផ្សព្វផ្សាយស្តីពី «ការធ្វើចំណាក ស្រុកដោយសុវត្ថិភាព» នៅស្រុកមណ្ឌលសីមា និងក្រុងខេមរភូមិន្ទ៕