(ពោធិ៍សាត់)៖ អ្នកលេងជាយដែនពីរនាក់ បានទាញកាំបិតផ្គាក់ និងដាវកាប់គ្នាដូចរឿងភាគចិន ដោយសារតែទំនាស់ពាក្យសំដីគ្នា ក្នុងវង់ល្បែង និងវង់ផឹកស៊ី។
ជាលទ្ធផលអ្នកលេងដាវ ត្រូវអ្នកលេងកាំបិតផ្គាក់កាប់ត្រូវដៃ និងក្បាលហូរឈាមជោកខ្លួន របួសយ៉ាងធ្ងន់ធ្ងរបញ្ជូន ទៅព្យាបាលនៅ មណ្ឌលសុខភាព ខណៈអ្នកលេងកាំបិតផ្គាក់ មិនរងរបួសអ្វីទេ តែត្រូវសមត្ថកិច្ចឃាត់ខ្លួន បញ្ជូនទៅដាក់ពន្ធនាគារ។ ករណីនេះបាន កើតឡើងនៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោង១៥រសៀល នៅភូមិស្ទឹងថ្មី ឃុំប្រមោយ ស្រុកវាលវែង ខេត្តពោធិ៍សាត់ ប៉ុន្តែជនសង្ស័យត្រូវកម្លាំងនគរបាលបញ្ជូនមកស្នងការដ្ឋាន នៅថ្ងៃទី២០ ខែមេសានេះ ដើម្បីចាត់ការតាមនីតិវិធី។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ ទេស សាវឿន ភេទប្រុសអាយុ៤១ឆ្នាំ រីឯជនសង្ស័យដែលឃាត់ខ្លួនឈ្មោះ សាន សុផល ភេទប្រុសអាយុ៣៦ឆ្នាំ រស់នៅភូមិឃុំកើតហេតុជាមួយគ្នា។
សមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះ និងជនសង្ស័យរួមជាមួយ អ្នកស្រុកពីរបីនាក់ទៀត បានលេងល្បែងស៊ីសង (បៀរ) នៅក្រោមផ្ទះ ដោយមានផឹកស្រាកំដរផងដែរ។ ពួកគេលេងបណ្ដើរផឹកបណ្ដើរ រហូតស្រវឹងរៀងខ្លួន ហើយខណៈនោះជនរងគ្រោះនិងជនសង្ស័យមាន ការឈ្លោះប្រកែកគ្នា យ៉ាងតឹងសរសៃ.ក។ ទំនងជាខឹងចាញ់លុយ គួបផ្សំនឹងស្រវឹងស្រាផងនោះ ធ្វើឲ្យពួកគេក្លាហានភ្លេចច្បាប់អ្វីទាំងអស់ ក៍ស្រាប់តែម្នាក់រត់ទៅយកដាវ ម្នាក់រត់ទៅយកកាំបិតផ្គាក់ មកកាប់គ្នាផ្អើលពេញផ្ទះ ដោយគ្មាននរណាហ៊ានចូលជួយនោះទេ។
ឆាកប្រយុទ្ធបានលេងគ្នាមួយប្រាវ ជាលទ្ធផលអ្នកលេងដាវ ត្រូវអ្នកលេងកាំបិតផ្គាក់កាប់ចំម្រាមដៃ និងក្បាលជាច្រើនកាំបិត រងរបួសយ៉ាងធ្ងន់ធ្ងរបញ្ជូនទៅសង្គ្រោះ។ រីឯអ្នកលេងកាំបិតផ្គាក់ មិនរងរបួសអ្វីទេ ក៍ត្រូវសមត្ថកិច្ចឃាត់ខ្លួនភ្លាមៗ បញ្ជូនទៅអធិការដ្ឋាន នគរបាលស្រុកវាលវែង ដើម្បីសួរនាំរកខុសត្រូវផងដែរ។
នៅថ្ងៃទី២០ខែមេសានេះ ជនសង្ស័យបានយកមកដល់ស្នងការដ្ឋាននគរបាលខេត្តពោធិ៍សាត់ ហើយសមត្ថកិច្ចព្រហ្មទណ្ឌ កំពុងសួរនាំបន្ថែមដើម្បីចងក្រងសំណុំរឿងបញ្ជូន ទៅសាលាដំបូងចាត់ការបន្តនៅរសៀលនេះ៕