Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

អភិបាលខណ្ឌដង្កោ ចុះពិនិត្យ និងបន្តជួយអន្តរាគមន៍ បូមទឹកសង្គ្រោះស្រូវប្រាំងជូនប្រជាកសិករ នៅសង្កាត់ប្រទះឡាង

20-04-2016 14:28

(ភ្នំពេញ)៖ លោក នុត ពុធដារ៉ា អភិបាលខណ្ឌដង្កោ ព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦ បានដឹកនាំមន្ត្រីរាជការសាលាខណ្ឌ-សង្កាត់ ចុះពិនិត្យមើលស្ថានភាពស្រូវប្រាំង របស់ប្រជាពលរដ្ឋ ក្នុងភូមិចំនួន០៤ ក្នុងសង្កាត់ប្រទះឡាង រួមមាន៖ ភូមិអង្គ ភូមិភា ភូមិតាំងរនាម និងភូមិប្រទះឡាង ព្រមទាំងចុះពិនិត្យការបូមទឹកសង្គ្រោះស្រូវទាំងនោះផងដែរ។

លោកអភិបាលខណ្ឌ បានធ្វើការផ្តាំផ្ញើឲ្យប្រជាពលរដ្ឋយកចិត្តទុកដាក់ ក្នុងការបង្កបង្កើនផល ជាពិសេសដោយសាររដូវនេះ ជារដូវប្រាំង ដូច្នេះបញ្ហាទឹកជាបញ្ហាសំខាន់ សម្រាប់ការងារកសិកម្ម ហើយដោយមើលឃើញពីតម្រូវការនេះ រដ្ឋបាលខណ្ឌបានដាក់ឲ្យដំណើរការម៉ាស៊ីនបូមទឹក នៅស្ថានីយ៍បូមទឹកសម្តេច ហ៊ុន សែន ទី៣៩ ដើម្បីបង្ហូរទឹកចូលក្នុងស្រែ របស់ប្រជាពលរដ្ឋទាំង០៤ភូមិ លើផ្ទៃដីស្រែប្រមាណ៨០ហិកតា។

ក្នុងឱកាសនោះ លោកអភិបាលខណ្ឌ ក៏បានឧបត្ថម្ភនូវប្រេងម៉ាស៊ូត ចំនួន៥០០លីត្រ សម្រាប់ប្រើប្រាស់ក្នុងការបូមទឹកនេះ និងលោក ម៉ៅ ប៊ុនធឿន ប្រធានមន្ទីរធនធានទឹកឧបត្ថម្ភប្រេងម៉ាស៊ូត ៥០០លីត្រផងដែរ។ បងប្អូនប្រជាកសិករបានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះអជ្ញាធរខណ្ឌ សង្កាត់ដែលជានិច្ចកាល បានយកចិត្តទុកដាក់ចំពោះការលំបាកនានា របស់ពួកគាត់ តួយ៉ាងដូចជាបញ្ហាកសិកម្មនេះជាដើម៕