(ភ្នំពេញ)៖ លោកស្រី អាលីសា ឆែកគ័រ Allisar Chaker នាយកថ្មីប្រចាំប្រទេសកម្ពុជារបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP) បានចាត់ទុកកម្ពុជាជាដៃគូរបស់កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ និងជាដៃគូប្រកបដោយ ការទុកចិត្ត និងគោរពគ្នាទៅវិញទៅមកក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។

ការបញ្ជាក់បែបនេះរបស់លោកស្រី បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងារជាមួយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន កាលពីរសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។ នេះបើតាមការចេញផ្សាយដោយក្រសួងបរិស្ថាន នៅថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ។

នៅក្នុងជំនួបនេះ កម្ពុជា-UNDP បានលើកឡើងពីកិច្ចសហប្រតិបត្តិការ ដែលក្រសួងបរិស្ថានបានធ្វើជាមួយកម្មវិធី អភិវឌ្ឍន៍សហប្រជាជាតិក្នុងវិស័យបរិស្ថាន និងធនធានធម្មជាតិ។ លោកស្រី Allisar Chaker បានសម្តែងនូវក្តីសោមនស្សរីករាយចំពោះកិច្ចសហប្រតិបតិ្តការដ៏មានផ្លែផ្ការវាងកម្ពុជា និងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិលើវិស័យបរិស្ថានកន្លងមក ដែលបានជួយគាំទ្រដល់ការអភិវឌ្ឍសេដ្ឋកិច្ច សង្គម និងបរិស្ថានជាវិជ្ជមាន។

លោកស្រីបានលើកឡើងពីកិច្ចសហប្រតិបត្តិការជាមួយក្រសួងបរិស្ថាន ក្នុងកិច្ចការជាច្រើនក្នុងនោះមានយុទ្ធនាកាត់បន្ថយសំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ ការអភិរក្សធនធានធម្មជាតិ ការប្រើប្រាស់ថាមពលស្អាត និងអព្យាក្រឹត្យភាពផ្នែកកាបូនជាដើម។

បើតាមរដ្ឋមន្ត្រីបរិស្ថានកម្ពុជា បានលើកឡើងពីកិច្ចការដែលក្រសួងបរិស្ថាន បាននិងកំពុងធ្វើទាំងក្របខណ្ឌគោលនយោបាយ ផែនការសកម្មភាព និងការ អនុវត្តជាក់ស្តែងសំដៅធ្វើឱ្យកាន់តែប្រសើរឡើងនូវគុណភាពបរិស្ថាន និងនិរន្តរភាពបរិស្ថាន។

នាឱកាសនោះដែរលោក សាយ សំអាល់ បានឱ្យដឹងថា ក្រសួងបរិស្ថានបាននឹងកំពុងអនុវត្តផែនការជាយុទ្ធសាស្រ្តពាក់ព័ន្ធនឹងកិច្ចគាំពារបរិស្ថាន តាមរយៈការរៀបចំទីលានចាក់សំរាម ការកសាងអាងប្រព្រឹត្តកម្មទឹក ការបំពាក់ឧបករណ៍ចម្រោះទឹកស្អាតនៅតាមសាលារៀន វត្តអារាម រដ្ឋបាលសាធារណៈ ក៏ដូចជាការកាត់បន្ថយការប្រើប្រាស់ប្លាស្ទិក និងការគិតគូរពីគុណភាព និងសុវត្ថិភាពចំណីអាហារជាដើម ជាការរួមចំណែកគិតគូរសុខុមាលភាពមនុស្ស និងការកសាងធនធានមនុស្ស ស្របទៅនឹងការវិវត្តរីកចម្រើននៃសេដ្ឋកិច្ច សង្គម និងបរិស្ថានកម្ពុជានាពេលខាងមុខ។

លោករដ្ឋមន្ត្រីបានលើកឡើងពីការរៀបចំក្រមបរិស្ថាន ដែលមានសារៈសំខាន់ សម្រាប់ការការគ្រប់គ្រងបរិស្ថាន និងធនធានធម្មជាតិ។ ជាមួយគ្នានេះ លោក សាយ សំអាល់ គូសបញ្ជាក់ពីការអភិរក្សធនធានធម្មជាតិ ដែលកាន់តែមានភាពល្អប្រសើរឡើង និងបានលក់ឥណទានកាបូននៅលើទីផ្សារស្ម័គ្រចិត្ត ហើយប្រជាពលរដ្ឋចាប់ផ្តើមយល់ដឹង និងពលរដ្ឋបានដើរកម្សាន្តក្នុងតំបន់ទេសចរណ៍ធម្មជាតិ៕