(ភ្នំពេញ)៖ ពិធីបើកកិច្ចប្រជុំប្រចាំឆ្នាំជាផ្លូវការ នៃវេទិកាសភាអាស៉ី-ប៉ាស៉ីហ្វិក លើកទី២៩ (APPF29) បានប្រារព្ធឡើង នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះហើយ

ដោយមានការថ្លែងសុន្ទរកថា បើកនិងស្វាគមន៍គណៈប្រតិភូសភា នៃសមាជិក APPF ទាំងអស់ដែលបានចូលរួម។

ពិធីបើកកិច្ចប្រជុំ បានធ្វើឡើង ក្រោមអធិបតីភាព លោក Moon Jae -in ប្រធានាធិបតីនៃសាធារណរដ្ឋកូរ៉េ លោក Ban Ki-moon ប្រធានវិទ្យាស្ថាន Global Green Growth (GGGI) លោក Tony Smith MP ប្រធានរដ្ឋសភាអូស្ត្រាលី និងជាប្រធាន APPF28 និងលោក Park Byeong-seug ប្រធានរដ្ឋសភានៃសាធារណរដ្ឋកូរ៉េ និងក្លាយជាប្រធាន APPF 29 ។

លោក សួស យ៉ារ៉ា ប្រធានគណៈកម្មការកិច្ចការបរទេស សហប្រតិបត្តិការអន្តរជាតិ ឃោសនាការ និងព័ត៌មាននៃរដ្ឋសភា និងជាប្រធានគណៈប្រតិភូសភាកម្ពុជា ក៏បានដឹកនាំសហការីចូលរួមក្នុងពិធីបើកកិច្ចប្រជុំជាផ្លូវការលើកទី២៩នេះដែរ តាមប្រព័ន្ធនិម្មិត ដែលភ្ជាប់ពីវិមានរដ្ឋសភា ទៅកាន់រដ្ឋធានីសេអ៊ូលនៃសាធារណរដ្ឋកូរ៉េ។

បន្ទាប់ពីពិធីបើកកិច្ចប្រជុំរួច លោក សួស យ៉ារ៉ា ប្រធានគណៈប្រតិភូសភាកម្ពុជា ក៏បានបន្តដឹកនាំគណៈប្រតិភូសភាកម្ពុជា ចូលរួមក្នុងសម័យប្រជុំពេញអង្គលើកទីមួយ ក្រោមការដឹកនាំសម្របសម្រួលកិច្ចប្រជុំដោយ លោក Han Jung Kim សមាជិករដ្ឋសភានៃសាធារណរដ្ឋកូរ៉េ ដែលមានការពិភាក្សានិងពិចារណាលើបញ្ហានយោបាយ និងសន្តិសុខ ដោយបានផ្តោតលើ ការដឹកនាំរបស់សភាដើម្បីសន្តិភាព និងសន្តិសុខនៅក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក និងលើសពីនេះទៅទៀត ការពង្រឹងពហុភាគីនិយមក្នុងតំបន់ និងការដោះស្រាយបញ្ហាដោយផ្អែកលើច្បាប់ និងការលើកកម្ពស់កិច្ចសហប្រតិបត្តិការដោយផ្តោតលើប្រជាជន និងការធានាសន្តិសុខរបស់មនុស្សជាតិ។

ក្នុងបទអន្តរាគមន៍ទៅកាន់សម័យប្រជុំពេញអង្គលើកទី១នេះ លោក សួស យ៉ារ៉ា បានលើកឡើងពីសណ្តាប់ធ្នាប់អន្តរជាតិ ដែលបាននឹងកំពុងធ្លាក់ចុះ ខណៈដែលបទដ្ឋាន ស្ថាប័ន និងការអនុវត្តជាច្រើនដែលបានទ្រទ្រង់សន្តិភាព និងវិបុលភាពពិភពលោកក្នុងរយៈពេលប្រាំពីរទសវត្សរ៍កន្លងមកនេះ ស្ថិតនៅក្រោមភាពតានតឹងដ៏ធំសម្បើម។ ពហុភាគីនិយមបានរងការវាយប្រហារដោយសារតែការកើនឡើងនៃឯកតោភាគីនិយម ប្រជានិយម និងលទ្ធិគាំពារនិយម ដែលបានបន្ថែមភាពមិនច្បាស់លាស់បន្ថែមទៀតលើការរំពឹងទុកនៃកំណើនសេដ្ឋកិច្ចពិភពលោក។

លោកបានបន្តថា លើសពីនោះទៀត ការប្រជែងគ្នាជាយុទ្ធសាស្ត្រកាន់តែខ្លាំងឡើងក្នុងចំណោមមហាអំណាចធំៗ បានបង្កសម្ពាធកាន់តែខ្លាំងឡើងចំពោះសន្តិភាព ស្ថិរភាព និងវិបុលភាពពិភពលោក ជាពិសេសនៅក្នុងតំបន់របស់យើង។ ការប្រកួតប្រជែងនេះបានធ្វើឲ្យចំណុចក្តៅក្នុងតំបន់កាន់តែខ្លាំងឡើង រួមមានសមុទ្រចិនខាងត្បូង ឧបទ្វីបកូរ៉េ និងមីយ៉ាន់ម៉ា ជាដើម។

ប្រធានគណៈប្រតិភូសភាកម្ពុជា ក៏បានចែករំលែកគំនិតក្នុងការធ្វើឱ្យប្រសើរឡើងវិញនូវគោលការណ៍នៃសកលភាវូបនីយកម្ម ពហុភាគីនិយម និងសេរីភាវូបនីយកម្មនៃពាណិជ្ជកម្ម និងការវិនិយោគ។ ការពង្រឹងយន្តការថ្នាក់តំបន់ ដើម្បីសម្របសម្រួលគោលនយោបាយជាតិសម្រាប់ការស្តារឡើងវិញក្នុងតំបន់។ ត្រូវដាក់ប្រជាជនជាចំណុចស្នូលនៃផែនការស្តារឡើងវិញ ដោយដាក់ធនធានបន្ថែមទៀតនៅក្នុងការគាំពារសង្គម និងជួយរៀបចំប្រជាជនរបស់យើងទៅកាន់ភាពធម្មតាថ្មី តាមរយៈការអភិវឌ្ឍជំនាញ និងការច្នៃប្រឌិតបច្ចេកវិទ្យា ដែលសមាជិកសភាអាចដើរតួនាទីយ៉ាងសំខាន់ក្នុងកិច្ចខិតខំប្រឹងប្រែងនេះ។

លោក សួស យ៉ារ៉ា បានបញ្ជាក់ថា សម្រាប់ភាគីកម្ពុជាបានតស៊ូមតិយ៉ាងខ្ជាប់ខ្ជួនសម្រាប់ពហុភាគីនិយម ដែលឆ្លុះបញ្ចាំងដោយកិច្ចប្រជុំកំពូល ASEM លើកទី១៣ ដែលព្រះរាជាណាចក្រកម្ពុជាធ្វើជាម្ចាស់ផ្ទះនាពេលថ្មីៗនេះ ក្រោមប្រធានបទ ការពង្រឹងពហុភាគីនិយមសម្រាប់កំណើនរួមគ្នា រួមជាមួយនឹងព្រឹត្តិការណ៍ពាក់ព័ន្ធមួយចំនួន ដូចជាកិច្ចប្រជុំភាពជាដៃគូសភាអាស៊ីអឺរ៉ុបលើកទី១១ ជាដើម ។

ប្រទេសជាសមាជិក APPF ដែលបានចូលរួមកិច្ចប្រជុំបានបង្ហាញនូវការឯកភាពគ្នាលើតម្រូវការជំរុញការដោះស្រាយជម្លោះដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ រួមទាំងធម្មនុញ្ញអង្គការសហប្រជាជាតិ ជាមួយនឹងការគិតគូវែងឆ្ងាយពីសន្តិសុខ លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ហើយបានអំពាវនាវឱ្យបន្តកិច្ចខិតខំប្រឹងប្រែងផ្នែកការទូតរបស់សភាដើម្បីរក្សា និងធានាសន្តិភាព និងសន្តិសុខ ក្នុងតំបន់អាស៉ីប៉ាស៉ីហ្វិក។

អង្គប្រជុំក៏បានផ្ដោតការចាប់អារម្មណ៍ពីបញ្ហានៅឧបទ្វីបកូរ៉េ និងបានសង្កត់ធ្ងន់លើកិច្ចសហប្រតិបត្តិការពហុភាគី ដើម្បីដោះស្រាយវិបត្តិឆ្លងប្រទេស ដូចជាអំពើភេរវកម្ម ភាពជ្រុលនិយម ជំងឺឆ្លង និងការប្រែប្រួលអាកាសធាតុ ហើយបានអំពាវនាវឱ្យសហគមន៍តំបន់អាស៉ីប៉ាស៉ីហ្វិក បង្កើតច្បាប់ និងបទដ្ឋានដែលអាចមានការយល់ស្រគ្នាជាសកលផងដែរ៕