(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទី គណបក្សហ៊្វុនស៊ិនប៉ិច នៅព្រឹកថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០២១នេះ បានទទួលជួបជាមួយ លោក WU CHUANBING ទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា នៅទីស្នាក់ការគណបក្ស ស្ថិតក្នុងសង្កាត់ផ្សារថ្មីទី២ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

លោក ញឿន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច បានបញ្ជាក់ប្រាប់បណ្តាញព័ត៌មាន Fresh News ឲ្យដឹងថា នៅក្នុងជំនួបដ៏មានសារសំខាន់រវាងព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ និងទីប្រឹក្សាស្ថានទូតចិនប្រចាំកម្ពុជា គឺបានជជែកអំពីទំនាក់ទំនងគណបក្សកុម្មុយនិស្តចិន និងគណបក្សហ៊្វុនស៊ិនប៉ិច។

ក្នុងជំនួបនេះដែរ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ បានសម្តែងអំណរគុណដល់ ប្រទេសចិនដែលតែងតែយកចិត្តទុកដាក់ផ្តល់ជំនួយជាច្រើន មកដល់កម្ពុជា ទាំងសេដ្ឋកិច្ច គាំពារហេដ្ឋារចនាសម្ព័ន្ធ ផ្លូវថ្នល់ និងវិស័យសុខាភិបាល ...ជាដើម។ គណបក្សកុម្មុយនិស្ត ក៏តែងតែផ្តល់ការគាំទ្រផ្នែកបណ្តុះបណ្តាលយុវជន មកដល់គណបក្សហ៊្វុនស៊ិនប៉ិច ផងដែរ។

បើតាមលោក ញឿន រ៉ាដែន, ព្រះអង្គក៏បានមានព្រះបន្ទូល បន្តពង្រឹងពង្រីកទំនាក់ទំនងល្អជាប្រពៃណីជាមួយមហាមិត្តចិន និងគាំទ្រគោលជំហរនយោបាយចិន ជានិច្ច។

លោក Wu CHUANBIN ក៏បានចូលរួមរំលែកទុក្ខជាមួយព្រះញាតិវង្ស ព្រះបុត្រាបុត្រី នៃសម្តេចក្រុមព្រះ នរោត្តម រណឫទ្ធិ។ លោក Wu បានរំលឹកនូវអនុស្សាវរីយ៍ជាមួយព្រះអង្គ ហើយប្រទេសចិន បានចាត់ទុក សម្តេចក្រុមព្រះ ជាមិត្តល្អ។

ក្នុងឱកាសនោះដែរ ព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ ព្រះប្រធានស្តីទីគណបក្សហ៊្វុនស៊ិនប៉ិច បានប្តេជ្ញាបន្តថែរក្សាកេរិ៍ដំណែល ជាស្ថាព្រហស្ថ សម្តេចឳ សម្តេចតា ព្រះបរមរតនកោដ្ឋ គឺ FUNCINPEC គង់វង្សជាអមតៈ៕