(ភ្នំពេញ)៖ លោក ឯក ឃុនដឿន អភិបាលខណ្ឌឬស្សីកែវ បានដឹកនាំក្រុមការងារចុះត្រួតពិនិត្យ និងជុំរុញការងារបើកការដ្ឋានដាក់ប្រព័ន្ធលូ ដើម្បីរំដោះទឹកចេញ និងការលិចលង់ដោយសារជុំនន់ទឹកភ្លៀងចេញពីភូមិដ្ឋាន សម្រាប់បម្រើជូនប្រជាពលរដ្ឋ ស្ថិតនៅភូមិចុងខ្សាច់ សង្កាត់ទួលសង្កែទី១ នាថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១។

ការចុះត្រួតពិនិត្យការដ្ឋានដាក់ប្រព័ន្ធលូរបស់លោក ឯក ឃុនដឿន ធ្វើឡើងបន្ទាប់ពីបានប្រកាស់បើកការដ្ឋានជាផ្លូវការ ដែលជាគម្រោងមូលនិធិរដ្ឋបាលសង្កាត់-ខណ្ឌឆ្នាំ២០២១ ដើម្បីបម្រើផលប្រយោជន៍រួមជូនប្រជាពលរដ្ឋ ក្រោមវត្តមានចូលរួមពីលោកស្រី សួស សូលីដា អភិបាលរងខណ្ឌ លោក វ៉ាន់ ខន មន្រ្តីបច្ចេកទេសរាជធានីភ្នំពេញ ប្រធាន-អនុប្រធាន និងមន្ត្រីការិយាល័យចំនុះរចនាសម្ព័ន្ធខណ្ឌ លោកស្រី រាជ ផាវឿន ចៅសង្កាត់-ចៅសង្កាត់រង ស្មៀន មេភូមិ និងក្រុមហ៊ុនម៉ៅការ ព្រមទាំងប្រជាពលរដ្ឋ សរុបចំនួន១០០នាក់។

សូមជម្រាបថា ជុំវិញបញ្ហាហេដ្ឋារចនាសម្ព័ន្ធនេះ លោក ឯក ឃុនដឿន តែងតែបានរំលឹកជានិច្ចឲ្យអាជ្ញាធរសង្កាត់-ភូមិ និងមន្ត្រីពាក់ព័ន្ធធ្វើយ៉ាងណាជួយឱ្យអស់ពីកម្លាំងកាយចិត្តប្រាជ្ញាស្មារតី ក្នុងការចូលរួមដោះស្រាយរាល់ បញ្ហាផ្សេងៗ ពិសេសបញ្ហាសេវាតម្រូវការ ក៏ដូចជា សេវាសំណូមពរផ្សេងៗ ដើម្បីបម្រើជូនប្រជាពលរដ្ឋ ស្របតាមការដឹកនាំដ៏ប៉ិនប្រសប់ និងឈ្លាសវៃប្រកបដោយគតិបណ្ឌិត របស់សម្ដេចតេជោ ហ៊ុន សែន ប្រមុខរាជរដ្ឋាភិបាលកម្ពុជា។

ការក្រើនរំឭកយ៉ាងដូច្នេះ របស់លោកអភិបាលខណ្ឌឫស្សីកែវរូបនេះ បានធ្វើឡើងនៅរៀងរាល់បើកកិច្ចប្រជុំ គណៈបញ្ជាការឯកភាព និងកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ ដោយមានការចូលរួមពីគណៈអភិបាលរងខណ្ឌ អាជ្ញាធរសង្កាត់-ភូមិ និងមន្ត្រីការិយាល័យជុំនាញពាក់ព័ន្ធ ដើម្បីជុំរុញការចុះត្រួតពិនិត្យសិក្សាជាក់ស្ដែង នូវរាល់ផ្លូវរងការខូចខាត (សំបុកមាន់) ប្រព័ន្ធលូ គម្របលូ ការស្ដារប្រព័ន្ធលូបង្ហូរទឹក លើផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀត និងអនាម័យ បរិស្ថានសំរាម ក្នុងការសិក្សាគម្រោង ឈានទៅរកដំណោះស្រាយមួយសមស្រប និងតម្លាភាព ក្រៅពីរំលឹកឱ្យកម្លាំងសមត្ថកិច្ច យកចិត្តទុកដាក់អនុវត្តគោលនយោបាយភូមិ-សង្កាត់មានសុវត្ថិភាព លើការរក្សាសន្តិសុខ សណ្ដាប់ធ្នាប់ របៀបរៀបរយសង្គម ដើម្បីបម្រើជូនប្រជាពលរដ្ឋ៕