(បាត់ដំបង)៖ លោក សុខ លូ អភិបាលខេត្តបាត់ដំបង បានឱ្យដឹងថា រាជរដ្ឋាភិបាលដឹកនាំដោយសម្តេចតេជោ ហ៊ុន សែន បានចាត់ទុកអង្គការសង្គមស៊ីវិល ជាតួអង្គមួយដ៏សំខាន់ក្នុងការចូលរួមអភិវឌ្ឍន៍ប្រទេស ដោយអង្គការសង្គមស៊ីវិល បានចូលរួមលលើកកម្ពស់តម្លៃសេដ្ឋកិច្ច សង្គម និងលើកកម្ពស់ការយល់ដឹងនានា។ បើតាមលោកអភិបាលខេត្ត បច្ចុប្បន្ននេះប្រទេសកម្ពុជាមានអង្គការ សមាគម សង្គមស៊ីវិលជាង៦០០០ កំពុងធ្វើសកម្មភាព។

ការបញ្ជាក់របស់លោក សុខ លូ បានធ្វើឡើងនារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ នៅក្នុងកិច្ចប្រជុំស្ដីពីការពិគ្រោះយោបល់ពង្រឹងកិច្ចសហប្រតិបត្តិការភាពជាដៃគូ រវាងរដ្ឋបាលខេត្ត និងអង្គការសង្គមស៊ីវិល ដោយមានការចូលរួមពីលោក អ៊ុយ រី ប្រធានក្រុមប្រឹក្សាខេត្ត និងមានការអញ្ជើញចូលរួមពីលោកអភិបាលរងខេត្ត លោក លោកស្រីជាប្រធាន ឬអ្នកតំណាង មន្ទីរ អង្គភាពជុំវិញខេត្ត ព្រមទាំងប្រធាន ឬតំណាងឱ្យអង្គការសង្គមស៊ីវិលដែលកំពុងប្រតិបត្តិការនៅក្នុងខេត្តបាត់ដំបង។

ឆ្លៀតក្នុងឱកាសនោះ លោក សុខ លូ បានថ្លែងថា ការរៀបចំវេទិកានាថ្ងៃនេះពិតជាមានសារៈសំខាន់ណាស់ ក្នុងការជួយពង្រឹង ពង្រីក និងលើកកម្ពស់កិច្ចសហប្រតិបត្តិការ រវាងរាជរដ្ឋាភិបាលកម្ពុជា រដ្ឋបាលថ្នាក់ក្រោមជាតិ ជាពិសេសរដ្ឋបាលខេត្ត និងបណ្ដាអង្គការ សមាគម សហគម ក្នុងការរួមចំណែកជួយលើកកម្ពស់កម្រិតជីវភាពរស់នៅប្រជាពលរដ្ឋ ឱ្យកាន់តែប្រសើរឡើង។

លោកបានបន្តថា ស្ដែងចេញពីវេទិកានេះ រដ្ឋបាលខេត្តសង្ឃឹមថា កិច្ចសហប្រតិបត្តិការភាពជាដៃគូរវាងរដ្ឋបាលខេត្ត និងអង្គការ សង្គមស៊ីវិល ដែលកំពុងប្រតិបត្តិការក្នុងខេត្តបាត់ដំបងនឹងត្រូវបានពង្រឹង និងលើកកម្ពស់បន្ថែមតាមរយៈការសិក្សាស្វែងយល់ពីគ្នាទៅវិញទៅមក និងឆ្លើយតបបអំពីបញ្ហាប្រឈម ក្ដីកង្វល់ និងតម្រូវការនានា ហើយរដ្ឋបាលខេត្តបាត់ដំបង ស្វាគមន៍យ៉ាងរីករាយ ក្នុងការចូលរួមសហការជានិច្ច ក្នុងការសុំប្រឹក្សាយោបល់ពីរដ្ឋបាលខេត្ត គ្រប់ពេលវេលាផងដែរ៕