(ភ្នំពេញ)៖ លោកសាស្រ្តាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្រ្តីក្រសួងសុខាភិបាល នៅថ្ងៃទី១៣ ខែឆ្នូ ឆ្នាំ២០២១ បានអញ្ជើញជាអធិបតីភាព ក្នុងសិក្ខាសាលាប្រចាំឆ្នាំ ដើម្បីពិនិត្យមើលឡើងវិញ អំពីសុខភាពរបស់កុមារ និងវឌ្ឍភាពនៃការអនុវត្ដថែទាំសារវន្តទារកទើបកើត នៅប្រទេសកម្ពុជា ដែលរៀបចំឡើងដោយក្រសួងសុខាភិបាល នៅសណ្ឋាគារសាន់វ៉េ ភ្នំពេញ។

សិក្ខាសាលានេះក៏មានការចូលរួមដោយ លោកស្រី លី អាលែន នាយកអង្គការសុខភាពពិភពលោកប្រចាំនៅកម្ពុជា ថ្នាក់ដឹកនាំក្រសួងសុខាភិបាល និងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត។

បើតាម លោក ឈួ អ៉ីម៉េង អនុរដ្ឋលេខាធិការក្រសួងសុខាភិបាល បានលើកឡើងថា ក្នុងរយៈពេល៧ឆ្នាំមកនេះ បើទោះបីមិនទាន់មានលទ្ធផលនៃការអង្កេតវិទ្យាសាស្រ្ដ និងសុខភាពក្រោយឆ្នាំ២០២៤ ក៏ដោយ លទ្ធផលនៃការប៉ាន់ប្រមាណកុមារស្លាប់របស់ក្រុមអន្ដរជាតិភ្នាក់ងារអង្គការសហប្រជាជាតិ បានបង្ហាញថា អត្រាស្លាប់របស់កុមារអាយុក្រោម៥ឆ្នាំក្នុងប្រទេសកម្ពុជា បានថយចុះមកនៅ២៧ និងអត្រាស្លាប់របស់ទារកដែលទើបនឹងកើតបានថយចុះមកនៅត្រឹម១៤ ក្នុង១ពាន់កំណើនរស់ឆ្នាំ២០២៩ កន្លងទៅនោះ។

លោក ឈួ អ៉ីម៉េង បានបន្ដថា លទ្ធផលនោះ បានបង្ហាញថា ប្រទេសកម្ពុជា សម្រេចគោលដៅនៃផែនការ៥ឆ្នាំ សម្រាប់ការថែទាំសុខភាពទារក ឆ្នាំ២០១៦ ដល់ឆ្នាំ២០២០ កន្លងទៅ ក្នុងការកាត់បន្ថយអត្រាស្លាប់របស់ទារក និងកើតឲ្យថយចុះមកត្រឹម១៤ ក្នុង១ពាន់កំណើតរស់ឆ្នាំ២០២០។

លោកបានបន្តថា ចាប់តាំងពីឆ្នាំ២០១២មក មជ្ឃមណ្ឌលគាំពារ មាតា និងទារកក៏បានបន្ដការបណ្ដុះបណ្ដាលអំពីការថែទាំទារកដែលទើបនឹងកើតភ្លាម ការថែទាំទារកមិនគ្រប់ខែ និងទារកដែលមានទម្ងន់ទាប ដល់បុគ្គលិកសុខាភិបាល ជាពិសេសគ្រូពេទ្យឆ្មប បំរើការមន្ទីរពេទ្យសម្ភព និងផ្នែកថែទាំទារក។

លោកបានបន្ដទៀតថា នៅក្នុងឆ្នាំ២០២១ បើទោះបីជាមានឧបសគ្គ នៃការបណ្ដុះបណ្ដាលផ្ទាល់ ដែលបណ្ដាលមកពីការរាតត្បាតជំងឺកូវីដ១៩ ក៏ដោយ ក៏មជ្ឃមណ្ឌលជាតិ ខិតខំប្រឹងប្រែបន្ដបណ្ដុះបណ្ដាល តាមវិធីពាក់កណ្ដាលអនឡាញបានចំនួន១៤វគ្គ ដោយមានសិក្ខាកាមមានចំនួន១៦៨នាក់ ដើម្បីពង្រឹងនូវគុណភាពសេវាថែទាំទារកទើបនឹងកើតឲ្យបានល្អប្រសើរ។

លោកបានបន្តទៀតថា បើទោះបីជាមានការឆ្លងរាលត្បាតនៃជំងឺកូវីដ១៩ ក៏ដោយ ក៏ក្រុមការងារថែទាំទារកនៃក្រសួងសុខាភិបាល បានសហការយ៉ាងជិតស្និទ្ធជាមួយ មជ្ឃមណ្ឌលជាតិគាំពារ មាតា និងទារក បន្ដចុះរៀបចំ និងបង្ហាត់បង្រៀន ក្រុមការងារស្នូលនៃមន្ទីរពេទ្យខេត្ដចំនួន៧ និងចុះវាយតម្លៃរៀបចំដំណើរការផ្ដល់សេវាថែទាំទារក នៅមន្ទីរពេទ្យខេត្ដចំនួន៥បន្ថែមទៀត ហើយរហូតមកដល់ចុងឆ្នាំ២០២១នេះ ក្រុមការងារស្នូលនៃមន្ទីរពេទ្យខេត្ដ និងរាជធានីចំនួន២៥ ទូទាំងប្រទេស បានដំណើរការស្របទៅនឹងផែនការ៥ឆ្នាំ សម្រាប់ការថែទាំសុខភាពទារក ដែលកំណត់ឲ្យមានក្រុមការងារនៅគ្រប់មន្ទីរពេទ្យខេត្ដ។

នៅក្នុងឱកាសនោះ លោក ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានជំរុញឲ្យមន្ត្រីសុខាភិបាល និងមន្ត្រីពាក់ព័ន្ធយកចិត្ដទុកដាក់អនុវត្ដថែមទៀត ក្នុងការជំរុញការកាត់បន្ថយអត្រាស្លាប់របស់ទារកក្នុងប្រទេសកម្ពុជា ជាពិសេសមន្ទីរសុខាភិបាលខេត្ដ អាជ្ញាធរដែនដី និងអង្កការដៃគូសុខាភិបាលក្នុងខេត្ដនីមួយៗ ត្រូវអនុវត្ដយុទ្ធសាស្រ្ដជាតិនេះឲ្យមានខ្ពស់។

លោកបានបន្តថា ក្រុមការងារថែទាំទារកនៃក្រសួងសុខាភិបាល បាន និងកំពុងសហការយ៉ាងជិតស្និទ្ធជាមួយមន្ទីរពេទ្យកុមារជាតិ ក៏ដូចជាមន្ទីរពេទ្យផ្សេងទៀតដែលមានសេវាថែទាំព្យាបាលជំងឺកុមារ ដើម្បីពង្រឹងឡើងវិញនៅសេវា សមារហណកម្មគ្រប់គ្រងព្យាបាលជំងឺកុមារ និងការរៀបចំពង្រឹងស្ដង់ដារផ្នែកថែទាំទារកនៅក្នុងការបង្កើត និងដំណើរការបង្កើតប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់៕