(ភ្នំពេញ)៖ រាជរដ្ឋាភិបាលកម្ពុជា បានអនុញ្ញាតឱ្យសមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍសហគ្រាស ធុនតូច និងមធ្យមនៅកម្ពុជា រៀបចំឯកសណ្ឋានគោរមងារផ្លូវការ ជូនអ្នកឧកញ៉ា និងឧកញ៉ា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងពេលចូលរួមពិធីបុណ្យជាតិ បុណ្យ ប្រពៃណីជាតិ និងពិធីផ្លូវការផ្សេងៗ។ នេះបើតាមចំណាររបស់ សម្ដេចតេជោ ហ៊ុន សែន លើលិខិតរបស់ សម្ដេចក្រឡាហោម ស ខេង។

ការប្រគល់សិទ្ធិឲ្យសមាគមនេះ បានធ្វើឡើងបន្ទាប់ពីមានលិខិតរបស់ សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ កាលពីថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២១ ស្នើសុំ សម្ដេចតេជោ ហ៊ុន សែន ពិនិត្យសម្រេច ចំពោះសំណើរបស់ សមាគមមូលនិធិសម្ដេចតេជោ ដើម្បីអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ។

សំណើរបស់សមាគមនេះ គឺបានស្នើសុំរៀបចំឯកសណ្ឋានគោរមងារផ្លូវការជូនអ្នកឧកញ៉ា និងឧកញ៉ា នៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ប្រើប្រាស់ក្នុងពេលចូលរួមពិធីបុណ្យជាតិ បុណ្យ ប្រពៃណីជាតិ និងពិធីផ្លូវការផ្សេងៗ។

ការអនុញ្ញាតឲ្យសមាគមខាងលើរៀបចំឯកសណ្ឋានជូនឧកញ៉ានេះ ធ្វើឡើងក្នុងគោលបំណងផ្តល់កិត្តិយស និងដើម្បីមានឯកសណ្ឋានឯកភាពគ្នាតែមួយក្នុងការស្លៀកពាក់ ឯកសណ្ឋានគោរមងារផ្លូវការជូនអ្នកឧកញ៉ា និងឧកញ៉ា នៃព្រះរាជាណាចក្រកម្ពុជា ក៏ដូចជាការចូលរួមចំណែក ក្នុងការជួយលើកស្ទួយវប្បធម៌ ប្រពៃណីជាតិ និងការអភិវឌ្ឍប្រទេសជាតិឲ្យកាន់តែរីកចំរើន និងល្អប្រពៃ ថែមទៀត។

រាជរដ្ឋាភិបាល កាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២១ បានចេញអនុក្រឹត្យមួយបង្កើតឯកសណ្ឋានគោរមងារផ្លូវការ ជូនអ្នកឧកញ៉ា និងឧកញ៉ា នៃព្រះរាជាណាចក្រកម្ពុជា៕