(អេក្វាទ័រ)៖ គ្រោះធម្មជាតិរញ្ជួយដីកម្រិត ៧,៨ រ៉ិចទ័រ ដែលបានវាយប្រហារភាគខាងជើងឈៀងខាង លិចប្រទេសអេក្វាទ័រនោះ បានបណ្តាលឲ្យមនុស្សស្លាប់សរុប ៥០៧នាក់ហើយ ស្របពេលដែល មនុស្សជាង ៤,០០០នាក់ផ្សេងទៀតត្រូវបានគេអះអាងថា បានទទួលរងរបួស។ នេះបើតាមការ ចេញផ្សាយមុននេះបន្តិចដោយ AP នៅរសៀលថ្ងៃពុធ ទី២០ ខែមេសា ឆ្នាំ២០១៦។
ក្នុងចំណោមអ្នកស្លាប់ទាំងអស់នោះ គឺមាន ៤៩៩នាក់ ត្រូវបានស្គាល់អត្តសញ្ញាណរួចរាល់ ហើយក្នុងនោះ ក៏មានអ្នកស្លាប់ជាជនបរទេសចំនួន ១១នាក់ផងដែរ។ នេះជាគ្រោះធម្មជាតិរញ្ជួយដី ដ៏អាក្រក់បំផុត សម្រាប់អេក្វាទ័រ ដែលមិនធ្លាប់ជួបប្រទះក្នុងរយៈពេល ៨២ឆ្នាំកន្លងមកនេះ ស្របពេលដែល ប្រតិបត្តិការស្វែងរកអ្នកបាត់ខ្លួនកំពុងបន្ត ដែលអាចនាំឲ្យចំនួនអ្នកស្លាប់កើនឡើងបន្ថែមទៀត។
គួរបញ្ជាក់ថា មនុស្សជាង ២៣០នាក់ទៀត កំពុងបាត់ខ្លួននៅឡើយ ស្របពេលដែលមនុស្សជាង ២០,០០០នាក់បាត់បង់ទីជម្រក។ រដ្ឋាភិបាលអេក្វាទ័រ បានសន្និដ្ឋានថា ការខាតបង់សរុបសម្រាប់ អេក្វាទ័រចំពោះសេដ្ឋកិច្ចនោះ គឺមានប្រមាណ ៣ពាន់លានដុល្លារអាមេរិកឯណោះ។ ប្រទេសជាច្រើន បានចាប់ផ្តើមជំនួយដល់អេក្វាទ័រហើយ ជាពិសេសរដ្ឋាភិបាលចិនបានជួយ ១០០,០០០ ដុល្លារអាមេរិក និង ការចល័តផ្កាយរណបមួយគ្រឿងមកតំបន់រងគ្រោះ ដើម្បីសម្រួលដល់ប្រតិបត្តិការជួយសង្គ្រោះ៕