(ភ្នំពេញ)៖ ទ្រាំលែងបានព្រោះតែហុយដី ប្រឈមនឹងគ្រោះថ្នាក់ និងធ្វើឲ្យផ្លូវខូចនោះ ប្រជាពលរដ្ឋជាច្រើនគ្រួសារ រស់នៅភូមិគងនយ សង្កាត់គងនយ ខណ្ឌដង្កោ បានសម្រេចលើកគ្នាទាំងហ្វូង មកប្រឆាំងតវ៉ា រហូតនាំគ្នាយកលូមកបិទផ្លូវ មិនឲ្យរថយន្តរបស់ក្រុមហ៊ុន ណឹម ម៉េង ធ្វើដំណើរឆ្លងកាត់នោះឡើយ។ ហេតុការណ៍ភ្ញាក់ផ្អើលរហូតធ្វើឲ្យប្រជាពលរដ្ឋនាំគ្នាប្រឆាំងតវ៉ា នឹងសកម្មភាពដឹកដី ដឹកថ្ម របស់ក្រុមហ៊ុន ណឹម ម៉េង ខាងលើនេះ បានកើតឡើងនៅព្រឹកថ្ងៃទី២០ ខែមេសា ឆ្នាំ២០១៦នេះ។
ប្រជាពលរដ្ឋដែលចូលរួមក្នុងការបិទផ្លូវតវ៉ានេះ បានថ្លែងប្រាប់ភ្នាក់ងារ Fresh News ប្រចាំខណ្ឌដង្កោថា ពួកគាត់ មានចំនួន១៤៥គ្រួសារ លើកគ្នាមកបិទផ្លូវ ហាមមិនឲ្យរថយន្តដឹកដី ដឹកថ្ម ក្រុមហ៊ុន ណឹម ម៉េង បើកបរឆ្លងកាត់ផ្លូវក្នុងភូមិនោះឡើយ ពីព្រោះរថយន្តដឹកដី ដឹកថ្មទាំងនេះ បានធ្វើឲ្យដីហុយទ្រលោម ស្ទើរតែហូបចំណីអាហារមិនកើត សម្លៀកបំពាក់មើលមិនយល់នោះទេ។
ប្រជាពលរដ្ឋបានបន្តថា «ក្រុមហ៊ុននេះ ដឹកដី ដឹកថ្ម មិនគិតគូដល់ប្រជាពលរដ្ឋ ដែលរស់នៅអមសងខាងផ្លូវនោះឡើយ ជាហេតុបណ្តាលឲ្យមានផលពិបាកក្នុងការរស់នៅ ជាពិសេស គឺបណ្តាលឲ្យផ្លូវមានការខូចជាអន្លើរៗ។មិនតែប៉ុណ្ណោះ គឺអ្នកបើកបររថយន្តដឹកដីទាំងនោះ តែងតែបើកបរក្នុងល្បឿនលឿនដូចព្យុះ មិនខ្វល់ពីប្រជាពលរដ្ឋដែលកំពុងធ្វើដំណើរតាមដងផ្លូវជាមួយគ្នានោះទេ ដែលអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ដល់ប្រជាពលរដ្ឋ ដែលធ្វើដំណើរតាមដងផ្លូវ ជាពិសេសក្មេងតូចៗ»។
ប្រជាពលរដ្ឋទាំងនេះ បានទាមទារនូវលក្ខខណ្ឌចំនួន៣ចំណុច ឲ្យភាគីក្រុមហ៊ុនត្រូវដោះស្រាយរួមមានទី១ សូមឲ្យរថយន្តដឹកដីទាំងនេះ ធ្វើការស្រោចទឹកលើដងផ្លូវ ឲ្យបានច្រើនដងក្នុងមួយថៃ្ង ទី២-សូមឲ្យអ្នកបើករថយន្តដឹកដីទាំងនេះ បើកបរកុំលឿនៗពេក គិតគូរ និងគោរពដល់ប្រជាពលរដ្ឋ ដែលកំពុងធ្វើដំណើរតាមដងផ្លូវជាមួយគ្នាផង និងទី៣ សូមឲ្យក្រុមហ៊ុនរថយន្តដឹកដីទាំងនេះ ជួយធ្វើការជួសជុលផ្លូវ ដែលខួចអន្លើរៗ ទាំងនេះឲ្យបានស្អាតឡើងវិញ។ យ៉ាងណាក៏ដោយ នៅពេលមានការតវ៉ាទាំងនេះកើតឡើងភ្លាម គេសង្កេតឃើញវត្តមានរបស់លោក ចេង មុនីរ៉ា អភិបាលរងខណ្ឌដង្កោតំណាងលោក នុត ពុធដារ៉ា អភិបាលខណ្ឌ បានដឹកនាំមន្ត្រីជំនាញសាលាខណ្ឌ ចុះទៅធ្វើការអន្តរាគមន៍រកដំណោះស្រាយ ជូនប្រជាពលរដ្ឋដល់កន្លែងកើតហេតុ ដោយបានហៅតំណាងរបស់ក្រុមហ៊ុនដឹកដី ណឹម ម៉េង មកធ្វើការចរចា និងធ្វើកិច្ចសន្យាជាលាយល័ក្ខអក្សរជាមួយ និងប្រជាពលរដ្ឋនៅសាលាសង្កាត់គងនយ ដើម្បីឲ្យក្រុមហ៊ុនគោរពតាម សុំណូមពររបស់ប្រជាពលរដ្ឋទាំង៣ចំណុច។ បន្ទាប់ពីមានការចរចាគ្នាអស់រយៈពេលជាង១ម៉ោង ទើបប្រជាពលរដ្ឋយល់ព្រមបើកផ្លូវឲ្យចរាចរណ៍ តាមធម្មតាឡើងវិញ៕