(ភ្នំពេញ)៖ បទយកការណ៍ ឬ News Feature ជាព័ត៌មានវែងមួយប្រភេទ ដែលអ្នកសារព័ត៌មានស្រាវជ្រាវយកមកសរសេរលម្អិត ជូនអ្នកអាន ក្រោយព្រឹត្តិការណ៍សំខាន់ណាមួយបានកើតឡើង។ វាមិនមែនជាដំណឹងក្តៅនោះទេ ប៉ុន្តែអាចទាក់ទាញអារម្មណ៍អ្នកអាន ឱ្យតាមដានរហូតដល់ចប់។

លោក ម៉ារ យ៉ារិទ្ធ ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) បានលើកឡើងថា នៅក្នុងការសរសេរបទយកការណ៍ ឬ News Feature មួយឲ្យបានល្អ គឺអ្នកសរសេរត្រូវប្រើប្រាស់សិល្បៈ ឬភាពប៉ិនប្រសព្វរបស់ខ្លួនដើម្បីអន្ទងអារម្មណ៍អ្នកអាន ដោយការប្រើប្រាស់ «តម្រុយលាក់» ឬ «Delayed Lead» ដែលខុសអំពីដំណឹងក្តៅ ឬ Spot News ដែលប្រើប្រាស់ Direct Lead ។

លោកបានលើកឡើងថា «ដើម្បីសរសេរ Delayed Lead ឬតម្រុយលាក់ឲ្យចេញជារូបរាង អ្នកសរសេរតែងតែដាក់សំណួរទៅកាន់ខ្លួនឯងថា Where Does it go? ដែលមានន័យថា តើគេត្រូវធ្វើដំណើរទៅរកច្រកណា? Delayed Lead ត្រូវបានបង្កើតទិដ្ឋភាពមួយ ឬក៏ការសរសេររំលឹកអ្វីមួយ ឬក៏ចេញជារឿងនិទានខ្លីអ្វីមួយ ហើយនាំចូលទៅរកល្បះសំខាន់ ឬ Nut Graph តែម្ដង»

បទយកការណ៍ ឬ News Feature មិនមែនមានទម្រង់ដូចពីរ៉ាមីតផ្កាប់ដូច Spot News នោះទេ វាចាប់ផ្តើមដោយ Delayed Lead បន្ទាប់មក Nut Graph -> Background -> Most important, news info -> Supporting Detail -> background & Color។

ប្រធានមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) បានបន្ថែមថា ល្បះខ្លឹម ឬ Nut Graph ជាចំណុចសំខាន់ក្នុងការទាញផ្ដើមសេចក្ដី ចូលទៅក្នុងតួរសេចក្ដី ឬខ្លឹមសារនៃអត្ថបទ។ ការសរសេរ Nut Graph ឬល្បៈខ្លឹម ឲ្យបានល្អ គឺគេមិនបង្ហាញតួរអង្គ ឬសាច់រឿង ភ្លាមៗនោះទេ។ ពោលគឺគេនិយមសរសេរបែបរំលឹកសាច់រឿង ឬជ្រើសរើសការប្រៀបធៀបជាមួយតួរអង្គ ឬសាច់រឿងណាមួយសិន ដើម្បីឲ្យអ្នកអានកាន់តែជក់ចិត្តដិតអារម្មណ៍ និងកាន់តែចង់ដឹងថា សាច់រឿងបន្ទាប់ មានលក្ខណៈបែបណា។

យ៉ាងណាមិញនៅសប្ងាហ៍ទី៨នេះ វគ្គសិក្សានៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) មានការសិក្សាត្រឹមនេះសិន។ ហើយនៅសប្ដាហ៍បន្ទាប់យើងនឹងសិក្សាបន្តទៀត នូវចំណុចសំខាន់ៗនៃការសរសេរបទយកការណ៍ ឬ News Feature និង Feature Story។

សូមបញ្ជាក់ផងដែរថា វគ្គសិក្សានៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ធ្វើឡើងរយៈពេល៣ខែ ដោយមានសិក្ខាកាមជាបុគ្គលិកនៃអង្គភាពព័ត៌មាន Fresh News ដោយផ្ទាល់ប្រមាណ៣០នាក់។ ក្រោយបញ្ចប់ការសិក្សាសិក្ខាកាមទាំងអស់ នឹងទទួលបានវិញ្ញាបនបត្របញ្ជាក់ការសិក្សា ដែលចេញដោយអង្គភាពព័ត៌មាន Fresh News និងគ្រូបង្គោលផងដែរ។ សម្រាប់វគ្គបន្ទាប់ FTC នឹងអនុញ្ញាតឱ្យសិស្ស-និស្សិត និងយុវជនដទៃទៀត ដែលមិនមែនជាបុគ្គលិក Fresh News ចូលរៀនថែមទៀត។

ថ្នាក់សិក្សានេះមានលោក ម៉ារ យ៉ារិទ្ធ ដែលជាប្រធាននៃមជ្ឈមណ្ឌលបណ្ដុះបណ្ដាល Fresh News (FTC) ជាអ្នកបង្ហាត់បង្រៀនដោយផ្ទាល់។ ព្រឹទ្ធាចារ្យដែលមានបទពិសោធន៍ក្នុងវិស័យសារព័ត៌មានជាង៣០ឆ្នាំរូបនេះ ធ្លាប់ជាភ្នាក់ងារសារព័ត៌មានបរទេសល្បីៗជាច្រើនដូចជា UPI, AP និង VOA ជាដើម។ ក្រៅពីនោះអ្នកកាសែតជើងចាស់ ដែលមានរហ័សនាមជា «អាត់ជួង» នៅកម្ពុជាក្នុងវិស័យសារព័ត៌មានរូបនេះ គឺជាអ្នកចូលរួមក្នុងការបង្កើតស្ថាប័នព័ត៌មាន និងដឹកនាំ ស្ថាប័នសារព័ត៌មាន ជាច្រើននៅកម្ពុជា។ លោក ម៉ារ យ៉ារិទ្ធ គឺជានិស្សិតខ្មែរដែលបានសិក្សាវិស័យវិជ្ជាជីវៈសារព័ត៌មានក្នុង សកលវិទ្យាល័យមីឈីហ្គែន University of Michigan និងសកលវិទ្យាល័យមែរីលែន University of Maryland ក្នុង សហរដ្ឋអាមេរិក។

មជ្ឈមណ្ឌលបណ្តុះបណ្តាល Fresh News (Fresh Fresh News Training Center) ហៅកាត់ថា «FTC» ជាផ្នែកមួយរបស់អង្គភាពព័ត៌មាន Fresh News ។ FTC ត្រូវបានបង្កើតឡើងនៅខែកញ្ញា ឆ្នាំ២០២១ ក្រោមគំនិតផ្ដួចផ្ដើមរបស់ លោក លឹម ជាវុត្ថា ដែលស្ថាបនិក និងជាអគ្គនាយកនៃអង្គភាពព័ត៌មាន Fresh News ដើម្បីចូលរួមចែករំលែកចំណេះដឹង និងបទពិសោធន៍ផ្នែកព័ត៌មាន ក៏ដូចជាចូលរួមបណ្តុះបណ្តាលយុវជនជំនាន់ក្រោយក្នុងវិស័យព័ត៌មានជាដើម៕

សម្រាប់ព័ត៌មានបន្ថែមពាក់ព័ន្ធនឹងការសិក្សា សូមទំនាក់ទំនង៖
១៖ លោក ពេជ្រ ប៊ុនសាយ អគ្គនាយករងអង្គភាពព័ត៌មាន Fresh News និងជាអនុប្រធានប្រចាំការ FTC ទូរស័ព្ទ និង Telegram លេខ៖ 089 960 090
២៖ កញ្ញា ថាន រស្មី ប្រធានផ្នែកទំនាក់ទំនងសាធារណៈតាមរយៈលេខទូរស័ព្ទ ឬ Telegram ៖ 092 322 334