(ស្ទឹងត្រែង)៖ លោក ស្វាយ សំអ៊ាង អញ្ជើញដឹកនាំកិច្ចប្រជុំពិភាក្សាស្តីពីការត្រៀមការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ (បាក់ឌុប) ឆ្នាំសិក្សា ២០២០-២០២១ ដែលការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

ពិធីនេះក៏បានការអញ្ជើញចូលរួមពីសំណាក់នាយករងរដ្ឋបាលសាលាខេត្ត កងកម្លាំងប្រដាប់អាវុធទំាង២ប្រភេទ អភិបាលក្រុងស្ទឹងត្រែង ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្ត លោកស្រីអនុប្រធានមន្ទីរសុខាភិបាលខេត្ត ព្រមទាំងមន្រ្តីពាក់ព័ន្ធមួយចំនួនទៀត នារសៀលថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១ ម្សិលមិញ។

លោក ហ៊ាង ពូលី ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តបានលើកឡើងថា ខេត្តស្ទឹងត្រែង មានមណ្ឌលប្រឡងចំនួន០២មណ្ឌល ក្នុងនោះមាន មណ្ឌលគរុកោសល្យភូមិភាគស្ទឹងត្រែង និងមណ្ឌលវិទ្យាល័យព្រះរាជបូជនីយកិច្ច មាន៣៣បន្ទប់ បេក្ខជនសរុបចំនួន៧៧៩នាក់ ស្រីចំនួន ៤១៥នាក់ ក្នុងនោះបែងចែកចេញជា២ គឺទី១៖ ថ្នាក់វិទ្យាសាស្ត្រសង្គមមាន ២៦បន្ទប់ បេក្ខជន ៦២៨នាក់ និងទី២៖ ថ្នាក់វិទ្យាសាស្ត្រមាន ០៧បន្ទប់ បេក្ខជន១៥១នាក់ ស្រី ៨៣នាក់។ ការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិត្រូវធ្វើឡើងនៅថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ។

លោក ស្វាយ សំអ៊ាង បានគូសបញ្ជាក់ថា៖ «ការរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំនេះនឹងធ្វើឱ្យបានល្អប្រសើ សូមមន្ទីរ អង្គភាពពាក់ព័ន្ធទាំងអស់ សហការគ្នាធ្វើយ៉ាងណាឱ្យការប្រឡង ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១ ខាងមុខនេះ ប្រព្រឹត្តទៅដោយបរិយាកាសល្អប្រសើរ ទទួលបានលទ្ធផលជោគជ័យ»

លោកបានបន្តថា «ចំពោះបញ្ហាស្នាក់នៅ របស់បេក្ខជនក្រីក្រ ដែលមិនមានលទ្ធភាពជួលផ្ទះសម្រាប់ស្នាក់នៅសូមឱ្យអាជ្ញាធរក្រុង រៀបចំក្រុមការងារជួយសម្របសម្រួលកន្លែងស្នាក់នៅជូនពួកគាត់ និងសូមអំពាវនាវឱ្យនៅតាមសណ្ឋាគារ ផ្ទះសំណាក់ អាហារដ្ឋាន កុំឱ្យដំឡើងថ្លៃនៅថ្ងៃប្រឡង ដើម្បីសម្រួលដល់ជីវភាពបេក្ខជនមួយកម្រិតផងដែរ»

បន្ថែមពីនេះ លោកអភិបាលខេត្ត ក៏ផ្តាំផ្ញើដល់មន្ទីរ អង្គភាពពាក់ព័ន្ធអនុវត្តឱ្យបាននូវស្មារតីអង្គប្រជុំ គឺត្រូវអនុវត្តសកម្មភាពផ្ទាល់ ដើម្បីឱ្យការប្រឡងសញ្ញាបត្រទុតិយភូមិ សម័យប្រឡងថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០២១នេះ ប្រព្រឹត្តទៅដោយរលូនទទួលបាននូវលទ្ធផលខ្ពស់និងស្របតាមវិធានសុខាភិបាល ពិសេសវិធានការ «៣កាពារ និង៣កុំ» ដើម្បីទប់ស្កាត់ការឆ្លងរើករីករាលដាលនៃជំងឺកូវីដ១៩ ក្នុងសហគមន៍៕