(ភ្នំពេញ)៖ ពលរដ្ឋខ្មែរមានសញ្ជាតិអាមេរិក លោក កែវ វណ្ណា បានបង្ហាញនូវការគាំទ្រពេញទំហឹង ចំពោះការប្រកាសរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា និងជានាយករដ្ឋមន្ត្រីកម្ពុជា ក្នុងការដាក់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនមកពីគណបក្សប្រជាជនកម្ពុជា។ ពលរដ្ឋខ្មែរសញ្ជាតិអាមេរិករូបនេះ បានមើលឃើញថា លោក ហ៊ុន ម៉ាណែត ជាមនុស្សមានការតាំងចិត្ត និងឆន្ទៈខ្ពស់លើការដឹកនាំ និងការបម្រើជាតិ។

សម្តេចតេជោ ហ៊ុន សែន កាលពីថ្ងៃទី០២ ខែធ្នូ ឆ្នាំ២០២១ បានប្រកាសជាសាធារណៈដោយគាំទ្រលោក ហ៊ុន ម៉ាណែត កូនប្រុសច្បងរបស់សម្តេចជាបេក្ខភាពនាយករដ្ឋមន្ត្រីកម្ពុជាបន្តវេន របស់គណបក្សប្រជាជនកម្ពុជា។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ជាថ្មីម្តងទៀតនៅថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២១ថា បេក្ខភាពនាយករដ្ឋមន្ត្រីនេះ នឹងត្រូវសម្រេចជាផ្លូវការក្នុងសន្និបាតគណៈកម្មាធិការកណ្តាលរបស់គណបក្សប្រជាជនកម្ពុជានាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២១ខាងមុខនេះដែរ។

ការប្រកាសដាក់បេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីនេះ គឺជាការបង្ហាញនូវការរៀបចំដ៏ច្បាស់លាស់មួយរបស់គណបក្សប្រជាជនកម្ពុជា សម្រាប់អ្នកបន្តវេនរបស់ខ្លួន។ លោក ហ៊ុន ម៉ាណែត គឺជាយុវជនជំនាន់ក្រោយមួយរបស់គណបក្សប្រជាជនកម្ពុជា ក៏ដូចជាជាតិកម្ពុជាទាំងមូល ដែលទទួលបានការសិក្សាជ្រៅជ្រះ ដោយបញ្ចប់ការសិក្សានៅសាលាបណ្ឌិត្យយោធាអាមេរិក West Point, ទទួលបានសញ្ញាបត្រថ្នាក់អនុបណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ New York សហរដ្ឋអាមេរិក និងទទួលបានសញ្ញាបត្រថ្នាក់បណ្ឌិតសេដ្ឋកិច្ច នៅសាកលវិទ្យាល័យ Bristol នៃចក្រភពអង់គ្លេស។

មិនត្រឹមតែជាបញ្ញវន្តបញ្ចប់ការសិក្សានៅសាលាល្បីកម្រិតអន្តរជាតិប៉ុណ្ណោះទេ លោក ហ៊ុន ម៉ាណែត ជាបញ្ញវន្តដែលបានប្រឡូកជាមួយការងារជាក់ស្តែងយូរឆ្នាំទាំងក្របខណ្ឌបក្ស ក្របខណ្ឌយោធា និងក្របខណ្ឌមនុស្សធម៌។ ជាពិសេសលោក ហ៊ុន ម៉ាណែត ជាបញ្ញវន្តទទួលបានការបណ្តុះបណ្តាល និងទទួលបទពិសោធន៍ពីសាស្ត្រាចារ្យដ៏ខ្លាំងពូកែម្នាក់ទៀត គឺសម្តេចតេជោ ហ៊ុន សែន ដែលជាឪពុករបស់ខ្លួននោះ។

តាមរយៈបទពិសោធន៍ការងារ និងការដុសខាតលុតដំដោយផ្ទាល់ពីឪពុករបស់ខ្លួនផងនោះ លោក ហ៊ុន ម៉ាណែត ត្រូវបានគេមើលឃើញថា គឺជាអ្នកបន្តវេនដ៏ស័ក្តិសម និងខ្លាំងពូកែមួយរូបនៅកម្ពុជា ដែលអាចធានារក្សាបាននូវសុខសន្តិភាព ស្ថេរភាព ហើយនាំមកនូវវឌ្ឍនភាព និងកិត្យានុភាពជាបន្តសម្រាប់កម្ពុជា។

ចំណុចទាំងអស់នេះហើយ ដែលនាំឱ្យការប្រកាសដាក់លោក ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា ទទួលបានការគាំទ្រយ៉ាងខ្លាំងក្លា ពីថ្នាក់ដឹកនាំ សមាជិក សមាជិការបស់គណបក្សប្រជាជនកម្ពុជា។ មិនត្រឹមតែថ្នាក់ដឹកនាំ សមាជិក សមាជិកាបក្សប៉ុណ្ណោះទេ ប្រជាពលរដ្ឋខ្មែរ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សុទ្ធតែបានបង្ហាញការគាំទ្រចំពោះវត្តមានរបស់លោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេន។

ក្រៅតែពីប្រជាពលរដ្ឋនៅក្នុងប្រទេសហើយនោះ ប្រជាពលរដ្ឋខ្មែរកំពុងរស់នៅសហរដ្ឋអាមេរិក ក៏បានបង្ហាញនូវការពេញចិត្តរបស់ខ្លួនចំពោះបេក្ខភាពលោក ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីបន្តវេនផងដែរ។

លោក កែវ វណ្ណា ពលរដ្ឋខ្មែរមានសញ្ជាតិអាមេរិក រស់នៅក្នុងរដ្ឋខេនតាគី ដែលបានរស់នៅសហរដ្ឋអាមេរិករយៈពេល ១៧ឆ្នាំមកហើយនោះ បានមើលឃើញលោក ហ៊ុន ម៉ាណែត ជាអ្នកបន្តវេនមានសមត្ថភាព ដោយលោកបានទទួលការសិក្សាខ្ពស់នៅសាលាល្បីៗកម្រិតអន្តរជាតិ។ បន្ថែមពីលើនោះ លោកបានសង្កេតឃើញពីឆន្ទៈមុះមុតរបស់លោក ហ៊ុន ម៉ាណែត តាមរយៈការបំពេញការងារផ្សេងៗ។ ជាពិសេសក្នុងពេលចូលរួមក្នុងយុទ្ធនាការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ក្នុងបទសម្ភាសន៍ខ្លីមួយជាមួយ Fresh News លោក កែវ វណ្ណា បានបង្ហាញការមើលឃើញរបស់ខ្លួនថា «ខ្ញុំឃើញការងារគាត់ល្អ គាត់ជម្នះ ព្យាយាមធ្វើឱ្យបានសម្រេច។ ដូចជារឿងបញ្ហាកូវីដ១៩អ៊ីចឹង ខ្ញុំឃើញគាត់ធ្វើការដូចជាលើសពីកម្លាំងរបស់គាត់ ឃើញគាត់ចុះទៅធ្វើផ្ទាល់ មានឆន្ទៈមុះមុតមិនចង់ឃើញជំងឺហ្នឹងបន្តទៀត»។

ពលរដ្ឋខ្មែរមានសញ្ជាតិអាមេរិករូបនេះ បានបង្ហាញការជឿជាក់ថា លោក ហ៊ុន ម៉ាណែត នឹងដឹកនាំកសាងអភិវឌ្ឍសង្គមកម្ពុជាកាន់តែប្រសើរ។ លោក វណ្ណា បានបង្ហាញការជឿជាក់របស់ខ្លួនយ៉ាងដូច្នេះ «ខ្ញុំជឿជាក់លើការដឹកនាំរបស់គាត់។ ខ្ញុំជឿជាក់ ១០០ភាគរយ ខ្ញុំឃើញការដឹកនាំរបស់គាត់ អ្វីដែលគាត់ធ្វើ គឺគិតត្រូវ ធ្វើត្រូវ។ ខ្ញុំជឿជាក់លើគាត់ ខ្ញុំគាទ្រគាត់»។

សូមបញ្ជាក់ថា លោក ហ៊ុន ម៉ាណែត មានវ័យ ៤៤ឆ្នាំ បច្ចុប្បន្នលោកមានតួនាទីជាអគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងគោករបស់កម្ពុជា។ សម្រាប់កិច្ចការងារនយោបាយវិញ លោក ហ៊ុន ម៉ាណែត ជាសមាជិកគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ដែលមានវ័យក្មេងជាងគេ ហើយលោកក៏ជាប្រធានយុវជនថ្នាក់កណ្តាលគណបក្សប្រជាជនកម្ពុជាផងដែរ៕