(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា បានផ្ញើសារចូលរួមរំលែកទុក្ខ ជូនដល់ នាយករដ្ឋមន្រ្តីជប៉ុន និងប្រជាជន ជប៉ុន ចំពោះគ្រោះរញ្ជួយដីយ៉ាងខ្លាំងជាប់ៗគ្នា ចាប់ពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០១៦ នៅខេត្តគុម៉ាម៉ូតូ ភាគនីរតីនៃប្រទេសជប៉ុន។
តាមរយៈលិខិតផ្ញើទៅកាន់ លោក ស៊ិនហ្សូ អាបេ នាយករដ្ឋមន្រ្តីជប៉ុន កាលពីម្សិលមិញ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា «តាងនាមរាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ខ្ញុំសូមសម្តែងនូវសមានចិត្តយ៉ាងជ្រាលជ្រៅ និងសូមចូលរួមរំលែកទុក្ខយ៉ាងក្រៀមក្រំ ជូនចំពោះឯកឧត្តម និងប្រជាជនជប៉ុន ជាពិសេសជនរងគ្រោះ និងសមាជិកក្រុមគ្រួសារអ្នកស្លាប់ ចំពោះការបាត់បង់ដ៏សោកសង្រេង និងសេចក្តីឈឺចាប់ដ៏ធំធេង ដែលបង្កឡើងដោយគ្រោះមហន្តរាយធម្មជាតិនេះ»៕