(ព្រៃវែង)៖ ជាត្រកូលធ្លាប់តែខ្សត់ខ្សោយ និងលំបាក គ្រួសារឧកញ៉ាត្រកូល «ឡេង» តែងតែធ្វើសទ្ធាមិនដាច់ជួយដល់ជនដែលខ្វះខាត។ នៅថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០២១នេះ គ្រួសារឧកញ៉ាត្រកូល «ឡេង» បានចំណាយថវិការបស់ខ្លួនប្រមាណ ២០លានរៀល ជូនទៅដល់ប្រជាពលរដ្ឋ ៤រយនាក់ នៅក្នុងភូមិកំណើតរបស់ខ្លួន ក្នុងភូមិត្រពាំងសាលា ឃុំឈើកាច់ ស្រុកបាភ្នំ ខេត្តព្រៃវែង។

ឧកញ៉ា ឡេង ប្រុស អគ្គនាយកក្រុមហ៊ុន «ណាវ៉ាត់ត្រា ខ្នាតយក្ស» តំណាងឱ្យក្រុមគ្រួសារឧកញ៉ាត្រកូល «ឡេង» បានប្រាប់ Fresh News ថា ការបរិច្ចាគថវិកាជូនដល់ប្រជាពលរដ្ឋក្នុងភូមិនេះ ដើម្បីជាចំណែកសម្រាប់ដោះស្រាយការខ្វះខាត និងជាចំណងដៃបងប្អូនរបស់លោកជូនប្រជាពលរដ្ឋសម្រាប់បុណ្យចូលឆ្នាំសកលដែលឈានចូលមកដល់ខាងមុខនេះ។

ការជូនថវិកាដល់ប្រជាពលរដ្ឋក្នុងភូមិនៅថ្ងៃនេះ មិនមែនជាលើកទី១នោះឡើយ សម្រាប់គ្រួសារឧកញ៉ាត្រកូល «ឡេង»។ គ្រួសារឧកញ៉ាត្រកូល «ឡេង» តែងតែបានជួយដល់ប្រជាពលរដ្ឋដែលខ្វះខាតក្នុងភូមិ និងជួយកសាងសមិទ្ធផលនានា ដើម្បីជាប្រយោជន៍សម្រាប់ប្រជាពលរដ្ឋក្នុងភូមិផងដែរ។

ឧកញ៉ា ឡេង ប្រុស បានគូសបញ្ជាក់ថា គ្រួសាររបស់លោកមានអនុស្សាវរីយ៍ជូរចត់ច្រើនណាស់នៅក្នុងភូមិកាលពីអតីតកាល ជាពិសេសពេលគ្រួសារមានការខ្វះខាត។ ការធ្វើទានជាមួយប្រជាពលរដ្ឋ ក៏ដូចជាការរួមចំណែកកសាងសមិទ្ធផលនានានៅស្រុកកំណើត គឺធ្វើឱ្យគ្រួសារលោកមានភាពរីករាយ ហើយរំពឹងថា កុសលផលបុណ្យគ្រួសារលោកបានធ្វើ នឹងបានដល់វិញ្ញាណក្ខន្ធអ្នកម្តាយដែលបានចែកឋានទៅ។

ប្រជាពលរដ្ឋដែលបានចូលរួមទទួលថវិកាដែលជាសទ្ធាដ៏ជ្រះថ្លារបស់គ្រួសារឧកញ៉ាត្រកូល «ឡេង» បានថ្លែងអំណរគុណដល់គ្រួសារឧកញ៉ាត្រកូល «ឡេង» និងបានបង្ហាញការកោតសរសើរស្ញប់ស្ញែងចំពោះគ្រួសារឧកញ៉ាត្រកូល «ឡេង» បើទោះបីមានជីវភាពរុងរឿងយ៉ាងណាក្តី ប៉ុន្តែនៅតែផ្សារភ្ជាប់ជីវិតជាមួយប្រជាពលរដ្ឋនៅស្រុកកំណើត។

ប្រជាពលរដ្ឋ បានចាត់ទុកគ្រួសារឧកញ៉ាត្រកូល «ឡេង» គឺជាត្រកូលដ៏ឧត្តម និងជាគំរូមួយនៅក្នុងសង្គមខ្មែរ។

សូមបញ្ជាក់ថា គ្រួសារឧកញ៉ាត្រកូល «ឡេង» ត្រូវបានមហាជនទូទៅឱ្យរហស្សនាមថា «ឧកញ៉ាចិត្តធម៌ ឬឧកញ៉ាបេះដូងមនុស្សធម៌»។ ក្នុងត្រកូលគ្រួសារកសិករ បងប្អូនត្រកូល «ឡេង» ដែលមានស្រុកកំណើតក្នុងខេត្តព្រៃវែង មិនមានឱកាសបានសិក្សាច្រើននោះឡើយ ហើយបានរសាត់អណ្តែតដល់ប្រទេសកូរ៉េខាងត្បូង ដើម្បីបំពេញការងារជាពលករនៅប្រទេសនោះ ស្វះស្វែងរកថវិកាទ្រទ្រង់ជីវភាពខ្លួន និងគ្រួសារ។

ក្រោយពេលប្រឡូកជីវិតជាពលករច្រើនឆ្នាំនៅប្រទេសកូរ៉េខាងត្បូង បងប្អូនត្រកូល «ឡេង» បានវិលត្រឡប់មកកាន់ប្រទេសកម្ពុជាវិញ ហើយបានចាប់ផ្តើមក្នុងពិភពជំនួញលើវិស័យអចលនទ្រព្យ។ ជំនួញលើវិស័យអចលនទ្រព្យនាំឱ្យទទួលបានជោគជ័យជាខ្លាំង។

ជាមួយនឹងការមានឱកាសកសាងជីវភាពល្អប្រសើរ បងប្អូនត្រកូល «ឡេង» តែងបានធ្វើសកម្មភាពមនុស្សធម៌ជួយដល់ជនជួបការលំបាក ឬទីទ័លក្រ ហើយតែងតែចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការដោះស្រាយការលំបាកនានាៗរបស់ជាតិ។ កាយវិការមនុស្សធម៌របស់បងប្អូនត្រកូល «ឡេង» ធ្វើឱ្យមានការកោតសរសើរ និងស្ញប់ស្ញែងជាខ្លាំងពីមជ្ឈដ្ឋានទូទៅនៅកម្ពុជា៕