Apple ចាញ់ក្ដីរឿងរំលោភកម្មសិទ្ធិបញ្ញា និងប៉ាតង់ កម្មវិធី Siri ព្រមទាំងត្រូវផ្ដល់ប្រាក់សំណង ២៥លានដុល្លារដល់ម្ចាស់ដើម
20-04-2016 12:11
(អាមេរិក)៖ តុលាការអាមេរិក នៅថ្ងៃនេះ បានចេញដីកាសម្រេចឲ្យក្រុមហ៊ុន Apple ផ្ដល់ប្រាក់ចំណង ២៤,៩លានដុល្លារអាមេរិក ដល់ក្រុមហ៊ុន Dynamic Advances ពាក់ព័ន្ធរឿងបណ្ដឹងរំលោភ និងល្មើសកម្មសិទ្ធិបញ្ញាកម្មវិធី Siri។
យោងតាមសេចក្ដីសម្រេចរបស់តុលាការ បានឲ្យដឹងថា ក្រុមហ៊ុន Apple ត្រូវបង់ប្រាក់សំណងជំងឺចិត្ត ២៤,៩លានដុល្លារអាមេរិក ឲ្យក្រុមហ៊ុន Dynamic Advances ដែលជាម្ចាស់កម្មសិទ្ធិបញ្ញា ហើយក្រោយពីទទួលបានលុយទាំងនោះហើយ ក្រុមហ៊ុន Dynamic Advances នឹងត្រូវចែកពាក់កណ្ដាលទៅឲ្យវិទ្យាស្ថាន Rensselaer Polytechnic Institute ដែលជាម្ចាស់ប៉ាតង់។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុន Apple បានប្រកាសបង្ហាញកម្មវិធី Siri កាលពីខែតុលា ឆ្នាំ២០១១ ជាមួយនឹង iPhone 4S ហើយក្រោយពីប្រកាសបង្ហាញមិនបានប៉ុន្មានថ្ងៃផង ក៏ត្រូវបានក្រុមហ៊ុន Dynamic Advances ប្ដឹង រឿងរំលោភ ប៉ាតង់ និងកម្មសិទ្ធិបញ្ញា ហើយមកទល់ពេលនេះ ទើបតុលាការសម្រេចក្ដីឲ្យ Apple ចាញ់៕