(ភ្នំពេញ)៖ អ្នកជំនាញអារ្យធម៌ខ្មែរ លោក រ័ត្ន សណ្ដាប់ បានថ្លែងថា ចំពោះទង្វើរបស់សហរដ្ឋ អាមេរិកដែលដាក់ទណ្ឌកម្មមកលើកម្ពុជា កាលពីថ្ងៃទី៨ ខែធ្នូ ឆ្នំា២០២១នេះ ស្ដីពីការហាមលក់ អាវុធ និង សម្ភារៈយោធាដល់កម្ពុជា ដែលស្ថិតក្រោមលេសការកើនឡើងនៃកងទ័ពចិននៅកម្ពុជា បញ្ហាសិទ្ធិមនុស្ស ឬបញ្ហាអំពើពុករលួយនោះ ជារឿងដ៏គួរឲ្យអស់សំណើច។

លោក រ័ត្ន សណ្តាប់ បានចាត់ទុកទង្វើទណ្ឌកម្មទំាងនេះ គឺជាគំនិតបិសាចសង្រ្គាមត្រជាក់ថ្មី ដើម្បីបម្រើឲ្យភូមិសាស្រ្ដនយោបាយរបស់ខ្លួន ម្តងហើយម្ដងទៀតតែប៉ុណ្ណោះ ពីព្រោះទណ្ឌកម្មទំាងនេះ មិនខុសពីទង្វើដែលអាមេរិកធ្លាប់ធ្វើ និងប្រើជាលេសអនុវត្ដដូចកាលពីទសវត្សឆ្នាំ៎១៩៧០ ដោយចោទមកលើសម្ដេចព្រះបរមរតនកោដ្ឋថា បានលាក់បំពូនឲ្យកងទ័ពយៀកកុង ឈរជើងនៅលើទឹកដីកម្ពុជា បញ្ហាសិទ្ធិមនុស្ស ឬបញ្ហាអំពើពុករលួយនោះទេ។

លោក រ័ត្ន សណ្ដាប់ បន្ដថា ស្ថិតក្នងព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដដ៏សោកសៅនាពេលនោះ សហរដ្ឋអាមេរិក បានឈានដល់ការទម្លាក់គ្រាប់បែករាប់លានតោន មកលើមាតុភូមិកម្ពុជាដ៏អភ័ព្ទរបស់យើង ដោយបានបណ្ដាលឲ្យបងប្អូនជនរួមឈាមខ្មែរស្លាប់ទំាងក្មេងទំាងចាស់ និងបន្សល់ទុកនូវជនពិការកុមារកំព្រារាប់សែននាក់ទទួលរងទុក្ខសោក ពុំអាចគណនាបាន រហូតរុញច្រានប្រទេសកម្ពុជាធ្លាក់ចូលក្នុងរបបវាលពិឃាដប្រល័យពូជសាសន៍ ពីឆ្នំា១៩៧៥ដល់១៩៧៩ គឺជាព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដកម្ពុជា ដែលពិភពលោកបានដឹងឮ នឹងខ្លាចរអាជាទីបំផុត។

ជាក់ស្ដែងដូចជាលោក ប៊េនី សេនឌ័រ (Bernie Sanders) ក្នុងការដណ្ដើមយកតំណែងជាបេក្ខជនប្រធានាធិបតីគណបក្សប្រជាធិបតេយ្យ បានថ្លែងយ៉ាងច្បាស់ៗថា លោកមានកិត្ដិយសណាស់ ដោយលោកមិនមែនជាមិត្ដរបស់លោកហង់រី គីសស៉ីនគ័រ (Henry Kissinger) ពីព្រោះដោយសារតែអតីតរដ្ឋមន្រ្ដីការបរទេសនេះហើយ ដែលធ្វើឲ្យកម្ពុជាឈានដល់របបប្រល័យពូជសាសន៍ខ្មែរក្រហមនាពេលនោះ។

មូលហេតុចម្បងដែលអាមេរិកទម្លាក់គ្រាប់បែកមកលើកម្ពុជាពីទសវត្សឆ្នំា១៩៦០-៧០នោះគឺ៖

១៖ ចង់ធ្វើឲ្យពិភពលោកចុះខ្សោយ ដោយទប់ស្កាត់ការរីករាលដាលនៃលទ្ធិកុម្មុយនីស្ដរុស្ស៉ី ក្នុងតំបន់អាស៉ីទៅក្នុងពិភពលោក
២៖ ដើម្បីលុយ! ពិតណាស់ព្រោះសាជីវកម្មធំៗជាច្រើននៅសហរដ្ឋអាមេរិកប្រមូលលុយបានយ៉ាងច្រើនសន្ធឹកសន្ធាប់បំផុត គឺបានមកពីការលក់អាវុធ ប៉ុន្តែសម្រាប់រូបភាពផ្លូវការវិញ គឺតម្រូវឲ្យមានការផ្សព្វផ្សាយជាព័ត៌មាន បែបបណ្ដេញកងទ័ពយៀកកុងចេញពីកម្ពុជា ឬនាំយកលទ្ធិប្រជាធិបតេយ្យពិភពលោកមកឲ្យកម្ពុជាជាដើម។

អ្នកជំនាញអារ្យធម៌ខ្មែរសង្កត់ធ្ងន់ៗថា៖ «ចំពោះព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដនេះ គឺជាប្រវត្ដិសាស្រ្ដដែលដិតដាមដោយឈាមនឹងទឹកភ្នែករបស់ប្រជាជនកម្ពុជា ដែលប្រឌិតទ្បើងដោយសហរដ្ឋអាមេរិក»

លោក រ័ត្ន សណ្ដាប់ បញ្ជាក់ថា បើឈរលើព្រឹត្ដិការណ៍ប្រវត្ដិសាស្រ្ដនេះ ចំពោះទង្វើរបស់សហរដ្ឋអាមេរិក ដែលដាក់ទណ្ឌកម្មហាមលក់អាវុធដល់កម្ពុជាក្រោមលេសចោទថាកម្ពុជាបានដាក់ទីតំាងកងទ័ពចិននៅមូលដ្ឋានសមុទ្ររាម ខេត្ដព្រះសីហនុ គឺក្នុងពេលដែលពិភពលោកបច្ចុប្បន្ន កំពុងរស់ក្នុងសម័យបច្ចេកវិជ្ជាទំនើបអស្ចារ្យ.... សូម្បីតែ អូសាមា ប៊ិនទ្បាដិន (Osama bin Laden) តែម្នាក់ប៉ុណ្ណោះដែលបានរត់ពួន ក្នុងរូងភ្នំក្រោមដីយ៉ាងជ្រៅនៅអាហ្គានីស្ថាន ក៏អាមេរិកនៅតែមើលឃើញដែរ។ ដូចនេះ ប្រសិនបើមានវត្តមានកងទ័ពចិននៅកម្ពុជាមែននោះ ហេតុអ្វីបានជាអាមេរិកមិនបង្ហាញភស្ដុតាងវត្ដមានកងទ័ពចិនតាមការចោទរបស់ខ្លួន ឲ្យទៅពិពិភពលោកបានឃើញផងដែរទៅ?

ដូច្នេះចំពោះការចោទប្រកាន់របស់សហរដ្ឋអាមេរិកមកលើកម្ពុជា ម្ដងហើយម្ដងទៀតដែលថាមានមូលដ្ឋានកងទ័ពចិន បានឈជើងនៅកំពង់ផែសមុទ្ររាម ខេត្ដព្រះសីហនុនេះ គឺមិនហៅថាជាលេស ឬជាការបំភាន់របស់សហរដ្ឋអាមេរិកដើម្បីបង្កសង្រ្គាម ក្នុងបំណងទប់ទល់ឥទ្ធិពលចិនដោយយកកម្ពុជា ជាលេស ឬជាចំណាប់ខ្មាំងបង្កឲ្យបែកបាក់កំលាំងសាមគ្គីផ្ទៃក្នុងរបស់អាស៊ាន ដោយមធ្យោបាយតែមួយគត់គឺយកកម្ពុជាជាលេស ហើយធ្វើឲ្យប្រជាជាតិខ្មែរធ្លាក់ក្នុងរណ្តៅឈាម និងទឹកភ្នែកសារជាថ្មីម្ដងទៀតទេឬអ្វី? ព្រោះច្បាស់ណាស់ នរណាក៏ដឹងដែរថាកម្ពុជាគ្មានមូលដ្ឋានកងទ័ពចិននោះទេ! ម្យ៉ាងទៀតនរណាក៏ដឹងដែរថា អាមេរិកមិនមែនជាប្រទេសផ្គត់ផ្គង់សម្ភារ:យោធា និងសព្វាវុធដល់កម្ពុជានោះដែរ។

លោក រ័ត្ន សណ្ដាប់ បានដាក់សំណួរថា «បើហេតុនេះ ចំពោះទង្វើរបស់អាមេរិកដែលដាក់ទណ្ឌកម្មហាមលក់អាវុធដល់កម្ពុជា តើមិនហៅថាជាគំនិតបិសាចសង្រ្គាមត្រជាក់ថ្មីម្ដងទៀតទេឬអ្វី?»