(ភ្នំពេញ)៖ លោកបណ្ឌិត សេង សារី អ្នកវិភាគនយោបាយ និងសង្គម បានលើកឡើងថា ការដែលមិនឲ្យកម្ពុជាដោះស្រាយវិបត្តិនៅប្រទេសមីយ៉ាន់ម៉ា (ភូមា) ហើយសង្ឃឹមថាវិបត្តិប្រទេសនេះនឹងត្រូវបានបញ្ចប់ដោយខ្លួនឯងនោះ គឺជាគំនិតដ៏ឆ្កួតលីលាបំផុត។

ការលើកឡើងរបស់បណ្ឌិត សេង សារី បានធ្វើឡើងបន្ទាប់ពីកម្ពុជាបង្ហាញឆន្ទៈចង់ដោះស្រាយបញ្ហាមីយ៉ាន់ម៉ា ហើយចង់អញ្ជើញមេដឹកនាំមីយ៉ាន់ម៉ា ចូលរួមប្រជុំអាស៊ាន និងចង់បង្រួបបង្រួមអាស៊ាន ឲ្យមកជា១០ប្រទេសឡើងវិញ ពេលកម្ពុជាធ្វើជាប្រធានអាស៊ាន នៅឆ្នាំ២០២២។ ឆន្ទៈរបស់កម្ពុជា ត្រូវបានលោក កាស៉ីត ភិរម្យ អតីតរដ្ឋមន្ត្រីការបរទេសថៃជំទាស់ ខណៈលោក ឌែរ៉ិក ឆឡិត (Derek Chollet) ទីប្រឹក្សាក្រសួងការបរទេសអាមេរិក ជំរុញកម្ពុជាកុំធ្វើសម្បទានអ្វីមួយ ដល់របបយោធាមីយ៉ាន់ម៉ានេះឲ្យសោះ។

ប៉ុន្តែសម្រាប់លោក សេង សារី បានលើកឡើងថា ឆ្នាំ២០២២ ជាពេលវេលាដ៏សមស្របបំផុតសម្រាប់កម្ពុជា យកបទពិសោធន៍ចរចារបញ្ចប់ជម្លោះនយោបាយជាង៣០ឆ្នាំ ទៅប្រើសម្រាប់ដោះស្រាយវិបិត្តនយោបាយនៅភូមា។ នៅក្នុងសិល្បៈនៃការចរចា គ្មានការចរចាណាមួយ ដែលទាត់ចោលភាគីនៃជម្លោះណាមួយចេញ ហើយទទួលបានជោគជ័យនោះទេ សូម្បីតែខ្មែរក្រហមដែលបានសម្លាប់រង្គាលប្រជាជនជាង២លាននាក់ ក៏ត្រូវបានគេរាប់បញ្ចូលជាភាគីមួយសម្រាប់ការចរចាដែរ។

តាមរយៈ Facebook ផ្លូវការ, លោក សេង សារី បានបន្តថា «ការមិនឱ្យភាគីកម្ពុជាក្នុងនាមជាប្រធានអាស៊ានឆ្នាំ២០២២ ទៅជួបចរចាជាមួយភាគីរដ្ឋាភិបាលយោធាភូមា ហើយសង្ឃឹមថា វិបិត្តនយោបាយនៅភូមានឹងត្រូវបានបញ្ចប់ គឺជាគំនិតដ៏ឆ្អួតលីលាបំផុត»

លោកបណ្ឌិតក៏បានដាក់សំណួរថា តើយុទ្ធសាស្រ្តទ្វារក្រោយរបស់ សម្តេច ហ៊ុន សែន ដែលធ្លាប់ប្រើជោគជ័យជាមួយខ្មែរក្រហម នឹងអាចប្រើជោគជ័យម្តងទៀត សម្រាប់វិបិត្តនៅភូមាដែរឬទេ? អាស៊ាន ឆ្នាំ២០២២ នឹងក្លាយជាអាស៊ានដែលគួរឱ្យចាប់អារម្មណ៍បំផុត! តើអាស៊ាននឹងបែក ឬនឹងអាចរួមគ្នាជាអាស៊ានជើង១០ វិញ?

សូមជម្រាបថា មីយ៉ាន់ម៉ា ដែលជាសមាជិកវ័យក្មេងរបស់អាស៊ាន បានអវត្តមាននៅក្នុងកិច្ចប្រជុំកំពូលអាស៊ាន នៅក្នុងឆ្នាំ២០២១នេះ ក្រោយប្រឈមនឹងវិបត្តិនយោបាយផ្ទៃក្នុង និងភាពច្របូកច្របល់អូសអន្លាយរយៈពេលជិត ១ឆ្នាំមកហើយ ចាប់តាំងពីព្រឹត្តិការណ៍រដ្ឋប្រហារយោធា ដែលដឹកនាំដោយលោក មីង អោងឡាំង ទម្លាក់គណបក្សរបស់ លោកស្រី អ៊ុង សានស៊ូជី បន្ទាប់ពីបោះឆ្នោត។ អវត្តមានមីយ៉ាន់ម៉ា បានធ្វើឲ្យអាស៊ានបាត់បង់កុងសង់ស៉ីស នៅក្នុងការសម្រេចក្នុងកិច្ចប្រជុំកន្លងមក។

មុនពេលកិច្ចប្រជុំកំពូលអាស៊ានចិន ក៏រដ្ឋាភិបាលចិន មានឆន្ទៈអញ្ជើញ លោក មីង អោងឡាំង អាចចូលរួមនៅក្នុងកិច្ចប្រជុំនេះបាន ក៏ប៉ុន្តែបំណងនេះត្រូវបានជំទាស់ដោយសមាជិកអាស៊ានមួយចំនួន។ សមាជិកអាស៊ាន ដែលជំទាស់នឹងបំណងចិននោះ រួមមាន ម៉ាឡេស៉ី, ឥណ្ឌូនេស៉ី, សិង្ហបុរី, និងប្រ៊ុយណេ ដែលជាសកម្មភាពទុកមីយ៉ាន់ម៉ាចោល។

ជាមួយនឹងកាបង្ហាញឆន្ទៈដោះស្រាយបញ្ហាមីយ៉ាន់ម៉ា សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទៅទស្សនកិច្ចនៅមីយ៉ាន់ម៉ា នៅដើមខែមករា ឆ្នាំ២០២២ តបតាមការអញ្ជើញរបស់ប្រធានក្រុមប្រឹក្សារដ្ឋ និងជានាយករដ្ឋមន្ត្រីរបស់មីយ៉ាន់ម៉ា។ សម្តេចតេជោ ហ៊ុន សែន បានអះអាងថា អាស៊ានមិនគួរបែកបាក់ ព្រោះតែប្រទេសដទៃនោះឡើយ ដូច្នេះការពង្រឹងអាស៊ានឡើងវិញ ជាកិច្ចការដ៏ចាំបាច់ នៅពេលកម្ពុជាធ្វើជាម្ចាស់ផ្ទះអាស៊ានឆ្នាំ២០២២៕